ម្នាក់នេះសោះ ជាកីឡាករអាស៊ីបានទៅលេងនៅ Barcelona មុនគេ
- 2018-04-16 06:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្នាក់នេះសោះ ជាកីឡាករអាស៊ីបានទៅលេងនៅ Barcelona មុនគេ
ចន្លោះមិនឃើញ
ប្រិយមិត្តអាចនឹងភ្ញាក់ផ្អើល នៅពេលដឹងថាកីឡាករអាស៊ីទី១ ដែលបានទៅលេងនៅទ្វីបអឺរ៉ុប មិនមែនជាកីឡាករមកពីកូរ៉េ ជប៉ុន ឬប្រទេសខ្លាំងខាងបាល់ទាត់ប្រចាំអាស៊ីនោះទេ ប៉ុន្តែជាកីឡាករហ្វីលីពីន ដែលមានឈ្មោះថា Paulino Alcantara។
តើ Paulino Alcantara មានប្រវត្តិបែបណា?
Paulino Alcantara មានសញ្ជាតិ២ គឺ ហ្វីលីពីន និងអេស្ប៉ាញ ដោយសារ ម្ដាយជាជនជាតិហ្វីលីពីន និងឪពុកជនជាតិអេស្ប៉ាញ។ ក្លិបនៅអឺរ៉ុបដែល Alcantara លេងស្ទើរពេញមួយអាជីពគឺ FC Barcelona។ មិនត្រឹមតែមានឈ្មោះក្នុងប្រវត្តិបាល់ទាត់ ថាជាជនជាតិអាស៊ីទីមួយដែលទៅលេងអឺរ៉ុបនោះទេ Alcantara ក៏ជាវីរបុរសម្នាក់របស់ Barcelona ផងដែរ ពោលគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្ដរបស់ក្លិបនេះ។ កាន់តែអស្ចារ្យជាងនេះទៀត ឈ្មោះរបស់លោកត្រូវបានគេកត់ត្រាទុកថាជាវីរបុរសបាល់ទាត់ម្នាក់ប្រចាំទ្វីបអាស៊ីទៀតផង។
ផ្លាស់ប្ដូរវាសនាក្រោយចេញពីហ្វីលីពីន ទៅអេស្ប៉ាញ អាយុ៣ឆ្នាំ
បើគ្រួសាររបស់ Alcantara មិនប្ដូរទីលំនៅពីហ្វីលីពីន ទៅអេស្ប៉ាញទេនោះ ប្រហែលលោកគ្មានវាសនាក្លាយជាកីឡាករបាល់ទាត់ដ៏ល្បីនៅអឺរ៉ុបនោះទេ។ កើតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៨៩៦ កុមារាដែលមានឈ្មោះពេញថា Paulino Alcantara Riestra បានចាកចេញពីហ្វីលីពីនទៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញតាមឪពុកម្ដាយ តាំងពីអាយុ ៣ឆ្នាំ។
ឆ្នាំដែល Alcantara ជាន់ទីក្រុងបាសេឡូណានោះហើយ ដែលក្លិបបាល់ទាត់ Barcelona ត្រូវបានបង្កើតឡើង ពោលគឺឆ្នាំ១៨៩៩។ ចាប់ផ្ដើមហាត់បាល់នៅក្នុងក្រុម FC Galeno យុវជន Alcantara បានផ្ទេរទៅលេងនៅ Barcelona ក្នុងវ័យ១៥ឆ្នាំ។ ក្នុងថ្ងៃបង្ហាញខ្លួនលើកដំបូងនោះ Alcantara បានស៊ុតចូលទី៣គ្រាប់ដំបូង ក្នុងជំនួបដែល Barcelona ឈ្នះ Catala SC ៩-០ នាថ្ងៃទី២៥ ខែកុម្ភៈ ១៩១២។ ការស៊ុតបញ្ចូលទីនោះ បានធ្វើឲ្យ Alcantara ជាប់កំណត់ត្រាជាកីឡាករ Barcelona ក្មេងជាងគេបំផុតដែលអាចស៊ុតបញ្ចូលទីការប្រកួតផ្លូវការ (អាយុ ១៥ឆ្នាំ ៤ខែ ១៨ថ្ងៃ)។
ផ្លាស់ទៅទឹកដីកំណើតវិញ ពេលកំពុងល្បី
ក្រោយជួយឲ្យ Barca លើកពាន Copa del Rey និងពាន Campionat de Catalunya រួចមក Alcantara បានផ្លាស់ពីអេស្ប៉ាញ ទៅហ្វីលីពីនវិញក្នុងឆ្នាំ១៩១៦ តាមឪពុកម្ដាយរបស់ខ្លួន។ ក្រៅពីបន្តការសិក្សាជំនាញឱសថសាស្រ្ដ លោកបានចូលលេងបាល់ឲ្យក្លិប Bohemian Sporting Club។ រយៈពេលត្រឹម២ឆ្នាំ Alcantara បានជួយឲ្យក្លិបនេះឈ្នះពាន Philippine Championship ២ដង គឺក្នុងឆ្នាំ១៩១៧ និង១៩១៨។ ឆ្នាំ១៩១៧ លោកត្រូវបានជ្រើសចូលក្នុងក្រុមជម្រើសជាតិហ្វីលីពីន ទៅចូលរួមប្រកួតពានរង្វាន់ Far Eastern Championship Games នៅទីក្រុងតូក្យូ។ ក្នុងពេលនោះហើយ ដែល Alcantara ជួយឲ្យហ្វីលីពីន បំបាក់ជប៉ុន ១៥-២ ជាកំណត់ត្រាពិន្ទុឈ្នះច្រើនបំផុតរបស់ហ្វីលីពីន គិតមកទល់សព្វថ្ងៃ។
