៦​ ចំណុច​គួរ​ពិចារណា មុន​ពេល​សម្រេច​ចិត្ត​ទៅ​ធ្វើការ​ឆ្ងាយ​ចោល​គូស្នេហ៍​

  • 2018-04-22 08:51:17
  • ចំនួនមតិ

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​គូស្នេហ៍ ឬ ប្តី​ប្រពន្ធ ត្រូវ​បំពេញ​ការងារ​ឆ្ងាយ​ពី​គ្នា​រយៈ​ពេល​យូរ​​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ។ ទាមទារការ​ទុក​ចិត្ត​គ្នា ភាព​អត់ធ្មត់ ស្វែង​យល់​ពី​គ្នា​ ពិសេស​គឺ​ការ​តាំង​ចិត្ត​មួយ​ខ្ពស់​ទោះ​ដឹង​ថា​ពិបាក​ធ្វើ​ក៏​ដោយ។

រឿង​មួយ​ចំនួន​ដែល​​ត្រូវ​គិត​ឲ្យ​ច្បាស់ មុន​សម្រេច​ចិត្ត​​ទៅ​​ធ្វើការ​ងាយ​ឆ្ងាយ​ចោល​​គូស្នេហ៍​៖

១. ចង់​មិន​ចង់​ ជីវិត​​ទំនាក់ទំនង​របស់​អ្នក នឹង​ទទួល​រង​ផល​ប៉ះ​ពាល់​ទោះ​តិច​ឬ​ច្រើនក្តី

អ្នក​ចង់​ចំណាយ​ពេល​ច្រើន​បំផុត​តាម​អាច​ធ្វើ​បាន​​ជាមួយ​ដៃគូ តាម Skype ឬ Messenger។ ជា​រឿយៗ អ្នក​បាន​បដិសេធ​​ទំនាក់ទំនង​មិត្តភ័ក្ដិ និង​ការចូលរួម​សកម្មភាព​ផ្សេងៗ បន្តិច​ម្តងៗ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ឆ្ងាយ​ពី​សង្គម ឬ ត្រូវ​ប្រឈម​នឹង​គូស្នេហ៍​ ដើម្បី​បកស្រាយ​ថា​ហេតុ​អ្វី​បាន​ជា​មិន​បានអនឡាញ។

២. ជួនកាល​អ្នក​នឹង​ឆ្ងល់​ថា​អ្នក​កំពុង​ធ្វើ​ខុស​អ្វី​មួយ

បើ​ទោះ​ជា​ការ​ស្រលាញ់​ពិត​ប្រាកដ​ត្រូវ​ចេញ​ពី​បេះដូង ប៉ុន្តែ ពេលខ្លះ​អ្នក​នឹង​ឆ្ងល់​ពី​អ្វី​ដែល​កំពុង​ធ្វើ​។ ជា​ការ​ពិត​ អ្នក​ស្រលាញ់​ប្តី​ឬ​ប្រពន្ធ​របស់​អ្នក ប៉ុន្តែ​អ្នក​អាច​នឹង​មាន​មន្ទិល​ថា​អ្នក​ចង់​ចំណាយ​ពេល ២ ទៅ ៣​ឆ្នាំ​ទៅ​មុខ​ទៀត​ដោយ​គ្រាន់​តែ ផ្ញើសារ​ ឬ video chat រក​គ្នា ជាជាង​មាន​ជីវិត​ពិត​ប្រាកដ​មួយ​ជាមួយ​គ្នា?

