ក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់ នេន ទុំ ជាមួយ អាមេរិក ដឹង​ស ខ្មៅ ត្រឹម​ថ្ងៃ​នេះ​ហើយ!

  • 2018-04-18 02:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បរាជ័យ​លើក​ទី​១​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ដើម​ខែ​នោះ ឥឡូវ​នេះ នេន ទុំ នឹង​ត្រូវ​ចូល​ខ្លួន​ម្ដង​ទៀត ដើម្បី​សម្រេច​ក្ដី​សង្ឃឹម​ចុង​ក្រោយ​ថា​បាន​ទៅ​អាមេរិក ឬ​អត់ នៅ​ថ្ងៃ​នេះ​ហើយ។

“ដោយ​សារ​តែ​កាល​ធ្លាក់​លើក​មុន ដូច​មិន​អស់​ចិត្ត អីចឹង​ខាង​ម្ចាស់​ឧបត្ថម្ភ គេ​ក៏​បាន​បាន​រៀប​ឯកសារ​ឲ្យ​ខ្ញុំ​ជា​ថ្មី ដោយ​ត្រូវ​ចូល​សម្ភាសន៍​នៅ​ថ្ងៃ​ទី ១៨ នេះ​ម្ដង​ទៀត​បង"។

នេន ទុំ រួម​សិល្បករ​ខ្មែរ​មួយ​ចំនួន​ទៀត រួម​មាន អ៊ុន អាលីហ្សា សូដា នីតា ជុំ លីណូ និង​តារា​ចម្រៀង​ថ្មី​មួយ​រូប ត្រូវ​អាមេរិក​បដិសេធ​ផ្ដល់​ទិដ្ឋាការ​ចូល​ទៅ​ធ្វើ​បេសកកម្ម​សិល្បៈ​លើ​ទឹក​ដី​របស់​ខ្លួន នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ទើប​កន្លង​ផុត​ថ្មី​ៗ ក្រោយ​ទាំង​ពួក​គេ បាន​ចូល​ខ្លួន​ទៅ​ធ្វើ​បទ​សម្ភាសន៍​ជា​ក្រុម​កាល​ពី​ដើម​ខែ​មេសា​នេះ។

បរាជ័យ​គ្រា​នោះ បាន​ធ្វើ​ឲ្យ​សិល្បករ​ខ្មែរ​មាន​ការ​មិន​អស់​ចិត្ត ព្រោះ​មិន​ដឹង​ថា អ្វី​ជា​ដើម​ហេតុ​ពិត​ប្រាកដ​ដែល​នាំ​ឲ្យ​ពួក​គេ​ទទួល​លទ្ធផល​អវិជ្ជមាន​គ្រា​នោះ ដោយ​សារ​តែ​បទ​សម្ភាសន៍​បាន​ធ្វើ​ឡើង​រយៈ​ពេល​ខ្លី សួរ​តែ​ពីរ​បី​ម៉ាត់​ប៉ុណ្ណោះ ស្រាប់​តែ​លទ្ធផល​ចេញ​មក គឺ​ធ្លាក់​ទាំង​អស់​គ្នា​តែ​ម្ដង​។ និយាយ​ដោយ​ឡែក នេន ទុំ ប្រាប់​ថា លោក​ពិត​ជា​មិន​អស់​ចិត្ត​ពិត​មែន​ចំពោះ​ការ​បរាជ័យ។

លោក​ថា "បរាជ័យ​នោះ វា​មិន​ដឹង​មក​ពី​អី យើង​ទៅ ៥នាក់ តម្រង់​ជួរ​សម្ភាសន៍ ខ្ញុំ​នៅ​ក្រោយ​គេ អត់​ទាន់​បាន​សម្ភាសន៍​ផង គេ​ថា​ទៅ​ជា​ក្រុម អីចឹង​គេ​ឲ្យ​ធ្លាក់​ទាំង​អស់​គ្នា​តែ​ម្ដង ទាំង​ខ្ញុំ​មិន​ទាន់​បាន​សម្ភាសន៍​ផង មិន​ដឹង​ថា​គេ​សួរ​ពី​អី​ទៀត។ អីចឹង​ហើយ​ទើប​ខាង​អាមេរិក(​អ្នក​ឧបត្ថម្ភ)​ឯណោះ គេ​អត់​អស់​ចិត្ត ព្រោះ​ខ្ញុំ​មិន​ទាន់​បាន​សម្ភាសន៍​ផង អីចឹង​ធ្លាក់​ដោយ​សារ​អី!"។

ដោយ​សារ​តែ​បែប​នេះ លោក​ថា ម្ចាស់​ឧបត្ថម្ភ​ក៏​បាន​រៀប​ចំ​ឯកសារ​ម្ដង​ទៀត និង​ត្រូវ​សម្ភាសន៍​ជា​ថ្មី​នៅ​ថ្ងៃ​នេះ ដែល​ជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ។ បើ​ទោះ​កាល​ធ្លាក់ ធ្លាក់​ទាំង​អស់​គ្នា ប៉ុន្តែ​មក​ដល់​ឱកាស​ថ្មី​នេះ តារា​ចម្រៀង​រ៉េប ប្រាប់​ថា ក្រៅ​ពី​ខ្លួន​លោក លោក​មិន​បាន​ដឹង​ទេ​ថា តារា​ណា​ខ្លះ​ទៀត ក្នុង​ចំណោម​អ្នក​ធ្លាក់​សម្ភាសន៍​មុន​នោះ បាន​ចូល​សម្ភាសន៍​ជា​ថ្មី ឬ​អត់​ឡើយ។

រូបភាព៖ផ្ដល់​ដោយ នេន ទុំ

គិត​ត្រឹម​ម៉ោង​នេះ មិន​ទាន់​មាន​ព័ត៌មាន​ពី​លទ្ធផល​នៃ​បទ​សម្ភាសន៍​របស់ នេន ទុំ ជាមួយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។ ប្រសិន​បើ​លទ្ធផល​វិជ្ជមាន នោះ​ជា​លើក​ដំបូង​ដែល​ដៃគូ​រ៉េប​របស់ ពូឃ្លាំង សម្រាប់​ដំណើរ​ទៅ​ទឹកដី​សហរដ្ឋ​អាមេរិក ខណៈ​សាមី​ខ្លួន​អះអាង​ថា ពិត​ជា​ចង់​ទៅ​ខ្លាំង។ យ៉ាង​ណា​ក៏​ដោយ លោក មិន​ហ៊ាន​អះអាង​អ្វី​មុន​ទេ រង់​ចាំ​លទ្ធផល​ក្រោយ​សម្ភាសន៍​សិន៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម