អាណិតណាស់! ទម្រាំបាន១រឿងៗដាក់បញ្ចាំង ផលិតករខ្មែរ ត្រូវចំណាយពេលរាប់ខែ
- 2018-04-20 06:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតណាស់! ទម្រាំបាន១រឿងៗដាក់បញ្ចាំង ផលិតករខ្មែរ ត្រូវចំណាយពេលរាប់ខែ
ចន្លោះមិនឃើញ
ខ្សែភាពយន្តដែលមានរយៈពេលចាប់ពី ១ ម៉ោងឡើងរហូតដល់ ២ ឬ ៣ ម៉ោង ទម្រាំតែផលិតចប់ត្រូវចំណាយពេលគិតគូរ រៀបចំ ហ្វឹកហាត់ សមសម្តែង ថត ហើយនឹងកាត់ត រហូតដើរផ្សព្វផ្សាយ ចាយពេលវេលាមិនតិចជាង ៣ ខែ ឬកន្លះឆ្នាំឡើងទៅទេ។
លើសពីការប្រើពេលផលិតខ្សែភាពយន្តនីមួយៗ ម្ចាស់ផលិតកម្មព្រមទាំង ផលិតករក៏ត្រូវឆ្លងកាត់ការរៀបចំឯកសារស្នើរសុំការអនុញ្ញាតថត ពីក្រសួងវិចិត្រសិល្បៈ និង វប្បធម៌ តាមរយៈនាយកដ្ឋានភាពយន្ត។ ដោយផលិតករដែលមានផលិតកម្មស្របច្បាប់ ត្រូវផ្ញើ សេនារេយ៉ូរឿង សាច់រឿងសង្ខេប ឈ្មោះអ្នកនិព្ធ អ្នកដឹកនាំរឿង ឈ្មោះផលិតកម្ម ទីតាំងថត ពេលវេលាថត និងឈ្មោះតួសំខាន់ៗ ជាដើមទៅកាន់នាយកដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យ មុនចេញលិខិតអនុញ្ញាតិ។
បន្ទាប់មកទៀត ផលិតករត្រូវរងចាំការទំនាក់ទំនងមកទទួលពីលិខិតអនុញ្ញាតផ្លូវការពីក្រសួង ១៥ថ្ងៃក្រោយការដាក់លិកខិតស្នើរសុំថតភាពយន្ត។ ក្នុងករណី សេនារេយ៉ូរឿង មានបញ្ហាមួយចំនួនដែលត្រូវបានហាមឃាត់ដោយច្បាប់ដូចនេះការផលិតករត្រូវបានកោះហៅដើម្បីធ្វើការកែសម្រួល មុននឹងទទួលបានលិកខិតអនុញ្ញាត។ ការហាមឃាត់ មួយចំនួននៅក្នុងភាពយន្តមានដូចជារឿងណាដែលមានអត្ថន័យប៉ះពាល់រឿងនយោគបាយ ប៉ះពាល់សាសនា និយាយពីការសំងាត់ជាតិ ឬក៏ជារឿងអាសអាភិសជាដើម។
ក្រោយទទួលបានពាក្យស្នើរសុំផលិតភាពយន្ត ដែលមានឯកសារស្របច្បាប់ និងត្រឹមត្រូវ ផលិតករមានសិទ្ធយកផលិតផលភាពយន្តសម្រេចមកត្រួតពិនិត្យ និងសុំទិដ្ឋការចាក់ផ្សាយលើរោងភាពយន្តយ៉ាងតិច៦០ថ្ងៃក្រោយទទូួលបានលិកខិតអនុញ្ញាតិផលិតភាពយន្តនោះ។ ការកំណត់បែបនេះមានន័យថា ផលិតករ មិនអាចយកភាពយន្តរបស់ខ្លួនមកសុំទិដ្ឋការបានទេ ព្រោះពេលវេលានៃការផ្តល់លិកខិតអនុញ្ញាតិមិនទាន់គ្រប់ ៦០ថ្ងៃ ដែលធ្វើបែបនេះដើម្បីបង្ការផលិតកម្មខ្លះដែលធ្វើការថតភាពយន្តមុនហើយទើបមកសុំច្បាប់តាមក្រោយ។
នៅក្នុងនោះភាពយន្តនីមួយៗនឹងត្រូវបែបចែកជា ៣ ចំណាត់ថ្នាក់ ដូចជាចំណាត់ថ្នាក់សម្រាប់អ្នកទស្សនាទូទៅ ចំណាត់ថ្នាក់ ១៨ឆ្នាំ ដែលអាចទស្សនាបានចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ និងចំណាត់ថ្នាក់ ១៥ឆ្នាំ សម្រាប់ភាពយន្តដែលអ្នកទស្សនាត្រូវមានអាយុចាប់ ១៥ឆ្នាំឡើងទៅ។ ការចែកប្រភេទរឿងនេះត្រូវបានសម្រេចដោយនាយកដ្ឋានភាពយន្ត ហើយក៏ត្រូវបានព្រមព្រៀងគ្នាជាមួយផលិតករ និងម្ចាស់ផលិតកម្មផងដែរក្នុងន័យការពារការផ្សព្វផ្សាយដែលអាចប៉ះពាល់ដល់សតិអារម្មណ៍ ឬមានរូបភាពខ្លះប៉ះពាល់ដល់ទស្សនិកជនអាយុមិនគ្រប់ ដែលការអនុវត្តនេះមាននៅគ្រប់ប្រទេសលើពិភពលោក។
ផលិតករភាពយន្តជំនាន់ថ្មី អាចគិតថាជាការលំបាក ព្រោះមានការគ្រប់គ្រង និងស្នើសុំច្រើន ក៏ប៉ុន្តែការងារស្នើសុំបែបនេះត្រូវបានផលិតកម្មជើងចាស់ៗ អនុវត្តជាច្រើនឆ្នាំមកហើយ។ រួមទាំងទស្សនិកជនផងដែរ ក៏អាចមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ផលិតករខ្មែរដែលព្យាយាមផលិតភាពយន្តដើម្បីបង្ហាញពីទស្សនៈ កម្សាន្ត និងការអប់រំក្នុងខ្សែរឿងនីមួយៗ។ អ្វីដែលផលិតករខ្មែរជាច្រើនចង់បានពីទស្សនិកជនខ្លួនវិញគឺការគាំទ្រស្នាដៃរបស់ខ្មែរបើទោះជាសមត្ថភាពផលិតរបស់ផលិតករខ្មែរនៅមានកម្រិតតែក៏ល្អជាជាងពួកគាត់មិនផលិត។
ក្នុងនោះផងដែរ តាមការ ស្នើសុំពី លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត ក៏សុំឱ្យផលិតករខ្មែរខ្លួនឯងពង្រឹងសមត្ថភាពផលិតរបស់ខ្លួន និងគួរតែស្វែងរកដៃគូសហការណ៍ផលិតពីបរទេសដែលពួកគេមានបទពិសោធន៍និងបច្ចេកទេសដើម្បីផលិតករឬអ្នកដឹកនាំរឿងខ្លួនឯងមានឱកាសរៀនសូត្រទាញប្រយោជន៍សហប្រតិបត្តការណ៍ពីដៃគូបរទេស ទាំងភាពយន្តសម្រាប់ពាណិជ្ជកម្ម និងភាពយន្តសិល្បៈសម្រាប់មហោស្រព៕