Motorola ចេញ​លក់​​ទូរសព្ទ​​កាមេរ៉ា​ភ្លោះ តម្លៃ​មហា​ធូរ​ថ្លៃ​

  • 2018-04-22 03:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​ Motorola បាន​​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​ចំនួន​ ៣ ម៉ូដែល​ ជា​ប្រភេទ​ស្មាតហ្វូន​ធន់​កណ្ដាល​ មាន​តម្លៃ​ធូរ​ថ្លៃ​ ប៉ុន្តែ​លក្ខណៈ​សម្បត្តិ​​អាច​ប្រៀប​នឹង​ស្មាតហ្វូន​កំពូល​​មួយ​ចំនួន​បាន។

ស្មាតហ្វូន​ទាំង​បី​ម៉ូដែល​គឺ​ជា​ត្រកូល​ Moto G6 ដែល​មាន​លក្ខណៈ​សម្បត្តិ​ដូច​ៗ​គ្នា​មួយ​ចំនួន​ រួម​មាន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Oreo 8.0, អេក្រង់​ដែល​មាន​មាត្រដ្ឋាន​ 18:9 និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​​លើ​​ប៊ូតុង​ Home។ ស្មាតហ្វូន​ទាំង​ ៣ ក៏​មាន​បំពាក់​នូវ​ភ្លើង​ LED នៅ​ផ្នែក​ខាង​មុខ​សម្រាប់​ការ​ថត​រូប​ Selfie។

Moto G6 Plus

​ក្នុង​ចំណោម​ ៣ ម៉ូដែល​ G6 Plus ជា​ម៉ូដែល​មាន​កម្លាំង​ខ្លាំង​ជាង​គេ។ វា​មាន​បំពាក់​នូវ​អេក្រង់​ទំហំ​ ៥,៩ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1080 ភីកសែល, ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 630 ដែល​មាន​ RAM ទំហំ​ ៤ GB និង ៦ GB។

កាមេរ៉ា​ភ្លោះ​​នៅ​ផ្នែក​ខាង​ក្រោយ​គឺ​រួម​ផ្សំ​គ្នា​ដោយ​កាមេរ៉ា​​មេ​កម្រិត​ ១២ MP និង​កាមេរ៉ា​ទីពីរ​​កម្រិត​ ៥ MP។ កាមេរ៉ា​នេះ​ក៏​មាន​បច្ចេកវិទ្យា​ Dual Pixel Auto Focus អាច​ថត​វីដេអូ​ក្នុង​កម្រិត​ដល់​ 4K។ កាមេរ៉ា​ខាង​មុខ​មាន​កម្រិត​ ៨ MP អាច​ថត​វីដេអូ​កម្រិត​ 1080 ភីកសែល។

ថាមពល​ថ្ម​មាន​ទំហំ​ ៣២០០ mAh និង​មាន​កម្រាស់​ ៨ ម.ម ហើយ​​មាន​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ដល់​ទំហំ​ ១២៨ GB ដែល​អាច​បន្ថែម​ទំហំ​បាន​តាម​រយៈ​មេមូរី​កាត។ G6 Plus នឹង​មាន​លក់​លើ​ទីផ្សារ​បរទេស​នៅ​សប្ដាហ៍​ទី​មួយ​នៃ​ខែ​ឧសភា​ ជា​មួយ​តម្លៃ​ចាប់​ពី​ ៣៦៩ ដុល្លារ។

Moto G6

Moto G6 មាន​អេក្រង់​ទំហំ​ ៥,៧ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1080 ភីកសែល, ប្រើ​បន្ទះ​ឈីប​ Snapdragon 450 ដែល​មាន​ RAM ទំហំ​ ៣ GB និង ៤ GB រួម​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ៣២ GB និង ៦៤ GB (មាន​រន្ធ​សម្រាប់​ដាក់​មេមូរីកាត)។

កាមេរ៉ា​ភ្លោះ​មាន​កម្រិត​ ១២ MP លាយ​នឹង ៥ MP ដូច​ជា​ G6 Plus ដែរ​ ប៉ុន្តែ​មិន​មាន​បច្ចេកវិទ្យា​ Dual Pixel និង​គ្មាន​សមត្ថភាព​ថត​វីដេអូ​ដល់​ 4K នោះ​ទេ ជំនួស​មក​វិញ​នូវ​វីដេអូ​កម្រិត​ 1080 ភីកសែល​ក្នុង​ល្បឿន​ ៦០ ប្លង់/វិនាទី។ កាមេរ៉ា​ខាង​មុខ​មាន​កម្រិត ៨ MP។

ថ្ម​មាន​ទំហំ​ ៣០០០ mAh និង​មាន​កម្រាស់​ ៨,២ ម.ម ដោយ​មាន​តម្លៃ​ចាប់​ពី​ ៣០៧ ដុល្លារ។

Moto G6 Play

ចំណុច​ខ្លាំង​របស់​ G6 Play គឺ​មាន​ថ្ម​ទំហំ​ដល់​ ៤០០០ mAh។ Motorola អះអាង​ថា​ថាមពល​ថ្ម​របស់​ G6 Play អាច​ប្រើ​បាន​​ដល់​ ៣៦ ម៉ោង​ ពេល​សាក​បំពេញ​ម្ដង។

មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 430, អេក្រង់​ទំហំ​ ៥,៧ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 720 ភីកសែល, RAM មាន​ទំហំ​​៣ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៣២ GB (មាន​រន្ធ​សម្រាប់​ដាក់​មេមូរី​កាត)។

កាមេរ៉ា​ខាង​ក្រោយ​មាន​តែ​មួយ​គ្រាប់​​មាន​កម្រិត​ ១៣ MP អាច​ថត​វីដេអូ​កម្រិត​ 1080 ភីកសែល​ក្នុង​ល្បឿន​ ៣០ ប្លង់/វិនាទី ឯ​កាមេរ៉ា​ខាង​មុខ​មាន​កម្រិត​ ៨ MP។ Moto G6 Play មាន​តម្លៃ​​ប្រមាណ​ ២៤៦ ដុល្លារ៕​​​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី