គុណធម៌៣នេះ ទើបកាហ្វេសរីរាង្គឈរជើងមាំ ក្រោយផ្ទុះរឿងកាហ្វេថ្មពិល កក្រើកហ្វេសប៊ុក!

  • 2018-04-25 01:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ផ្ទុះ​រឿង​កាហ្វេ​ផលិត​ពី​ថ្មពិល​នៅ​ប្រទេស​វៀតណាម ម្នាក់ៗ​នៅ​តែ​ភ្ញាក់​ខ្លួន​ក្រញាង​ ហួសចិត្ត​ពីភាព​កខ្វក់​ និង​ផល​ប៉ះពាល់​សុខភាព​ជាច្រើន នៃ​អាជីវកម្ម​ខ្វះ​គុណធម៌។

ផ្ទុយ​ពី​កាហ្វេ​ថ្មពិល​ កាហ្វេ​សរីរាង្គ​ជា​ប្រភេទ​កាហ្វេ​ក្នុងស្រុក​ថ្មីមួយ​ ដែល​ទើបតែ​ចាប់​ផ្ដើម​អាជីវកម្ម​បាន​ប្រមាណ​ជាង៤ខែ​ គឺ​ពី​ចុង​ឆ្នាំ២០១៧មក។ ក្រុម​អាជីវកម្ម​កាហ្វេ​នេះ​ បាន​បញ្ជាទិញ​គ្រាប់​កាហ្វេ​ពី កសិករ​បម្រុងទុក​ ប្រមាណ៣តោន​ ដើម្បី​ឆ្លើយតប​នៅនឹង​សន្ទុះ​នៃការ​គាំទ្រ។

សហគ្រិនវ័យក្មេង លោក កុក ថា អ្នក​គ្រប់គ្រង​អាជីវកម្ម​កាហ្វេ​សរីរាង្គ​ បាន​ឲ្យ​ដឹង​ថា ទោះ​ដំណើរការ ទើបបានខ្លី​ក៏ពិត​មែន​ ប៉ុន្តែ គុណភាព និង​គុណធម៌​ នៃ​កាហ្វេ​សរីរាង្គ​គឺ​មាន​ ភាព​ចាស់ទុំ និង​ផែនការ​ច្បាស់លាស់​ គួរឲ្យ​មោនភាពរួមមាន៣ចំណុច៖

​១. គាំទ្រ​ដល់​កសិករ​ខ្មែរ ដែល​ខិតខំ​ដាំដុះ​៖​​ ចំណុច​នេះ​គឺ​ដើម្បី​បង្កើត​ការងារ​រយៈពេល​វែង​ដល់​សហគមន៍​ឲ្យបាន​ច្បាស់លាស់ និង​ជួយ​លើកកម្ពស់​ជីវភាព​កសិករ​ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគតិច នៅ​តំបន់​ប៊ូស្រា​ ខេត្ត​មណ្ឌលគិរី។ មួយវិញទៀត​ គឺ​ជួយ​កសិករ​ដែល​បាន​ចំណាយ​ពេល​ដាំ​កាហ្វេ​ កុំឲ្យ​បារម្ភ​រឿង​ខ្វះ​ទីផ្សារ​ក្រោយ​ពេល​បាន​ផល​។

​២. យក​ចិត្ត​ទុកដាក់​ដល់​សុខុមាលភាព​របស់​អ្នក ហូប​កាហ្វេ និង​ភេសជ្ជៈ៖​ ជាចំណុចសំខាន់ទី២​ ដែល​នេះ​មិនមែន​ជា រឿង​លេងសើច​ គឺ ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្ពស់។ អាជីវកម្ម​កាហ្វេ​ មិនមែន​ដើម្បី​តែ​ប្រាក់​ចំណេញ​មួយ​មុខ​ រួចមក​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អតិថិជន​នោះទេ។ គ្រាប់​ កាហ្វេ​សរីរាង្គ​ មុនសម្រេច​យក​មកលក់​ គឺត្រូវ​ឆ្លងកាត់​ក្រុម​វាយតម្លៃ​ ដែល​មាន​ការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ស្ថាប័ន​ជំនាញ។

​៣. ជំរុញ​វប្បធម៌​នៃ​ការ​ចែករំលែក​ចំណេះដឹង បទពិសោធន៍​រវាង​ប្រជាជន​ខ្មែរ៖​ រៀងរាល់​ចុង​សប្ដាហ៍​នៅ ហាង​កាហ្វេ​នេះ តែង​មាន​វេទិកា​ ញ៉ាំ​កាហ្វេ​ផ្ទេរ​ចំណេះ។ ដោយមាន​ការ​ចូលរួម​ធ្វើ បទ​បង្ហាញ ពី​ស្ថាបនិក​ទាំង៩រូប​របស់​កាហ្វេ​សរីរាង្គ​ ដែល​សុទ្ធ សឹង​តែ ជា​ក្រុម​ធនធានមនុស្ស​ និង​អ្នក​ធ្វើ ការងារ​ផ្នែក​សង្គម ​ចាស់​វស្សា ​និង​ខ្លះ​ជា​យុវ​សហគ្រិន​វ័យក្មេង​ពោរពេញ​ដោយ​បទពិសោធន៍។ ក្រៅ​ពី នេះ​ ក៏​មានការ​ចូលរួម​ពីសំណាក់​វាគ្មិន​ជំនាញ​ផ្សេងទៀត​ ទៅតាម​ប្រធានបទ​។

អត្ថបទ៖ ពៅ រក្សា

រូបភាព៖ ផ្តល់ឲ្យ