ឃើញ​សង្ហា​បែប​ហ្នឹង​​ មុំ សុធារ៉ា ទទួល​បាន​តម្លៃ​ខ្លួន​​​ថ្លៃ​ប៉ុន្មាន​​?

  • 2018-04-11 07:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មួយ​រយៈ​ចុង​ក្រោយ​នេះ​​កំលោះ​សង្ហា​​ មុំ សុធារ៉ា ​បាន​លេច​មុខ​ក្នុង​ខ្សែភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​ជា​បន្ត​បន្ទាប់​ដល់​ថ្នាក់​ធ្វើ​ឲ្យ​​រូប​គេ​​រវល់​ស្ទើរ​តែ​រក​ពេល​សម្រាក​មិន​ចង់​បាន​។ ចំណែក​ឯ​តម្លៃ​ខ្លួន​វិញ​ក្នុង​១ រឿង​ សុធារ៉ា ទទួល​បាន​មិន​ចាញ់​តារា​សម្ដែង​វ័យ​ក្មេង​រួម​ជំនាន់​​ជាមួយ​គ្នា​ប៉ុន្មាន​ឡើយ។

ជុំវិញ​តម្លៃ​ខ្លួន​ក្នុង​​ការ​ថត​ភាព​យន្ត​ខ្នាត​ធំ និង រឿង​ភាគ​នេះ​ដែរ​ មុំ សុធារ៉ា បាន​ឲ្យ​ដឹង​ថា​​​ ចំពោះ​ខ្សែភាពយន្ត​ភាគ​​​ចន្លោះ​ពី​ ២៥ ទៅ​ ៣០ភាគ​លោក​ទទួល​បាន​​តម្លៃ​ខ្លួន​​ ៣ ៥០០​ដុល្លារ​អាមេរិក​ ទៅ ៤ ០០០​ដុល្លារ។ ប្រសិន​បើ​រឿង​ភាគ​​ចាប់​ពី​​ ៤០ ភាគ​ឡើង​ទៅ​​​លោក​ ទទួល​បាន​​​​ចាប់​ពី​ ៤ ៥០០ ទៅ ៥ ៥០០ ​តម្លៃ​នេះ​ស្ថិត​នៅ​លើ​ការ​ចរចា​គ្នា​ទៀត។

រីឯ​រឿង​ខ្នាត​ធំ​ដាក់​បញ្ចាំង​នៅ​រោង​កុន​វិញ​​​ក្នុង​​១​រឿង​ មុំ សុធារ៉ា ធ្លាប់​ទទួល​បាន​ពី​ម្ចាស់​ផលិតកម្ម​​​ពី​ ៣ ០០០ ទៅ​ ៤ ០០០ ដុល្លារ​អាមេរិក​ ហើយ​តម្លៃ​ដែល​កំណត់​ខាង​លើ​នេះ​កន្លង​មក​​ខ្លួន​ធ្លាប់​ទទួល​បាន​ពី​ម្ចាស់​ផលិតកម្ម​​មួយ​ចំនួន​រួច​មក​ហើយ​ដែរ។

​​​តួ​ឯក​ប្រុស​ក្នុង​រឿង​"ក្មេង​ទី​៦​" និយាយ​ថា​៖​" តម្លៃ​ខ្លួន​ថត​រឿង​ដែល​ខ្ញុំ​បាន​រៀប​រាប់​ខាង​ដើម​ហ្នឹង​ គឺ​អាស្រ័យ​ទៅ​លើ​ទីតាំង​ជិត​ ឬ ឆ្ងាយ​ទៀត​ណា​អូន​។ តម្លៃ​ខ្លួន​ហ្នឹង​ខ្ញុំ​ទើប​តែ​ឡើង​​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៧ នេះ​ឯង​បើ​គិត​ទៅ​ជាង​កន្លះ​ឆ្នាំ"។

កន្លង​មក​ មុំ សុធារ៉ា ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​មួយ​ចំនួន​ដូច​ជា​ រឿង "ប៉ា​ម៉ាក់​ប្រជែង​កម្ម​" “ស្លឹក​ចាក​" “ជញ្ជីង​ជីវិត​" “ខ្នោះ​បេះ​ដូង​" “ក្មេង​ទី​៦​" ​និង​​រឿង​មួយ​​ចំនួន​ទៀត​៕​​

អត្ថបទ៖ ឆុង ស៊ីណាន

រូប​ថត​៖​ផ្ដល់​ឲ្យ​ដោយ មុំ សុធារ៉ា