ឪពុក​ ឡុង​ ជិន​ ផ្ដាំ​កូន​កុំ​ដើរលេង​ ទុក​កម្លាំង​វ៉ៃ​យក​ខ្សែក្រវាត់​

  • 2018-04-19 02:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​បង្កើត​របស់​អ្នក​ប្រដាល់​ ឡុង​ ជិន​ ប្រាប់​កូន​ឲ្យ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​កុំ​ដើរលេង​អី​ទុក​កម្លាំង​ ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ជា​មួយជើង​ខ្លាំង​ កាកា​ នៅ​ចុងខែមេសាខាង​មុខ​នេះ។​

លោក​ សាន ចាន់​ និង​កូនប្រុស

លោក​ សាន​ ចាន់​ ប្រាប់​ឲ្យ​ដឹង​ថា​ ក្នុង​វង្សត្រកូល​ពី​មុន​មក​គ្រួសារ​របស់​លោក​មិន​មាន​អ្នក​ណា​ជា​កីឡាករ​ប្រដាល់​នោះ​ទេ​ ទើប​តែ​មាន​កូន​ប្រុស​ខាង​លើ​ម្នាក់​ប៉ុណ្ណោះ។​ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ នា​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​ លោក​ក៏​បាន​ដាស់តឿន​ ឡុង​ ជិន​ ផង​ដែរ​កុំ​ឲ្យ​ភ្លេច​ខ្លួន​ចំពោះ​ការ​ហ្វឹកហាត់​ ឬ​ចំណាយ​ពេល​មិន​សូវ​មាន​ប្រយោជន៍​នានា​ ដូច​ជា​ដើរលេង​ ផឹក​ស៊ី​អី​ជា​ដើម។​

ឡុង ជិន(ក្រហម)

សម្រាប់​ការ​ប្រកួត​នោះ​ដែរ​ បុរស​វ័យ​ ៤៥ឆ្នាំ​ ខាង​លើ​ មិន​ហ៊ាន​រំពឹង​ច្រើន​ទេ​ ពោល​ត្រឹម​៥០%​ សិន​ ព្រោះ​ដៃគូ​ខ្លាំង​ សមត្ថភាព​ប្រកួត​មិន​ធម្មតា​ឡើយ។​ នៅ​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​លោក​នឹង​មក​លើក​ទឹក​ចិត្ត​កូន​ដល់​ផង​ដែរ។​

ឡុង ជិន​ ឈ្នះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

លោក​ សាន​ ចាន់​ ជា​អ្នក​ខេត្ត​កណ្ដាល​ត្រូវ​ជា​ឪពុក​អ្នក​លេង​គុន​ខ្មែរ​ ឡុង​ ជិន​ ហើយ​នៅ​ថ្ងៃទី២៧​ ចុង​ខែ​មេសា​នេះ​ កូន​ប្រុស​របស់​លោក​ នឹង​ត្រូវ​ឡើង​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ ទម្ងន់​៦០គីឡូក្រាម​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​