៣. មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​ នឹង​​មិន​យល់​ដូច​អ្នក

បើ​ទោះ​ជា​នៅ​ជុំវិញ​ខ្លួនអ្នក​មាន​មិត្តភ័ក្ដិ បងប្អូន ចាំ​ជួយ​គាំទ្រ ប៉ុន្តែ​ពួកគេ​នឹង​នៅ​តែ​បារម្ភ​ថា ការ​វិនិយោគ​ពេលវេលា​ និងថាមពល​របស់​អ្នក​ច្រើន​ទៅ​លើ​មនុស្ស​ម្នាក់​នឹង​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​សុខភាព​ ឬ បាក់​ទឹក​ចិត្ត។

៤. ទាមទារ​សម្បទាន​ពី​ភាគី​ទាំង​សងខាង

នៅ​ពេល​ប្តីប្រពន្ធ ឬ គូស្នេហ៍​រស់​នៅ​ឆ្ងាយ​ពី​គ្នា ជា​ចាំបាច់​តម្រូវ​ឲ្យ​ទាំង​សងខាង​លះបង់​ភាព​ចាំបាច់​ម្នាក់​ពាក់​កណ្ដាល។ ឧទាហរណ៍​ទាំង​សង​ខាង​​មាន​ការ​ងារ​រៀង​ៗ​ខ្លួន​ត្រូវ​បំពេញ នៅ​ប្រទេស​ផ្សេង​គ្នា ពេល​វេលា​ខុស​គ្នា ហើយ​ប្រសិន​បើ​នរណា​ម្នាក់​រក​រឿង​គ្នា​មុន​ទៀត រឹត​តែ​ធ្វើ​ឲ្យ​ម្ខាង​ទៀត​យល់​ថា​ខ្លួន​ក៏​​មាន​ភាព​ចាំបាច់​ត្រូវ​ធ្វើ ហើយ​រឹត​តែ​ខឹង​តប​វិញ ព្រោះ​មិន​គួរ​ណា​ដៃ​គូ​មក​ធ្វើ​ឲ្យ​ខ្លួន​រវល់​លើ​រវល់​ដូច្នោះ​ឡើយ។

​​​៥. វា​រឹត​តែ​ពិបាក​នៅ​ពេល​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​គ្នា

ដៃគូ​ខ្លះ​តែង​ចង់​​រៀប​ដំណើរ​កម្សាន្ត​ជាមួយ​គ្នា ហើយ​​តែង​ទទួល​បាន​អារម្មណ៍​ល្អ​នៅ​ពេល​នៅ​ជិត​គ្នា។ ផ្ទុយ​ទៅ​វិញ ការ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​តែង​ធ្វើ​ឲ្យ​ពួក​គេ​មិន​ស្ងប់​ក្នុង​ចិត្ត ដែល​បង្ក​ទៅ​ជា​ភាព​ថ្នាំងថ្នាក់​ ជា​ជាង​ពេល​ដែល​ពួក​គេ​នៅ​ក្បែរ​គ្នា។

៦. អ្នកត្រូវ​តែ​ត្រៀមខ្លួន​ទទួល​យក​​ការ​ដែល​មាន​ពេល​វេលា​តិចតួច​ជាមួយ​គ្នា

គូស្នេហ៍​ខ្លះ​អាច​នៅ​ឆ្ងាយ​ពី​គ្នា​ និង មាន​ក្តី​សុខ​ដោយ​រលូន ពី​ព្រោះ​ម្នាក់ៗ​បាន​ផ្តោត​លើ​ភារកិច្ច​ចាំបាប់​ជា​អាទិភាព​រៀងៗ​ខ្លួន និងប្រើ​ពេល​វេលា​តិចតួច​របស់​ពួកគេ​ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្រួសារ​ដែល​កំពុង​រស់​នៅ​ឆ្ងាយ​ពី​គ្នា។ ប៉ុន្តែ​មិន​មែន​សុទ្ធ​តែ​គ្រប់គ្នា​សុទ្ធ​តែ​ធ្វើ​បាន​ឡើយ ព្រោះ​ប្តីប្រពន្ធ​ដែល​នៅ​កាន់​តែ​ឆ្ងាយ​ពី​គ្នា​កាន់​តែ​មាន​រឿង​ឈឺ​ក្បាល​ជា​ច្រើន៕


ប្រភព៖ Businessinsider   ប្រែសម្រួល៖ លាងហ៊ត