៥​ចំណុច​ដែល​ Bayern មាន​ប្រៀប​លើ​ Real Madrid ប្រកួត​យប់​នេះ​

  • 2018-04-25 07:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayern Munich នឹង​បើក​ទ្វារ​កីឡដ្ឋាន Allianz Arena របស់​ខ្លួន​នៅ​យប់​នេះ​ដើម្បី​ស្វាគមន៍​ Real Madrid ក្នុង​ការ​ប្រកួត​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Champions League។​​

Real Madrid គឺ​ជា​បង​ធំ​នៅ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ ជាក់​ស្ដែង​ពួកគេ​លើក​ពាន​១២​ដង​ ជា​ពិសេស​ឈ្នះ​រហូត​៣​ដង​នៅ​៤​ឆ្នាំ​ចុង​ក្រោយ​។​ Bayern គឺ​ជា​ក្រុម​ខ្លាំង​ ប៉ុន្តែ​បើ​មើល​លើ​ប្រវត្តិ​ជួប​គ្នា​កន្លង​មក​ទល់​នឹង​ Real Madrid ពួកគេ​ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ទេ​។

ក្រុម​ជើង​ឯក​អាល្លឺម៉ង់​បាន​ទម្លាក់​ Real វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ដោយ​បាល់​ប៉េណាល់​ទី​កាល​ពី​រដូវ​កាល ២០១១-១២ តែ​បន្ទាប់​​មក​ពួកគេ​ចាញ់​រហូត (ធ្លាក់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ២០១៣-១៤ និង​ វគ្គ​៨ក្រុម​ ២០១៦-១៧)។ យ៉ាង​ណា​ Sabay សូម​បង្ហាញ​មូលហេតុ​៥​ចំណុច​នេះ​ដែល​ Bayern អាច​បាន​ប្រៀប​លើ​ Real Madrid៖​

១. កំណត់ត្រា​ដ៏​រឹង​មាំ​ក្នុង​ទឹកដី​របស់​ Bayern

Allianz Arena គឺ​ជា​បន្ទាយ​ដ៏​រឹងមាំ​របស់​ Bayern Munich និង​ជា​ឋាន​នរក​សម្រាប់​ក្រុម​ដែល​ទៅ​លេង​នៅ​ទីនោះ។​ ចាប់តាំង​ពី​ខែ​មេសា​ ឆ្នាំ​២០១៧​មក​ពួកគេ​មិន​ដែល​ចាញ់​ក្នុង​ទឹកដី​ឡើយ​ថែម​ទាំង​ស៊ុត​ចូល​១១​គ្រាប់​នៅ​២​ប្រកួត​ចុង​ក្រោយ។​

២. យុទ្ធសាស្ត្រ​គ្រូ​តា​ Jupp Heynckes

កាល​ពី​ដើម​រដូវ​កាល​ Bayern បាន​ធ្លាក់​ទម្រង់​លេង​ខ្លាំង​នៅ​ Bundesliga ថែម​ទាំង​ចាញ់​ Paris Saint-Germain ធ្ងន់​.ក​នៅ​ Champions League ធ្វើ​ឲ្យ​ក្លឹប​បណ្ដេញ​ Carlo Ancelotti និង​យក​លោក Heynckes មក​វិញ។​ ដូច​ឃើញ​ស្រាប់​ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ូនិច​រីក​ចម្រើន​យ៉ាង​រហ័ស​ដោយ​លើក​ពាន​លីគ​ និង​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL។

៣. ការ​ពឹង​ផ្អែក​តែ​លើ​ Ronaldo

Real Madrid នៅ​រដូវ​កាល​នេះ​ពឹង​ផ្អែក​ច្រើន​លើ​ Ronaldo ជាក់​ស្ដែង​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ស៊ុត​ចូល​១៥​គ្រាប់​នៅ​ Champions league និង​៤៣​គ្រាប់​គិត​លើ​គ្រប់​កម្មវិធី​។ ងាក​ទៅ​មើល​កីឡាករ​ផ្សេងៗ​វិញ​ដូចជា​ Benzema រក​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ​ហើយ​ Bale បាន​១៤គ្រាប់​ ដូច្នេះ​បើ​ Bayern បិទ​ Ronaldo ជាប់​ Real អាច​មាន​បញ្ហា។​

៤. ការ​ឡើង​ជើង​របស់​ Javi Martinez

Martinez គឺ​ជា​កម្លាំង​មិន​អាច​ខ្វះ​បាន​របស់​លោក​ Heynckes។ ខ្សែ​បម្រើ​ការពារ​សញ្ជាតិអេស្ប៉ាញ​នឹង​មាន​ភារកិច្ច​ចាប់​ Isco, ​ជួយ​ជ្រោមជ្រែង​តំបន់​បម្រើ​ និង​ចុះ​ទៅ​ការពារ​ពេល​ Real Madrid វាយ​សម្រុក។ Heynckes ត្រូវ​ការ​កីឡាករ​ប្រភេទ​នេះ​ជួយ​ក្រុម​ដូច​ឆ្នាំ​ដែល​ពួកគេ​ឈ្នះ​ UEFA Champions League លើក​ចុង​ក្រោយ។​

៥. ទម្រង់​លេង​ក្រឡាប់ចាក់​របស់​ Real Madrid

Real Madrid គឺជា​ជើង​ខ្លាំង​នៅ​ Champions League តែ​នៅ​ La Liga និង​ Copa del Rey វិញ​ក្រុម​នេះ​មាន​ទម្រង់​លេង​ប្រែប្រួល​ម្ដង​ខ្លាំង​ម្ដង​ខ្សោយ​ មិន​អាច​ឲ្យ​ទុក​ចិត្ត​បាន​ ដូច្នេះ​បើ​ Bayern Munich អាច​ចាប់​ចំណុច​ខ្សោយ​ការ​លេង​ពាន​ក្នុង​ស្រុក​របស់​លោក​ Zidane បាន​ពួកគេ​នឹង​មាន​សង្ឃឹម​ច្រើន​នៅ​ជើង​ទី​មួយ​៕

ប្រភព៖ UEFA   អត្ថបទ៖ វិរ័ត្ន