ជិវិត​ថ្លៃ​! ទម្រាំបាន​រស់ គេចពី​គ្រាប់​កាំភ្លើង​ផង និង​គល់ឫស្សី​ផង​

  • 2018-04-15 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី​១៧ មេសា ឆ្នាំ១៩៧៥​ ជា​ពេល​ដែល​អ្នក​និពន្ធ​សៀវភៅ​ឬភាព​យន្ត​មួយ​​ចំនួន​ចាត់ទុក​ថា​​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូលក្នុង​របប​វាល​ពិឃាត។ អ្នក​ខ្លះ​ហៅ​របប​មួយ​នេះ​ ថា​ជា​វាល​ពិឃាត ដោយ​សារ​តែ​ក្នុង​រយៈពេល​​គ្រប់​គ្រង​តែ​បី​ឆ្នាំ ប្រាំបីខែ និង២០​ថ្ងៃ​មាន​ប្រ​ជា​ពល​រដ្ឋ​ដែល​ស្លាប់​ដោយ​ការ​កាប់​សម្លាប់​ ដោយសារជំងឺ និង​ការ​ស្រេក​ឃ្លាន​ជិត​ពីរលាន​នាក់។

(លោក ឡុក សេក ត្រូវ​រដ្ឋការ​លន់ នល់ ចាប់ឲ្យ​ចូល​បម្រើកងទ័ព​ក្នុង​ឆ្នាំ១៩៧២ លោក​រួចជីវិតពី​របប​ខ្មែរ​ក្រហម​ដោយ​រស់​លាក់​ប្រវត្តិ)

អតីតទាហាន​លន់ នល់ ម្នាក់​ដែល​បាន​រស់​រាន​មានជិវិត​ពី​របបនោះ​លើក​ឡើងថា​ ជី​វិត​មនុស្ស​ក្នុង​របប​នោះ​សឹង​តែមិន​ស្មើ​នឹង​ជិវិត​សត្វ។ ស្ទើរ​មិន​ស្មើ​នឹង​ជិវិត​សត្វ​លោកថា​អង្គការ​អាច​យក​មនុស្ស​ទៅ​សម្លាប់​បានគ្រប់​ពេល ជាពិសេស​អ្នក​ដែល​ត្រូវជម្លៀសចេញពីទីក្រុងភ្នំពេញ​ដូចរូប​លោក​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​ពី​អង្គការ​ខ្មែរ​ក្រហម​ជានិច្ច។

​​លោក ឡុង សេក រំឭកថាក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ​ពីព្រះ​ប្រមុខ​រដ្ឋ​ថ្ងៃ​ទី១៨ មីនា ឆ្នាំ១៩៧០ ប្រ​ទេស​កម្ពុជា​​បាន​ធ្លាក់​ចូល​ក្នុង​សង្គ្រាមស៊ីវិល។លោក​បន្ត​ថា​ក្រោយ​​រដ្ឋ​ប្រ​ហារ ​ប្រជាពល​រដ្ឋ​ខ្មែរ​មិន​តិច​ទេ​ដែល​គោរព​ស្រឡាញ់​សម្តេច ​សីហនុ បាន​រត់​ចូល​ព្រៃ​ដើម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​របប​សាធារណរដ្ឋខ្មែរដឹក​នាំដោយ​លោក លន់ នល់។​

លោក​ឲ្យ​ដឹងថា​លោក​បាន​​រស់​រាន​មានជី​វិត​ពី​របប​ខ្មែរ​ក្រហមជាសំណាង​មួយ​ ខណៈ​ដែល​មិត្ត​រួម​អាវុធ​របស់​លោក​មួយ​ចំនួន​ទៀត​ត្រូវបាន​ខ្មែរ​ក្រហម​សម្លាប់​។​​ លោក​​រំឭក​ថា​ក្រោយ​រដ្ឋប្រហារ​បាន​ពី​រ​ឆ្នាំ ក្នុង​វ័យ​២៥​ឆ្នាំ​លោក​ត្រូវ​​រដ្ឋការ​លន់ នល់ ចាប់​ឲ្យ​ចូល​បម្រើ​កង​ទ័ព ដែល​លោក​ថា​តាមពិត​លោក​មិន​ចង់​ធ្វើជា​ទាហាន​នោះ​ទេ។

ជា​អ្នកស្រុក​ត្រាំកក់ ខេត្ត​តាកែវ ពិតមែន​ តែពេលនោះ​លោក​ថា​ដោយ​សារ​តែ​សភាព​ការ​ណ៍​កាន់​តែ​តាន​តឹង កងទ័ព​លន់ នល់ ​ច្បាំងចាញ់​កងទ័ព​​ខ្មែរ​ក្រម​ ជាបន្តបន្ទាប់ ជាហេតុនាំឲ្យមាន​តម្រូវ​ការ​កម្លាំង​ការពារ​ក្រុង​ភ្នំពេញ​កាន់តែច្រើន។ នៅខេត្ត​តាកែវ​ប្រយុទ្ធ​បានតែ​៦ខែទេ លោក​ក៏ត្រូវ​ទៅ​កាន់​បន្ទាយ​ភ្នំបាសិត ខេត្ត​កណ្តាល។

