បងប្អូនខ្មែរ ២នាក់ កំពុងបំពេញក្តីស្រមៃលើវិថីភាពយន្តហូលីវូដ

  • 2018-04-19 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ណុប ដារិន និង ណុប ដាវិដ គឺជាបងប្អូនខ្មែរ សញ្ជាតិបារាំង ដែលកំពុងបង្ហាញវត្តមានជាតួសម្តែងក្បាច់គុណ និងតួជំនួស តួវាយប្រហារក្នុងខ្សែភាពយន្តល្បីៗ របស់ហូលីវូដ។

បងប្អូនត្រកូល ណុប ទាំងពីរនាក់នេះបានបង្កើតស្នាដៃ និងបង្ហាញពីទម្រង់ក្បាច់គុនដែលសម្តែងដោយជនជាតិខ្មែរ ហើយទាំងពីរនាក់មានមោទនភាពប្រាប់បរទេសថា កូនខ្មែរក៏អាចធ្វើបានដែរ។ ក្នុងបណ្តាលភាពយន្តដែល លោក ដារិន និង ដាវិដ សម្តែងជាតួជំនួស និងក្រុមបង្ហាត់បច្ចេកទេសវាយប្រហារដល់តួសម្តែង មានដូចជារឿង Lucy, Kingsman, Kingsman2, Star Wars ជាដើម។

ដារិន បានប្រាប់ Sabay ឱ្យដឹងដែរថា ៖ «ខ្ញុំមានមោទនភាពដែលមានឈាមជ័រខ្មែរ ទោះកើតលើទឹកដីបារាំង ជា​ជន​ជាតិ​អាស៊ី ដែលមិនល្បីក្នុងសហគមន៍ទំនើបនេះ។ ពេលនេះខ្ញុំកំពុងផ្លាស​់ប្តូរ​​ការ​​គិត​នេះតា​ម​រយៈ​ការងារ​ដែល​ខ្ញុំកំពុងធ្វើ»។ ជាក់ស្តែងសិល្បករសម្តែងក្បាច់គុនដ៏ជំនាញម្នាក់នេះ ជាមួយបងប្អូន ដាវិដ បានកសាងស្នាដៃជាតួសម្តែងឈុត វាយប្រហារ តាមរយៈក្រុមសម្តែង Stun Cascade ដែលដឹកនាំដោយ លោក Chan Maurice ជនជាតិខ្មែរម្នាក់ទៀតនៅប្រទេសបារាំង។

បងប្អូនត្រកូល ណុប ទាំង២ បានចូលរៀនក្បាច់គុនតាំងពីអាយុ ៨ឆ្នាំ ដោយសារតែហេតុផលមួយ​សំខាន់នោះគឺដើម្បីការពារខ្លួន និងគ្រួសារ។ លោក ដារិន បានបន្តប្រាប់ថា៖ «ការរស់នៅក្នុងទីក្រុងដ៏ធំមួយ ដែលមានមនុស្សគ្រប់ប្រភេទ យើងត្រូវបង្កើតច្បាប់ទម្លាប់របស់យើង ហើយ​យើង​ត្រូ​វ​ស្វែង​រក​ការ​គោរព​តាម​វិធី​របស់យើងដូចគ្នា»។ ដោយមានទេពកោសល្យ និងមានសមត្ថភាពផងនោះ បងប្អូនទាំង ២ ត្រូវ​បាន​ទទួល​ស្គាល់​ពី​ជំនាញ​ Stun នេះ ហើយទាំង២នាក់ក៏ទទួលបានឱកាសជាបន្តបន្ទាប់ក្នុងការសម្តែងភាពយន្តខ្នាតយក្ស​ដែលមានការចំណាយរាប់លានដុល្លារអាមេរិក។