Barcelona ធ្លាក់ចុះខ្លាំង ហៅ Alcantara មកលេងវិញ
រយៈពេលដែលមិនមានវត្តមាន Alcantara ក្លិប Barcelona មិនបានលើកពានណាមួយនោះទេ។ ដោយមានការយល់ព្រមពីឪពុកម្ដាយ លោកបានផ្លាស់ទៅអេស្ប៉ាញវិញ ក្នុងឆ្នាំ១៩១៨។
ប្ដូរពីឲ្យលេងខ្សែប្រយុទ្ធ មកខ្សែការពារមិនជោគជ័យ
ពេលចូលលេងឲ្យ Barca សាជាថ្មី គ្រូបង្វឹកក្លិបនេះបានឲ្យ Alcantara ប្ដូរពីលេងខ្សែប្រយុទ្ធ មកលេងជាខ្សែការពារវិញ។ ការលេងក្នុងតួនាទីថ្មីនេះមិនជោគជ័យ ទើបលោកបានវិលមកលេងតំណែងដើមវិញ។ ឆ្នាំ១៩១៩ លោកបានជួយឲ្យ Barcelona លើកពាន Campionat de Catalunya ម្ដងទៀត។ ឆ្នាំ១៩២០ Alcantara បានស៊ុតចូល២គ្រាប់ ឲ្យ Barca ឈ្នះ Athletic Bilbao ២-០ ដើម្បីលើកពាន Copa del Rey ជាថ្មី បូករួមទាំងជួយឲ្យក្លិបនេះឈ្នះពាន Campionat de Catalunya ផងដែរក្នុងឆ្នាំដដែលនោះ។
ជាប់ប្រលងពេទ្យ ចោលក្រុមជម្រើសជាតិ
ក្រោយលេងឲ្យក្រុមជម្រើសជាតិហ្វីលីពីននៅឆ្នាំ១៩១៧ Alcantara ក៏ត្រូវបានជ្រើសចូលក្នុងក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ នៅព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ១៩២០។ ប៉ុន្តែដោយសារចំថ្ងៃប្រលងបញ្ចប់ជំនាញឱសថសាស្ត្រ Alcantara បានបដិសេធមិនចូលរួមប្រកួត។ នៅឆ្នាំ១៩២១ ទើបលោកចូលលេងលើកដំបូងឲ្យអេស្ប៉ាញ ក្នុងវ័យ២៥ឆ្នាំ ដោយស៊ុតចូល២គ្រាប់ឲ្យអេស្ប៉ាញ ឈ្នះបែលហ្សិក ២-០។
ស៊ុតធ្លុះសំណាញ់ទី ទទួលរហស្សនាម The Net Breaker
នៅឆ្នាំ១៩២២ Alcantara បានទទួលរហស្សនាម El Rompe Redes ដែលមានន័យជាភាសាអង់គ្លេសថា The Net Breaker ក្រោយរូបលោកបានស៊ុតធ្លុះសំណាញ់ទី ពេលប្រកួតទល់នឹងក្រុមបារាំង។
ចូលនិវត្តន៍ពីបាល់ទាត់ ដើម្បីជ្រើសយកអាជីពជាវេជ្ជបណ្ឌិត
Alcantara បានចូលនិវត្តន៍ពីពិភពបាល់ទាត់នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩២៧ ក្នុងវ័យ៣១ឆ្នាំ ដើម្បីចាប់ផ្ដើមអាជីពជាវេជ្ជបណ្ឌិត។ ក្នុងថ្ងៃប្រកាសចូលនិវត្តន៍នោះ ក្លិប Barcelona បានប្រកួតមិត្តភាពជាមួយជម្រើសជាតិអេស្ប៉ាញ ដើម្បីផ្ដល់ជាកិត្តិយសដល់លោក។
ក្លាយជាគ្រូបង្វឹកអេស្ប៉ាញរយៈពេលខ្លី
នៅ ឆ្នាំ១៩៥១ Alcantara ត្រូវបានជ្រើសរើសជាគ្រូបង្វឹកអេស្ប៉ាញ ប៉ុន្តែដឹកនាំបានតែ៣ប្រកួតប៉ុណ្ណោះ ពោលគឺពេលអេស្ប៉ាញប៉ះស្វីស បែលហ្សិក និងស៊ុយអែត។ បីប្រកួតនោះ អេស្ប៉ាញឈ្នះ១ និងស្មើ២។
Alcantara បានទទួលមរណភាពនៅឆ្នាំ១៩៦៤ ក្នុងវ័យ៦៧ឆ្នាំ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ ស្នាដៃរបស់លោកក្នុងអាជីពបាល់ទាត់ រួមមាន ឈ្នះពាន Pyrenees Cup ២ដង ពាន Copa del Rey ៥ដង ពាន Campionat de Catalunya ១០ដង និងពាន Philippines Championship ២ដង។ អ្វីដែលមិនអាចធ្វើឲ្យគេបំភ្លេចបាន គឺ Alcantara បានស៊ុតបញ្ចូលទីដល់ទៅ ៣៦៩គ្រាប់ ក្នុង៣៥៧ប្រកួតឲ្យក្រុម Barcelona (ទាំងប្រកួតមិត្តភាព និងប្រកួតផ្លូវការ) ជាកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតនៅក្លិបរបស់អេស្ប៉ាញមួយនេះអស់រយៈពេលជាច្រើនឆ្នាំ មុនពេល Lionel Messi បំបែកបានកាលពីខែមីនា ឆ្នាំ២០១៤៕