មូលហេតុ​៥​យ៉ាង​ដែល​ Real Madrid ត្រូវ​តែ​យក​ឈ្នះ​ Bayern

  • 2018-04-23 09:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​អាល្លឺម៉ង់​នៅ​ថ្ងៃ​ពុធ​​ដើម្បី​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Champions League ជាមួយ​ Bayern Munich។

គ្មាន​នរណា​អាច​ទាយ​បាន​នោះ​ទេ​ថា​រវាង​ក្រុម​យក្ស​ទាំង​ពីរ​តើ​មួយ​ណា​មាន​ភាគរយ​ខ្ពស់​ជាង​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដោយ​សារ​ពួកគេ​សុទ្ធ​តែ​ខ្លាំង​ដូចគ្នា។​ ចំពោះ​ទម្រង់​លេង​របស់​ Real ហាក់​ពិបាក​ស្មាន​បន្តិច​ព្រោះ​ក្រុម​នេះ​ឡើង​ចុះ​តាម​ប្រកួត​ តែ​យ៉ាង​ណា​មាន​មូលហេតុ​៥​ដែល​លោក​ Zidane ត្រូវ​តែ​យក​ឈ្នះ​ Bayern៖

១. Real Madrid មិន​ចង់​បញ្ចប់​រដូវ​កាល​ដោយ​បាត​ដៃ​ទទេ

Real Madrid បាន​លើក​ពាន​ Spanish Super Cup និង​ Club World Cup កាល​ពី​ដើម​រដូវ​កាល​តែ​សម្រាប់​ពាន​ធំ​៣​រដូវ​កាល​នេះ​ពួកគេ​បាន​របូត​អស់​២​ហើយ​គឺ Copa del Rey និង​ La Liga ដូច្នេះ​ UEFA Champions League គឺ​ជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាឌ្រីដ។

២. ទម្រង់​លេង​ដែល​មិន​អាច​ទាយ​ទុក​មុន​បាន​របស់​ Zidane

Real Madrid ហាក់​មាន​ទម្រង់​លេង​ខ្សោយ​នៅ​ពាន​ក្នុង​ស្រុក​ទាំង​ La Liga និង​ Copa តែ​ពួកគេ​គឺ​ជា​ក្រុម​ខ្លាំង​បំផុត​មួយ​នៅ​ពាន​ទ្វីប​អឺរ៉ុប។ មុន​ឡើង​មក​ដល់​វគ្គ​នេះ​ពួកគេ​បាន​ទម្លាក់ PSG ជា​ជើង​ឯក​មក​ពី​បារាំង​ រួច​បន្ត​ទម្លាក់​ Juventus ក្រុម​ជើង​ឯក​មក​ពី​អ៊ីតាលី​ថែម​ទៀត។

៣. កំណត់ត្រា​ល្អ​ទល់​នឹង​ Bayern

Bayern Munich គឺ​ជា​ក្រុម​ខ្លាំង​ ប៉ុន្តែ​បើ​មើល​លើ​ប្រវត្តិ​ជួប​គ្នា​កន្លង​មក​ទល់​នឹង​ Real Madrid ពួកគេ​ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ទេ​។ ក្រុម​ជើង​ឯក​អាល្លឺម៉ង់​បាន​ទម្លាក់​ Real Madrid វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ដោយ​បាល់​ប៉េណាល់​ទី​កាល​ពី​រដូវ​កាល ២០១១-១២ តែ​បន្ទាប់​ពី​នោះ​មក​ពួកគេ​ចាញ់​រហូត (ធ្លាក់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ២០១៣-១៤ និង​ វគ្គ​៨ក្រុម​ ២០១៦-១៧)។

៤. Real គឺ​ជា​បង​ធំ​នៅ​ Champions League

ក្រៅ​ពី​ជា​ជើង​ឯក​១២​សម័យ​កាល​ អ្វី​ដែល​គេ​មិន​អាច​ប្រកែក​បាន​គឺ​ Real Madrid បាន​ឈ្នះ​ពាន​ Champions league ៣​ដង​ ត្រឹម​រយៈពេល​​៤​ឆ្នាំ​​ចុង​ក្រោយ​ប៉ុណ្ណោះ​។

៥. កូន​សោ​សំខាន់​ Ronaldo

Ronaldo គឺ​ជា​កូន​សោ​សំខាន់​របស់​ Real Madrid នៅ​ Champions league។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ស៊ុត​ចូល​ទី​១៥​គ្រាប់​នៅ​រដូវ​កាល​នេះ​ សរុប​ ១២០​គ្រាប់​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ Champions league។ តារា​ឆ្នើម​​វ័យ​៣២​ឆ្នាំ​ត្រូវ​ការ​ឈ្នះ​ពាន​ទ្វីប​អឺរ៉ុប​នេះ​ជា​ចាំ​បាច់​ដើម្បី​ប្រជែង​យក​ Ballon d'Or៕

ប្រភព៖ UEFA   អត្ថបទ៖ វិរ័ត្ន

អត្ថបទថ្មី