នាង គន្ធា នឹង​ត្រូវ ​អ៊ីណូ អូស​ដៃ​ឡើង​យន្តហោះ​យប់​នេះ​ហើយ!

  • 2018-04-13 04:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ដល់​ថ្ងៃ​ហើយ ដែល​តារា​ចម្រៀង អ៊ីណូ នឹង​ដឹកដៃ​សិស្ស​ប្អូន នាង គន្ធា ឡើង​យន្តហោះ​នៅ​យប់​នេះ ចេញ​ដំណើរ​ទៅ​ប្រទេស​កូរ៉េ ជា​ទី​ដែល​លោក និង​មិត្ត​រួម​អាជីព​ប៉ុន្មាន​នាក់​ទៀត ត្រូវ​សម្ដែង​ក្នុង​កម្មវិធី​ពីរ​ផ្សេង​គ្នា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នេះ។

កម្មវិធី​ទាំង​ពីរ ដែល​ម្ចាស់​បទ "ប្រុស​ក្រញាញ់​ខូច​ចិត្ត" នឹង​ត្រូវ​ចូល​រួម​សម្ដែង​ជាមួយ​មិត្ត​រួម​អាជីព​ផ្សេង​ទៀត​មាន ទី​១​កម្មវិធី​សម្ពោធ​ក្លឹប​ក្រោម​ដី XX Club នៅ​ថ្ងៃ​ទី១៤​មេសា​នៅ​តំបន់​ស៊ូវុន និង​ថ្ងៃ​បន្ទាប់​ទី​១៥ ពួក​គេ​នឹង​ចូល​រួម​ក្នុង​កម្មវិធី​តន្ត្រី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ហៅ​ថា " "មហា​សង្ក្រាន្ត​ខ្មែរ​នៅ​កូរ៉េ" គាំទ្រ​ដោយ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង។

ដំណើរ​នេះ គឺ​លើក​ដំបូង​របស់ អ៊ីណូ ទៅ​ប្រទេស​កូរ៉េ និង​សិស្ស​ប្អូន នាង គន្ធា។ និយាយ​ពី គន្ធា អ៊ីណូ ប្រាប់​ថា ដើម​ឡើយ​នាង​មិន​បាន ស្ថិត​ក្នុង​ក្រុម​តារា​ដែល​ត្រូវ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​លើក​នេះ​ទេ។ ប៉ុន្តែ​ដោយ​សារ​ចង់​ឲ្យ​នាង មាន​បទ​ពិសោធន៍​ការងារ​សិល្បៈ​ច្រើន ពិសេស​បទ​ពិសោធន៍​ក្រៅ​ប្រទេស​បែប​នេះ លោក​ក៏​បាន​ស្នើ​សុំ​អ្នក​ធានា​យក​តារា​ខ្មែរ​នៅ​កូរ៉េ ពី​បេក្ខភាព​សិស្ស​ប្អូន។

ផ្សំ​នឹង​សមត្ថភាព​របស់ គន្ធា ផង និង​មនោសញ្ចេតនា​របស់​អ្នក​ឧបត្ថម្ភ​ផង នាង​ក៏​ទទួល​បាន​ភ្លើង​ខៀវ​ភ្លាម​ៗ។ "ខ្ញុំ​បាន​ស្នើ​ទៅ​អ្នក​ឧបត្ថម្ភ​នៅ​កូរ៉េ គឺ​បង​កូឡា អោយ​ជួយ​ពិចារណា​លើ​តារា​ចម្រៀង​ថ្មី នាង គន្ធា តើ​គាត់​យល់​យ៉ាង​ណា...ស្រាប់​តែ​គាត់​ឆ្លើយ​ថា អូហ៍ គន្ធា គាត់​ក៏​ចូល​ចិត្ត​ដែរ ពិសេស​គឺ​ចូល​ចិត្ត​បទ​ថ្មី​របស់​គាត់​ដែល​កំពុង​ល្បី "បេះដូង​ចេះ​ស្រវឹង" អីចឹង​គាត់​ក៏​យល់​ព្រម​ទទួល​យក គន្ធា ទៅ​សម្ដែង​លើក​នេះ​ដែរ​តែ​ម្ដង"។

នាង គន្ធា គឺ​ជា​អតីត​បេក្ខភាព​កម្មវិធី​ប្រឡង​ចម្រៀង​ពិភព​លោក The Cambodian Idol រដូវ​កាល​ទី​២។ នាង​ត្រូវ​គេ​ចាប់​អារម្មណ៍​ខ្លាំង​ក្រោយ​បង្ហាញ​ខ្លួន​ច្រៀង​បទ "ម៉ែ" របស់​តារា​ចម្រៀង​ចម្រើន សុភ័ក្ត្រ។ បើ​ទោះ​កន្ទ្រាក់​ដួង​ចិត្ត​អ្នក​ទស្សនា​តាម​រយៈ​បទ​នេះ ប៉ុន្តែ គន្ធា ធ្វើ​មិន​បាន​ល្អ​នៅ​វគ្គ​បន្ទាប់ ហើយ​ក៏​ត្រូវ​ជ្រុះ​ចេញ​ពី​កម្មវិធី។

ក្រោយ​មក​នាង ក៏​ត្រូវ​សាន់ដេ រើស​បញ្ចូល​ជា​តារា​ចម្រៀង​របស់​ខ្លួន។ មក​ទល់​បច្ចុប្បន្ន​នាង​មាន​បទ​មួយ​ចំនួន​បាន​បញ្ចេញ​លើ​ទីផ្សារ​ហើយ មាន​ដូច​ជា "កូន​ស្រី" “មន្ត​ស្នេហ៍​ប្រុស​ស្វិត" និង​បទ "បេះ​ដូង​ចេះ​ស្រវឹង" ជា​ដើម ដែល​កំពុង​ល្បី​ខ្លាំង​ក្នុង​ចង្កោម​យុវវ័យ។

និយាយ​ពី​ដំណើរ​ទៅ​កូរ៉េ​វិញ គន្ធា និង អ៊ីណូ នឹង​ចេញ​ដំណើរ​នៅ​វេលា​ម៉ោង​ប្រមាណ ១០យប់​នេះ ហើយ​ពួក​គេ គ្រោង​នឹង​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​នៅ​ថ្ងៃ​ទី ១៧ ខែ​ឆ្នាំ​ដដែល៕

អត្ថបទ៖ ទារិកា