ត្រឹម ៣ ខែ សោះ YouTube លុបចោលអស់ជាង ៨ លានវីដេអូ

  • 2018-04-25 01:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន YouTube បាន​ធ្វើ​ការ​លុប​ចោល​អស់​ប្រមាណ ៨,៣ លាន​វីដេអូ ​ពី​ Sever ក្នុង​ចន្លោះ​ខែ​តុលា​ដល់​ធ្នូ ឆ្នាំ ២០១៧។ មួយ​ផ្នែក​ធំ​នៃ​បណ្តុំ​វីដេអូ​ទាំង​នោះ​ច្រើន​ជា​ប្រភេទ Spam ឬ​លាយឡំ​មាតិកា​អាសអាភាស និង​ផ្នែក​ផ្សេង​ទៀត​ទាក់ទង​អំពើ​ហិង្សា, ភេរវកម្ម និង​ការ​រំលោភ​បំពាន។

ចំនួន​នេះ​សោត​ពុំ​បាន​បូក​បញ្ចូល​មាតិកា​ជាប់​កម្មសិទ្ធិបញ្ញា (Copyright) នោះ​ទេ ប៉ុន្តែ​ដំណើរការ​នៃ​ការ​លុប​សឹង​តែ​ទាំង​ស្រុង​ធ្វើ​ឡើង​ដោយ​ស្វ័យប្រវត្តិ​ឆ្លងកាត់​ម៉ាស៊ីន​បច្ចេកវិទ្យា ពោល​គឺ​ជាង ៦,៧ លាន​វីដេអូ ស្មើ​នឹង ៧៦ ភាគរយ​ប្រើប្រាស់​ម៉ាស៊ីន​ក្នុង​ការ​ត្រួតពិនិត្យ។​

គម្រោង​របស់​ក្រុមហ៊ុន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Google មួយ​នេះ ក៏​នឹង​បង្កើត​នូវ​ក្រុម​អ្នក​ត្រួតពិនិត្យ​ឲ្យ​បាន ១០ ០០០ នាក់ នៅ​ចុង​ឆ្នាំ ២០១៨ ជា​ពិសេស​បុគ្គលិក​បម្រើការ​ពេញ​ម៉ោង​ដែល​មាន​ជំនាញ​ចាប់​វីដេអូ​ខុស​គោលការណ៍ ទាក់ទង​អំពើ​ហិង្សា​និង​ការ​រំលោភ​សិទ្ធ​មនុស្ស ដែល​ត្រូវ​ឆែក​លម្អិត​បន្ថែម​ត​ពី​ម៉ាស៊ីន។

តួ​លេខ​នៃ​ការ​លុបចោល​ពី YouTube ក៏​ជា​សារ​ដាស់តឿន​ដល់​អ្នក​ផលិត​វីដេអូ​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក ស្រប​ពេល​គេហទំព័រ​ផ្សព្វផ្សាយ​វីដេអូ​មួយ​នេះ​ទទួល​ការ​បង្ហោះ​ចូល​នូវ​មាតិកា​ច្រើន​ជាង ៤០០ ម៉ោង​រៀងរាល់​មួយ​នាទី។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម