ចាងហ្វាង​ផលិតកម្ម​មហាហង្ស ឆ្លើយ​តប​ជុំវិញ​ហើយ រឿង​ផ្ដាច់​កុងត្រា ហម ឈរ៉ា

  • 2018-04-11 02:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាងហ្វាង​ផលិតកម្ម​មហាហង្ស​លោក អ៊ិន សុភិន ព្រឹក​នេះ​បាន​ឆ្លើយ​តប​នឹង​រឿង​ផ្ដាច់​កុងត្រា​ជាមួយ​តារា​សម្ដែង​ជើង​ចាស់ ហម ឈរ៉ា ថា រវាង​ផលិតកម្ម និង​តួ​សម្ដែង គឺ​មិន​មាន​បញ្ហា​អ្វី​នឹង​គ្នា​ឡើយ។

ផលិតកម្ម​មហាហង្ស ទើប​បាន​ចែក​ផ្លូវ​ជាមួយ​តារា​សម្ដែង​មួយ​ចំនួន​របស់​ខ្លួន តាម​រយៈ​ការ​ផ្ដាច់​កុងត្រា​រវាង​គ្នា ក្នុង​នោះ​លោក ហម ឈរ៉ា ភាគី​ទាំង​ពីរ ទើប​ព្រមព្រៀង​លុប​ចោល​កិច្ចសន្យា​ការងារ​ជាមួយ​គ្នា ត្រឹម​ថ្ងៃ​ម្សិលមិញ។ ប៉ុន្តែ​តារា​ផ្សេង​ទៀត ត្រូវ​បាន​លុប​ចោល​កុងត្រា​បន្តបន្ទាប់​រួច​មកហើយ។

បញ្ហា​នេះ ថ្នាក់​ដឹកនាំ​ផលិតកម្ម​មហាហង្ស បាន​បញ្ជាក់​ថា មិន​មាន​ការ​ថ្នាំងថ្នាក់​ណា​មួយ​រវាង​ភាគី​ទាំង​ពីរ​ឡើយ។លោក អ៊ិន សុភិន ឲ្យ​ដឹង​ទៀត​ថា អ្វី​ដែល​ក្រុមហ៊ុន​បាន​ធ្វើ គឺ​ដើម្បី​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​សិល្បៈ ជា​ជាង​ចង​ជើង​ពួក​គេ​ទុក​តាម​រយៈ​កិច្ច​សន្យា​នោះ។ លោក​ថា "អត់​មាន​បញ្ហា​អី​ទេ អត់​មាន​រឿង​អី​ទាំង​អស់ គ្រាន់​តែ​ដំបូង​ឡើយ គឺ​តួ​ខ្លះ​គាត់​បាន​ស្នើ​សុំ អីចឹង​ក៏​មាន​ការ​ប្រជុំ ហើយ​យើង​ក៏​ព្រម​តាម​ហ្នឹង​ទៅ ព្រោះ​ក៏​ចង់​ឲ្យ​ពួក​គាត់​មាន​សិទ្ធិ​សេរីភាព​ដែរ អត់​មាន​បញ្ហា​អី​ទេ"។

តាម​ការ​បញ្ជាក់​របស់​ចាងហ្វាង​ផលិតកម្ម​ដដែល មិន​មែន​មាន​តែ​លោក ហម ឈរ៉ា ម្នាក់​ទេ ដែល​ក្រុមហ៊ុន​ព្រមព្រៀង​លុប​ចោល​កុងត្រា ក្នុង​នោះ​មាន​តារា​សម្ដែង អាំង សូនីតា លោក អ៊ឹង រិទ្ធីយ៉ាន និង អ្នក​នាង សឿន ផាភួង ជា​ដើម​ក៏​ព្រមព្រៀង​បញ្ចប់​កុងត្រា​ជាមួយ​គ្នា​ដែរ។ ដូច​ប្រាប់​ពី​ខាង​លើ លោក​ថា ការ​បញ្ចប់​កុងត្រា​របស់​តួ​សម្ដែង​ទាំង​អស់​របស់​ផលិតកម្ម គឺ​ដើម្បី​ផ្ដល់​ឲ្យ​ពួក​គេ​​មាន​សេរីភាព ក្នុង​ការ​ទទួល​ការងារ​ផ្សេង​ៗ​បន្ថែម ជាជាង​ចង​ជើង​ទុក នាំ​ឲ្យ​ទីផ្សារ​ការងារ​មាន​ទំហំ​តូច។

រូបភាព៖ ហ្វេសប៊ុក ហម ឈរ៉ា

“យើង​បញ្ចប់​កុងត្រា​ពួក​គាត់​មែន ប៉ុន្តែ​ពួក​គាត់​នៅ​តែ​ថត​ឲ្យ​យើង​ដដែល គ្រាន់​មិន​មាន​កុងត្រា គឺ​យើង​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​ពួក​គាត់ ដែល​មិន​ចង់​មាន​កុងត្រា ចង់​មាន​សេរីភាព​ហោះ​ហើរ​ជាង​មុន គឺ​គាត់​សុំ​ថត​ស៊ី​តាម Project មួយ​ៗ​ចឹង​ណា"។ លោក អ៊ិន សុភិន បន្ថែម។

ក្នុង​ចំណោម​តារា​ប្រចាំ​ផលិតកម្ម​មហាហង្ស​ទាំង​អស់ មាន​តែ​លោក អូន ឧស្សាហ៍ ភឹម ដារ៉ាវិបុល ប៉ុណ្ណោះ ដែល​នៅ​សល់​កិច្ច​សន្យា​ការងារ ក្នុង​នោះ ក៏​ព្រោះ​តែ តារា​ប្រុស​ទាំង​ពីរ មិន​ត្រឹម​ជា​តារា​របស់​ផលិតកម្ម​ទេ ប៉ុន្តែ​ពួក​គេ ក៏​ជា​បុគ្គលិក​បម្រើ​ការ​ពេញ​សិទ្ធិ​នៅ​ផលិត​ទៀត​ផង៕

អត្ថបទ៖ ទារិកា