លោក ដារិន ក៏បន្តទៀតដែរថា ការសម្តែងក្នុងភាពយន្តហូលីវូដ នីមួយៗ​ចំណាយពេលវេលាច្រើនចាប់ពី ២ ទៅ ៣ឆ្នាំ ដោយរូបលោកត្រូវធ្វើការហាត់សម បង្កើតឆាកប្រយុទ្ធ និងធ្វើការបង្រៀនដល់តួសម្តែង ដែលជាឱកាសឱ្យរូបលោក និងក្នុងក្រុម Stun បាននៅជិតតារាសម្តែងល្បីៗជាច្រើន។ ការងារសម្តែង Stun នេះជាការងារមានគ្រោះថ្នាក់ជាងគេក្នុង​ការ​សម្តែងភាពយន្ត ដែលមានទាំងការលោតប្លោះទីកន្លែងខ្ពស់ៗ ការប្រើកាំភ្លើង កាបិត និងដាវជាដើម។

អ្នកសម្តែង Stun ត្រូវការប្រុងប្រយ័ត្នខ្ពស់ ហើយតួនាទីរបស់តួ Stun ក៏ត្រូវធ្វើការសម្តែងជំនួសតួឯក​ក្នុង​ឈុត​វាយប្រហារគ្រោះថ្នាក់ជាដើមទៀតផង។ បើតាមការបញ្ជាក់របស់ លោក ដារិន ការវាយតបក្នុងឈុតខ្លះក៏មាន​ជ្រុល​ដៃ​ជើង​ហើយប៉ះទង្គិចគ្នាស្តែងៗ បើមិនប្រយ័ត្នអាចចេញឈាមមែនទែន ជួនកាលមានតួ Stun ខ្លះបាក់ដៃ បាក់ជើង និងគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងពេលសម្តែង ដែលនេះជាការប្រឈមរបស់តួ Stun ម្នាក់ៗ។

ឈុត ដារិន សម្តែង Stun ក្នុងរឿង «Kingsman2»

ងាកមកនិយាយពីកម្ពុជាវិញ ដារិន បានប្រាប់ថា កាលពីឆ្នាំ ២០០៩ រូបលោក និង ណុប ដាវិដ ធ្លាប់​មកលេងស្រុក​ខ្មែរបានរយៈពេល ២ខែ ហើយក៏បានចូលរួមបង្ហាញការសម្តែង Stun ឱ្យទូរ​ទស្សន៍​ប៉ុស្តិ៍បាយន្តម្តងដែរ។ ការត្រឡប់មកវិញរបស់បងប្អូនត្រកូលណុបនេះ គឺដើម្បីមក​សួរ​សុខ​ទុក្ខ​លោកតា ដែលកំពុងរស់នៅកម្ពុជា ហើយនិងសាច់ញាតិ។ គួរបញ្ជាប់ផងដែរថា ឪពុកម្តាយ​របស់ ណុប ដារិន ជាជនជាតិខ្មែរដែលបានសុំការជ្រោកកោន នៅប្រទេសបារាំងបានក្នុងឆ្នាំ ១៩៨២ ហើយបង្កើតគ្រួសារ មាន ដារិន និង ដាវិដ ក្នុងប្រទេសបារាំង។

ក្នុងថ្ងៃអនាគត ដារិន និង ដាវិដ ពិតជាចង់ក្លាយខ្លួនជាតារាសម្តែងតំណាងជាតិខ្មែរ ក្នុងភាពយន្តហូលីវូដជាផ្លូវការ ហើយពួកគេនឹងនៅតែបន្តអាជីពជាអ្នកបង្ហាត់ក្បាច់ប្រយុទ្ធ និងតួ Stun សំខាន់សម្រាប់ខ្សែភាពយន្តហូលីវូដជាបន្ត។ លើសពីនោះទៀត ដារិន បានប្រាប់ឱ្យដឹងទៀតថា រូបគេក៏មានគម្រោងត្រឡប់មកកម្ពុជាវិញដើម្បីធ្វើការថតភាពយន្ត Series របស់ខ្លួនដែលមានចំណងជើងថា Shadow of 13 ដែលផលិតបាន ២ វគ្គមកហើយនៅលើទឹកដីប្រទេសបារាំង៕

ប្រិយមិត្តក៏អាចទស្សនារឿងខ្លីរបស់ លោក ណុប ដារិន នៅខាងក្រោមនេះ៖

តាមរយៈវេបសាយផ្លូវការរបស់ លោក ណុបដារិន http://nopbrothers.com

អត្ថបទ៖ Sunny

អត្ថបទពេញនិយម