(រូបភាព​ក្នុង​សារមន្ទីរ​ទួល​ស្លែង ដែលជាអតីត​មន្ទីរ​ស-២១ សម័យ​ខ្មែរ​ក្រហម គេជឿថា​មានអ្នក​ស្លាប់​ក្នុង​មន្ទីរ​នោះ​ជាង​មួយ​ម់ឺន​នាក់​/រូបភាព៖ Screenshot ពីវែបសាយ​សារមន្ទីរទួលស្លែង)

លោក​រៀបរាប់ជីវិត​ក្នុង​សមរភូមិ​យ៉ាងដូចនេះថា៖ «នៅ​លើ​សមរ​ភូមិ​ខ្ញុំ​ឈរ​បាញ់​ជាមួយ​ខ្មែរ​ក្រហម​ការពារ​ខ្សែ​ក្រវ៉ាត់​ក្រុង​ពេល​ខ្លះ​មិត្ត​ភក្តិ​ត្រូវ​របួស​ស្លាប់​រដូករណែល​ហើយ​ខ្ញុំ​​ត្រូវ​មេបញ្ជការ​បញ្ជា​ឲ្យ​ចូល​ទៅយក​ខ្មោច​មិត្តភក្តិ ខ្មោច​ខ្លះ​ហើម​​ចេញ​ទឹក​ស្អុយ​ (ប្រឡាក់)ពេញ​ខ្លួន​លាង​ទឹក​បីថ្ងៃមិន​ទាន់​បាត់​ស្អុយ​ផង​​ពិបាក​វេទនាណាស់»​។

ដោយ​សារតែ​បន្ទាយ​នៅ​ភ្នំបាសិត​ក៏​ត្រូវវាយ​បែកទៀត ក្រុម​របស់​លោក​ក៏បាន​មក​ដល់​ភ្នំពេញ​ប្រាំខែមុន​នឹង​ខ្មែរ​ក្រហម​ចូល​កាន់កាប់ ទីក្រុង​ភ្នំពេញ។ ពេល​កងទ័ព​ខ្មែរ​ក្រហម​ចូល​ដល់​ក្រងុភ្នំពេញ​ថ្ងៃ១៧​មេសា ឆ្នាំ១៩៧៥ លោក​ថា​ប្រ​ជា​ពល​រដ្ឋ​ត្រូវ​ខ្មែរក្រហម​ជម្លៀសចេញពី​ទីក្រុង ហើយ​មាន​ក្រុម​ខ្មែរ​ក្រហម​បាន​ប្រកាស​ឲ្យ​អ្នក​ធ្លាប់​ធ្វើការ​ក្នុង​រដ្ឋការលន់ នល់ បង្ហាញ​ពី​សមាភាព​ពិត ដោយ​សន្យាថា​នឹង​ឲ្យ​កាន់​តំណែង​ដើម​វិញ។

លោក​រំឭក​ថាៈ «​គេ​ស្រែក​ថាស្រុកសុខ​សាន្ត​ត្រាន​ហើយ បងប្អូន​កុំព្រួយ​បារម្ភ បងប្អូនណា​ធ្លាប់ធ្វើការ​ងារអ្វី​ អង្គការ​ឲ្យ​ធ្វើការ​ងារ​នោះ​វិញ​ទាំងអស់ កុំ​បាច់​លាក់​ប្រ​វត្តិ​រូប​អី»។ ពាក្យទាំងនេះ​ជា​ពាក្យ​បោក​ប្រាស់​ប៉ុណ្ណោះ លោក​ ឡុង សេក បញ្ជាក់។ លោក​ថាមន្ត្រីរាជការ និង​ទាហាន​ជា​ច្រើនបាន​បង្ហាញ​ប្រវត្តិរូប​ដល់អង្គការ​ខ្មែរ​ក្រហម ហើយ​ត្រូវបាត់​ខ្លួន​រហូត។ ចំណែក​​លោ​វិញ លោក​ថា​លោក​មិន​ទុក​ចិត្ត​ ដោយ​ឃើញ​មាន​សាក​សព​ទាហាន​លន់ នល់ ច្រើន​នៅ​តាម​ផ្លូវ​ដែល​លោក​ចេញពីភ្នំពេញ​មក​ខេត្ត​តាកែវ ធ្វើ​ឲ្យ​លោក​សង្ស័យ​ថា​ទាហានទាំងនេះ​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​។

