Jose ​ប្រាប់​ឱ្យ Pogba ​ធ្វើ​រឿង​នេះ បើ​ចង់​ជាប់​ជម្រើស​១១​នាក់​ដំបូង​រហូត

  • 2018-04-16 03:22:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក Jose Mourinho ​ថា Pogba ​ត្រូវ​តែ​ប្រឹងប្រែង​លេង​ឱ្យ​អស់​ពី​សមត្ថភាព​របស់​ខ្លួន ​ប្រសិន​បើ​ចង់​ជាប់​ជម្រើស​១១​នាក់​ដំបូង​គ្រប់​ការ​ប្រកួត។

ក្នុង​ជ័យ​ជម្នះ​លើ Manchester City ​កាល​ពី​លើក​មុន​នោះ ​លោក Jose Mourinho ​សរសើរ​ទម្រង់​លេង​របស់​កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ថា​លេង​ល្អ ដូច​កាល​ពី​មុន​វិញ។ បន្ថែម​ពី​លើ​នេះ​ដែរ ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម​បន្ថែម​ថា Pogba ​នៅ​មាន​អនាគត​វែងឆ្ងាយ​ជាមួយ Man Utd ​ប្រសិន​បើ​រូបគេ​ប្រឹងប្រែង​លេង​ឱ្យ​អស់ ​និង​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំង។ អ្វី​ដែល​ខ្សែ​បម្រើ​នេះ​មាន គឺ​ជា​អ្វី​ដែល​ក្រុម​ទាំង​មូល​ត្រូវ​ការ ​និង​ជា​កត្តា​សំខាន់​ក្នុង​ការ​ឈ្នះ​ការ​ប្រកួត​នានា។

នៅ​ចាំ​បាន​ថា Pogba ​មិន​សូវ​បាន​ជាប់​១១​នាក់​ដំបូង​នោះ​ទេ ​ប៉ុន្មាន​ប្រកួត​មក​នេះ ​ដោយសារ​តែ​លោក Jose ​មើល​ឃើញ​រូបគេ​លេង​មិន​ល្អ​ជាមួយ​សមាជិក​ក្រុម។ ខណៈ​ដែល​លេង​នៅ​ជម្រើស​ជាតិ​វិញ ​អតីត​កីឡាករ Juventus ​ខាងលើ​តែងតែ​លេង​ល្អ​ជា​និច្ច។

មួយ​វិញ​ទៀត ​កន្លង​មក​នេះ​ក៏​មាន​ដំណឹង​ថា​រូបគេ​ចង់ចាកចេញ​ពី​ទឹក​ដី Old Trafford ​ផង​ដែរ ​ដោយសារ​តែ​ការ​មិន​បាន​ជាប់​ជម្រើស​ដំបូង​។ ដោយ​ឡែក​ការ​បែកធ្លាយ​ដំណឹង​នេះ ត្រូវ​បាន​លោក Jose ​បដិសេធ​និង​ថា Pogba ​នឹង​នៅ​តែ​ជា​កីឡាករ​បិសាច​ក្រហម​នា​រដូវ​កាល​ក្រោយ​ៗ​ទៀត៕


ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