មក​ស្គាល់​សត្វ​ទាំង ៧​នេះ ភាគ​ច្រើន​មាន​តែ​នៅ​អាស៊ីអាគ្នេយ៍​យើង​ទេ

  • 2018-04-17 11:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 40

ចន្លោះមិនឃើញ

តំបន់​អាស៊ីអាគ្នេយ៍​ មិន​ត្រឹម​តែ​ជា​តំបន់​ដែល​មាន​ភាព​ចម្រុះ​ដូច​ជា វប្បធម៌​ ភាសា ជាតិពន្ធុ​ ជា​ដើម​នោះ​ទេ តំបន់​ទាំង​នេះ​ថែម​ទាំង​មាន​បរិស្ថាន​ធម្មជាតិ​ពិសេស​ប្លែក​ពី​បណ្ដា​តំបន់​ឯ​ទៀត​នៅ​លើ​ពិភព​លោក​ផង​ដែរ។ ខាង​ក្រោម​ជា​សត្វ​ទាំង ៧ ដែល​ពិបាក​រក​ឃើញ​នៅ​តំបន់​ផ្សេង​ក្រៅ​ពី​អាស៊ីអាគ្នេយ៍៖

១.ជ្រូក​ច្រមុះ​វែង Malayan (Malayan Tapirs)៖ ឈ្មោះ​មួយ​ទៀត​របស់​វា គឺ ជ្រូក​ច្រមុះ​វែង​អាស៊ី។ សត្វ​នេះ​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​ជ្រូក​ច្រមុះ​វែង​ដទៃ​ត្រង់​ មាន​ខ្លួន​ពណ៌​ស លាយ​ពណ៌​ខ្មៅ ព្រម​ទាំង​មាន​ច្រមុះ​ដ៏​វែង។ ក្នុង​ចំណោម​ពូជ​សត្វ​ច្រមុះ​វែង​ទាំង​អស់ Malayan Tapirs ត្រូវ​បាន​គេ​ចាត់​ទុក​ថា សត្វ​ដែល​មាន​ទំហំ​ធំ​ជាង​គេ​បំផុត។ ទោះ​ជា​យ៉ាង​ណា វា​ក៏​ស្ថិត​ជា​ប្រភេទ​សត្វ​ជ្រូក​ច្រមុះ​វែង​ដែល​ប្រឈម​នឹង​ការ​ផុត​ពូជ​ខ្លាំង​ជាង​គេ​ផង​ដែរ។ សត្វ​នេះ​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និង​ថៃ។

២.ស្វា​ Orang Utan៖ សត្វ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ល្បី​ដោយ​សារ​រោម​ពណ៌​ក្រហម​លាយ​ត្នោត ភាព​ឆ្លាត​វៃ ព្រម​ទាំង​ទំហំ​ដ៏​ធំ​របស់​វា។ Orang Utan ត្រូវ​បាន​គេ​ប្រទះ​ច្រើន​នៅ​ព្រៃ​ក្នុង​កោះ​ Borneo និង​ Sumatra (ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី)។

៣.សត្វ​ស្លាប Rhinoceros Hornbill៖ សត្វ​ប្រភេទ​នេះ មាន​លក្ខណៈ​ប្លែក​ត្រង់​រូប​រាង​ និង​ពណ៌​ភ្លឺ​ថ្លា​នៃ​ចំពុះ​ ព្រម​ទាំង​សំឡេង​ដ៏​លឺរបស់​វា។ ភាគ​ច្រើន​ វា​មាន​រោម​ពណ៌​ខ្មៅ។ សត្វ​ប្រភេទ​នេះ​ច្រើន​ប្រទះ​ឃើញ​នៅ​ព្រៃ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ​​កោះ​ជ្វា និង Sumatra នៃ​ប្រទេស​ឥណ្ឌូណេស៊ី។

៤.បង្កួយ Komodo Dragon៖ យឺត ប៉ុន្តែ​ខ្លាំង​ខាង​ចាប់​ចំណី ដោយ​ប្រើ​កន្ទុយ​ដ៏​ខ្លាំង និង​ចង្កូម​ដ៏​សាហាវ​របស់​វា។ ភាគ​ច្រើន​ សត្វ​នេះ​មាន​វត្តមាន​នៅ​បណ្ដា​កោះ​ជា​ច្រើន​នៅ​ឥណ្ឌូណេស៊ី។

៥.ដំរី​អាស៊ី៖ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តាម​ព្រៃ​នានា​នៅ​អាស៊ី​អាគ្នេយ៍ លើក​លែង​តែ​នៅ​សិង្ហបុរី និង​ប្រ៊ុយណេ។

៦.ស្ដេច​ពស់​វែក (King Cobra)៖ មាន​ពិស​ខ្លាំង និង​ពណ៌​ខ្លួន​ភ្លឺ​ចាំង។ ពស់​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តាម​គ្រប់​ព្រៃ​ទាំង​អស់​នៅ​អាស៊ី​អាគ្នេយ៍។

៧.ខ្លា​ឥណ្ឌូចិន (Indochinese Tiger)៖ មាន​រោម​ស្អាត និង​កាយ​វិការ​ប្រកប​ដោយ​ភាពស្វាហាប់។ ខ្លា​ប្រភេទ​នេះ​ច្រើន​ប្រទះ​នៅ​កម្ពុជា ថៃ ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា។ ទោះ​ជា​យ៉ាង​ណា វា​ស្ថិត​ក្នុង​ពូជ​សត្វ​ដែល​ប្រឈម​នឹង​ការ​ផុត​ពូជ៕


អត្ថបទ៖ ហ៊ីម រស្មី