​ពេល​ឆ្លង​កាត់​កន្លែង​ត្រួត​ពិនិត្យ​របស់​ខ្មែរ​ក្រហម លោក​បាន​ប្រាប់​ទាហានខ្មែរ​ក្រហម​ថា​លោក​ជាជាង​កាត់​សក់ និង​បាន​បង្ហាញ​កន្រ្តៃ​មួយ​ទៅ​កាន់​ទាហាន​នោះផង។ លោក​បញ្ជាក់ថាៈ «ខ្ញុំ​លាក់​ប្រវត្តិ​ការងារ​ថា​ខ្ញុំ​ជាជាង​កាត់​សក់​ដោយ​មាន​ទាំង​កន្រ្តៃ​ជាប់​នឹង​ខ្លួន​រហូត​...លុះ​ពួក​គេពិនិត្យ​មើល​ដៃជើង​នឹង​មុខ​មាត់​ទៀត​​ប្រសិន​បើដៃជើង​ស្អាត​ទំនង​ជាមន្រ្តី​រាជការ​​ម្លេះមិន​អាច​រស់បាន​ទេ​»។

ពេល​ទៅ​ដល់​ខេត្ត​តាកែវ លោក បាន​ជួប​ក្រុម​គ្រួសារ​វិញ តែ​បាន​ចាកចេញពី​ស្រុក​ត្រាំកក់ ទៅ​កាន់ស្រុក​បុរីជលសារ​ ដោយថា​ជាកន្លែង​ដែល​លោក​អាច​រស់​ដោយ​លាក់​ប្រវត្តិ​បាន។​ លោក​អះអាង​ថា​អតីត​ទាហាន​លន់ នល់ ដែល​ត្រូវ​អង្គការ​ខ្មែរ​ក្រហម​រកឃើញ​គឺ​មិន​រួចពីសេចក្តី​ស្លាប់​នោះទេ ហើយ​​​ថាភាគច្រើន​​ស្លាប់ដោយ​គេវា​នឹង​គល់​ឫស្សីឬ​ដំបង​ដើម​សង្កែ។

ជិវិត​ប្រ​ថុយ​ប្រ​ថាន​នឹង​សេចក្តី​ស្លាប់​គ្រប់​ពេល​ក្នុង​នាម​ជា​អតីត​ទាហាន​លន់ នល់ ​រស់​លាក់​ប្រ​វត្តិ និង​ថា​រាល់​កិច្ចការ​ដែល​អង្គការ​ដាក់​ឲ្យ​លោក​មិន​ដែល​​ធ្វើ​ឲ្យ​ខកខាន​នោះ​ទេ។ ធ្វើបែបនេះ លោក​ថា​ដើម្បី​បញ្ជាក់​ថាលោក​ពេញ​ចិត្ត​ដើរតាម​មាគ៌ា​របស់​អង្គការ និង​អាច​រក្សា​ជិវិត​បាន។ លោក​បញ្ជាក់​ថា​អ្នក​ដែល​ត្រូវ​ជម្លៀង​ចេញពី​ទីក្រុង​ភ្នំពេញ​ត្រូវ​ស្ថិត​ក្រោម​ការ​តាម​ដាន​របស់​អង្គការ​ជា​ប្រចាំ។ លោក​អះអាងថា ក្នុង​របបខ្មែរ​ក្រហម «ជិវិត​មនុស្ស​ផុយ​ស្រួយ​ ដូចជាជិវិត​សត្វ ឬមិន​ស្មើ​នឹង​សត្វ​ផង​ពេល​ខ្លះ»។

ពាក្យ​ដែល​លោក​ខ្លាច​បំផុត​គឺ​ពាក្យ​ថា​ «ទៅរៀន​សូត្រ» ដោយ​​ថា​អ្នក​ដែល​ត្រូវ​អង្គការ​ហៅ​ទៅ​រៀន​សូត្រ​គឺ​ដឹង​ខ្លួន​ថា​នឹង​ត្រូវ​ស្លាប់ជាក់​ជា​មិន​ខាន។​ ដោយ​ជិវិត​មាន​តម្លៃ អាយុមិន​អស់​មិន​ស្លាប់ លោក​ថា​ នៅក្រោយថ្ងៃ​​​រំដោះ​លោក​បានរស់​ជួប​ជុំ​គ្រួសារ​ឡើង​វិញ ជាអ្វី​ដែល​លោក​ពិបាក​នឹង​នឹក​ស្មាន​ដល់។

លោក ឡុង សេក ចាត់​ទុក​សង្គ្រាម​ថាមិនបាន​ផ្តល់អ្វី​ដល់​មនុស្ស​ជាតិ​ក្រៅតែពីការ​បែក​បាក់ នឹង​បាត់​បង់ជិវិត​នោះទេ។ លោក​បន្ថែមថា៖ « សង្រ្គាម​ស៊ីវិល​នេះ​ធ្វើ​ខ្ញុំ​បែក​ពីស្រុក​កំណើត​ ឃ្លាត​ពីភរិយា​ជាទី​ស្រលាញ់​ច្រើន​ឆ្នាំ...​បាត់​បង់​សាច់​ញាតិ​មិត្តភក្តិ មាន​តែ​ការ​ស្លាប់​គ្មាន​នរ​ណាទ​ទួល​ខុស​ត្រូវ»៕​​​​ ​​ ​

អត្ថបទ​ដោយ៖ ជិន វេន