​ពុំ ធារ៉ា​ចិន្តា ហាត់​របាំ​តាំងពីក្មេងដើម្បី​ជួយ​ជាតិ​

  • 2018-04-24 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ដោយ​មិន​នឿយ​ណាយ ចំពោះ​ការ​ហ្វឹក​ហាត់​ផ្នែក​របាំ​បុរាណ ជាពិសេសនាង​មោទកភាព​ថា ខ្លួន​ជា​ចំណែក​មួយ​នៃ​ការ​ជួយ​ជាតិ​តាមរយៈ​ការ​សម្ដែង​ ផ្សព្វ​ផ្សាយ​ ការ​ថែរក្សា​ និងការ​សាបព្រោះ​បន្ត​នូវ​មរតក​ដ៏​ល្អ​ឯក​នេះ។

​នាដ​ការ ​ពុំ ធារ៉ា​ចិន្តា​ បាន​ចូល​ហាត់​របាំ​តាំង​ពី​មាន​អាយុ​៨ឆ្នាំ​ ក្នុង​អំឡុង​ឆ្នាំ​១៩៩៣​ រហូត​មក​ដល់​ពេល​នេះ​នាង​បាន​ហាត់​របាំ​អស់​រយៈ​ពេល​ ជា​ច្រើន​​ឆ្នាំ​មក​ហើយ​​។

នាង​នៅ​តែ​គ្មាន​អារម្មណ៍​នឿយ​ណាយ ពេល​​​ដែល​ចេញ​សម្ដែង​ កត្តា​ដែល​នាង​មិន​នឿយ​ណាយ​ព្រោះ​នាង​គិត​ថា​ការ​សម្ដែង​សិល្បៈ​នេះ​ជា​​ចំណែក​មួយ​នៃ​ការ​ជួយ​ជាតិ​។ «ខ្ញុំ​មាន​មោទកភាព​ រាល់​ពេលសម្ដែង​​ ព្រោះ​យើង​ទៅ​បរទេស​មិន​ត្រឹម​តែ​ដើរលេង​ទេ ​តែ​យើង​ក៏​បាន​ទៅ​សម្ដែង​ ឲ្យ​គេ​បាន​ឃើញ​ពី​វប្បធម៌​យើង​ទៀត​ផង​ ។ បង​គិត​ថា​នេះ​ក៏​ជា​ចំណែក​មួយ​ដែល​បង​ជាខ្មែរ​ម្នាក់​អាច​ជួយ​រក្សា​វប្បធម៌​ប្រពៃណី​ខ្មែរ​» ​ពុំ ធារ៉ា​ចិន្តា​ រៀបរាប់។

ពុំ ធារ៉ាចិន្តា (រូបឆ្វេងដៃ)

អ្វីដែលរឹងតែពិសេសនោះ ក្រៅពី​សកម្ម​ភាព​សម្ដែង​​នៅ​លើ​ឆាក ស្រី​ស្រស់​រូប​នេះ​បាន​ បង្កើត​ផេក​ ហ្វេស​ប៊ុក ដើម្បី​បង្ហាញ​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន ដែល​ទាក់​ទង​ទៅ​នឹងប្រវត្តិ អត្ថន័យ​មួយ​ចំនួន​​ នៃ​ក្បាច់​របាំ​ដល់​មហាជន​ទៀត​ផង​។

ហាក់​ងប់ងល់នឹងរបាំខ្មែរ ដកចិត្តមិនរួចទៅហើយ ថ្ងៃអនាគត​នាង​មាន​បំណង​ធ្វើស្ទូឌីយូហាត់​រាំ​មួយ​ដែល​មាន​កញ្ចក់​ពេញ​ ដើម្បីឲ្យ​អ្នក​ហាត់​រាំ​មាន​ភាព​ងាយ​ស្រួល​មើល​ឃើញពី​ចំណុចខ្វះ​ខាត​របស់​ខ្លួន និងអាច​ហាត់​ស្រុះ​គ្នា​បាន​ល្អ។

​កូន​ស្រី​ច្បង​របស់ ឯក​ឧត្តម​ យន់ ខៀន (យន់ ធារ៉ា​) ដែល​ជា​តន្ត្រី​ករ និងសាស្រ្តា​​ចារ្យ​ឧបករណ៍បុរាណ​​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស នាង​មាន​ម្ដាយ​ជា​ស្រ្តី​មេផ្ទះ​ ហើយ​​មាន​បង​ប្អូន​ចំនួន​៣នាក់ ប្រុស ២​ស្រី​ ម្នាក់​។ ក្រុម​គ្រួសារ​នាង​ជា​អ្នក​ផ្តល់​កម្លាំ​ង​ចិត្ត​ប្រឹង​ហាត់​សិល្បៈ ចំណែក​ប្អូន​ប្រុសទាំង​ពី​រមាន​និស្ស័យខាង​សិល្បៈ​ដែរ មិន​ចាប់​ជំនាញ​ជា​អាជីព​នោះ​ទេ​។​

​​​​នាដកា​រ ពុំ ធារ៉ា​ចិន្តា បច្ចុប្បន្ន​ជាអនុប្រធាន​ការិយាល័យ​ផ្នែក​បណ្តុះ​បណ្តាល​ នៃនាយកដ្ឋានសិល្បៈទស្សនីយភាព របស់​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ។ នាង​ក៏​​ធ្លាប់ធ្វើជា​​ពិធី​ការិនី និង​ចូល​រួម​សម្ដែងក្នុង​កម្ម​វិធី​ «សំណើច​គ្រួសារ​ខ្ញុំ» តួ​ឈ្មោះ ​មីង​ ណាគ្រី​។ ជា​ញឹក​ញាប់​ស្រី​ស្រស់​រូប​នេះ​តែ​តែង​បង្ហាញ​​សមត្ថ​ភាព​ក្នុង​ការ​សម្ដែង​របាំ​បុរាណ​នៅ​ក្នុង​កម្មវិធី​ធំ​ៗរបស់​ជាតិ​ ដែល​បង្ហាញ​ពី​សិល្បៈ​ដ៏ល្អឯក​របស់​ខ្មែរ​៕

អត្ថបទ៖ ច្រឹក ស្រីអូន

រូប​ភាពផ្ដល់សិទ្ធដោយ ពុំ ធារ៉ាចិន្តា