មង្គលការលើកទី២របស់ម្ចាស់បទ "PPAP" តាំងសុទ្ធ​តែ​ផ្លែឈើលម្អពេញរោងការ

  • 2018-04-18 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​លំដាប់​ A របស់​ប្រទេស​ជប៉ុន​ និង​ជា​ម្ចាស់​បទ​ចម្រៀង​ល្បី​ "PPAP” និង​ភរិយា​ Hitomi Yasueda បាន​រៀប​ចំ​មង្គល​ការ​ម្ដង​ទៀត​ជាមួយ​គ្នា​ក្នុង​ទីក្រុង​តូក្យួកាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​រៀបការ​នឹងគ្នា​លើកទី១ កាល​ពី​ខែសីហា ឆ្នាំ ២០១៧។

ពិធី​នេះ​មាន​ការ​ចូលរួម​ពី​សំណាក់​មិត្តភ័ក្ដិ​ និង​សាច់​ញាតិ​គ្រួសារ​របស់​ Piko Taro និង​ភរិយា​ជា​ច្រើន​នាក់។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​កម្មវិធី​នោះ​ មាន​បង្អែម​ នំនែក ព្រម​ទាំង​ផ្លែឈើ​ច្រើន​មុខ​សម្រាប់​ភ្ញៀវ​ដែល​បាន​មក​ចូល​រួម​ដូចជា​ ផ្លែ​ម្នាស់ ផ្លែប៉ោម និង​ក្រូច​ជាដើម។ ក្រៅ​ពី​ដាក់​ជូន​ភ្ញៀវ​ទទួល​ទាន​ ផ្លែឈើ​ទាំង​នោះ​ ក៏​ត្រូវ​គេ​យក​ទៅ​តាំង​លម្អ​ពេញ​រោង​ការ​ដែរ ដែល​ជា​ទស្សនីយភាព​កម្រ​បាន​ឃើញ​ពីមុន។

មួយ​វិញ​ទៀត​ ដើម្បី​ញ៉ាំង​បរិយាកាស​ឲ្យ​កាន់​តែ​ពិសេស​ កូន​កំលោះ​ Piko Taro ក៏​បាន​ឡើង​បកស្រាយ​បទ​ចម្រៀង​ល្បី​ប្រចាំ​ត្រកូល "PPAP” ផងដែរ។ ទិដ្ឋភាព​ពេញ​ដោយ​សុភមង្គល និង​សំឡេង​អបអរ​ពី​សំណាក់​សាច់ញាតិ​ បង​ប្អូន​ដែល​បាន​ចូលរួម​ទាំង​អស់ ពិតជា​បាន ធ្វើ​ឲ្យ​គូស្នេហ៍​នេះ​មាន​ក្ដី​សុខ​ថែម​មួយ​កម្រិត៕

ប្រភព៖ ent.sina   ប្រែ​សម្រួល៖ យី សុធារី