សាហាវ! សម្លាប់​គ្នា​ហើយ ឆ្លៀត​អញ្ជើញ​ម្ចាស់​ឲ្យ​មក​ហូប​សាច់​គ្នា​ទៀត

  • 2018-04-13 03:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់ បាន​សម្លាប់​ឆ្កែ​អ្នក​ជិត​ខាង​ខ្លួន រួច​យក​ទៅ​ធ្វើ​ម្ហូប ហើយ​អញ្ជើញ​ម្ចាស់​ឲ្យ​ទទួល​ទាន​។

បើ​តាម​សម្ដី​ប៉ូលិស កសិករ​មាន​ឈ្មោះ​មិន​ត្រូវ​បាន​ទម្លាយ​ម្នាក់​វ័យ ៦២​ឆ្នាំ បាន​សារភាព​ថា ដោយ​សារ​ខឹង​នឹង​សំឡេង​ព្រុស​ពេក ខ្លួន​ក៏​បាន​ដុំ​ថ្ម​ទៅ​គប់​ឆ្កែ​អ្នក​ជិត​ខាង​របស់​ខ្លួន។ គប់​រួច ឆ្កែ​ក៏​សន្លប់ បន្ទាប់​មក​បុរស​ដៃ​ដល់​រូប​នេះ ក៏​រឹត​ក​វា​បន្ថែម​ដើម្បី​សម្លាប់ រួច​យក​ទៅ​ធ្វើ​ម្ហូប។ មិន​តែ​ប៉ុណ្ណោះ បុរស​រូប​នេះ ថែម​ទាំង​ហៅ​បណ្ដា​អ្នក​ជិត​ខាង​ រួម​ទាំង​បុរស​ជា​ម្ចាស់​ផង​ មក​ទទួល​សាច់​ឆ្កែ​នោះ​ទៀត​ផង។

ដោយ​ឡែក យោង​តាម​សម្ដី​កូន​ស្រី​បុរស​ម្ចាស់​ឆ្កែ​នោះ បាន​ឲ្យ​ដឹង​ថា ក្នុង​សប្ដាហ៍​នេះ មុន​ពេល​ជន​ដៃ​ដល់​សារភាព នាង​បាន​ដើរ​បិទ​ខិត្តប័ណ្ណ​អំពី​ដំណឹង​បាត់​ឆ្កែ​ និង​បាន​សួរ​នាំ​គេ​ឯង​នៅ​ក្នុង​ក្រុង​ដែល​នាង​រស់​នៅ ទោះ​ជា​យ៉ាង​ណា​នៅ​តែ​មិន​ឃើញ។

នៅ​ពេល​នោះ​ បុរស​ជា​ជន​ដៃ​ដល់​ដែល​រស់​នៅ​ជិត​នោះ បាន​ចេញ​មក​ធ្វើជានិយាយ​បង្ហាញ​ពី​ការ​អាណិត​អាសូរក្រោយ​បាន​ឮ​ដំណឹង​មួយ​នេះ​ ហើយ​ថែម​ទាំង​សន្យា​ថា​នឹង​ប្រាប់​ទៅ​នាង​វិញ បើ​សិន​ជា​ខ្លួន​ប្រទះ​ឃើញឆ្កែនោះ។ ស្រាប់​តែ​ថ្ងៃ​បន្ទាប់ បុរស​រូប​នោះ បាន​អញ្ជើញ​ឪពុក​របស់​នាង​ និង​អ្នក​ជិត​ខាង​ដទៃ​ទៀត​មក​ទទួល​ម្ហូប​សាច់​ឆ្កែ​តែ​ម្ដង។

ទោះ​ជា​យ៉ាង​ណា បើ​តាម​សម្ដី​ស្ត្រី​ដដែល បាន​ឲ្យ​ដឹង​ថា ឪពុក​ខ្លួន​បាន​បដិសេធ​ការ​អញ្ជើញ​នេះ ដោយ​សារ​ លោក​ជា​មនុស្ស​ដែល​មិន​ហូប​សាច់​ឆ្កែ។

ការ​អញ្ជើញ​របស់​ជន​ដៃ​ដល់ គឺ​មានលក្ខណៈ​គាប់ជួនពេក រហូត​ដល់​បង្ក​ជា​ការ​សង្ស័យ រួច​ឈាន​ទៅ​ការ​ឃាត់​ខ្លួន​តែ​ម្ដង។

រហូត​មក​ទល់​ពេល​នេះ វាសនា​របស់​ជន​ដៃ​ដល់​រូប​នេះ​មិន​ទាន់​ត្រូវ​បាន​ដឹង​នៅ​ឡើយ​ទេ។ បើ​តាម​ច្បាប់​ថ្មី​នៅ​កូរ៉េ​ខាង​ត្បូង ជន​ណា​ដែល​រំលោភ​បំពាន​សត្វ​ដោយ​ខុស​ច្បាប់​អាច​មាន​ទោស​ជាប់ពន្ធនាគារ​ចំនួន ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៨៧០០ ដុល្លារ​សហរដ្ឋអាមេរិក។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ដើម ឆ្កែ​គឺ​ជា​សាច់​ដែល​ត្រូវ​បាន​ពេញ​និយម​ទទួល​ទាន​នៅ​កូរ៉េ​ខាង​ត្បូង។ ទោះ​ជា​យ៉ាង​ណា អត្រា​នៃ​ការ​បរិភោគ​សាច់​នេះ បាន​ធ្លាក់​ចុះ​នៅ​មួយ​រយៈ​ចុង​ក្រោយ ដោយ​សារ​ពលរដ្ឋវ័យក្មេងនៅ​ប្រទេស​មួយ​នេះ​បាន​ចាប់​ផ្ដើម​បដិសេធ​ក្នុង​ការ​ទទួល​ទាន។

យ៉ាង​នេះ​ក្ដី ​ហោច​ណាស់ ឆ្កែ​ជាង ១​លាន​ក្បាល​ត្រូវ​បាន​បរិភោគ​រាល់​ឆ្នាំ​ក្នុង​ប្រទេស​អាស៊ី​ខាង​កើត​មួយ​នេះ៕

ប្រភព៖ South China Morning Post   ប្រែ​សម្រួល៖ ហ៊ីម រស្មី