ផលិតកររឿង «វិបល្លាស» ប្រតិកម្ម​រឿង​ខ្មែរ​ខ្វះ​ខ្មែរ​គាំទ្រ​ ដោយ​លើក​ហេតុផល​សំខាន់​មួយ​

  • 2018-04-25 14:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​ការ​បរាជ័យ​ និង​ការ​បាក់​ទឹកចិត្ត​លើ​ការ​ផលិត​ភាពយន្ត​ខ្មែរ​ តាំង​ពី​ដើម​ឆ្នាំ​២០១៨នេះ​ មានផលិតករ​ភាពយន្ត ​និង​អ្នក​ដឹកនាំ​រឿង​​មួយ​បាន​ដាក់​ចិត្ត​ចុះ​ចាញ់​លែង​ផលិត​ភាពយន្ត​តទៅ​ទៀត​។

ពិសេស​ថ្មីៗ​នេះ​ រឿង «វិបល្លាស» ដឹកនាំសម្តែងដោយ​យុវជន​ខ្មែរ​ ដែល​អ្នក​ជំនាញ​ និង​ផលិត​ករកុន​គ្រប់ៗ​គ្នា​កោត​សរសើរ​ពី​ស្នាដៃ​ផលិត សាច់​រឿង​ និង​បច្ចេក​ទេស​ ប្រាកដ​ដោយ​គុណភាព​ឈាន​ឡើង​ពី​បណ្តាខ្សែ​ភាព​យន្ត​ខ្មែរពីមុន​តែបែរ​ជា​មិន​អាច​ទាក់​ចិត្ត​ទស្សនិកជន​ខ្មែរ​ឱ្យ​ចូល​ទស្សនា​បាន​។

ដោយ​មាន​ប្រិយមិត្ត​មួយ​ចំនួន​បាន​អះអាង​ថា​តភាពយន្ត​នេះ​ចាក់ផ្សាយ​មិន​ចំពេល​វេលា​ ព្រោះផ្តើមចាក់បញ្ចាំង​ ក្រោយ​ពិធីបុណ្យចូលឆ្នាំ​ខ្មែរ​ភ្លាមៗ គឺ​ថា​ចាប់​ពី​ថ្ងៃទី​ ១៩ ខែ​មេសា ហើយ​ចំ​ពេល​រឿង​ Avengers ដែល​ភាពយន្ត​ហូលីវូដ​ល្បី​ទូទាំង​ពិភព​លោក​ចូល​មក​ដល់​ទៀត​។ ចំណុច​នេះ​គឺ​បាន​ផ្តាច់​ផ្លូវ​រស់​របស់​ភាពយន្ត​ដ៏​កម្រ​នេះ​បាត់​ទៅ​ហើយ​។

ទាក់ទងនឹងការលើកឡើងនេះ ផលិតករភាពយន្តរឿង «វិបល្លាស» លោក Deependra Gauchan ក៏​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ថ្មី​មួយ​ថា​ ផលិតករខ្មែរអាចនឹងឈប់ផលិតភាពយន្ត ខណៈការព្យាយាមក្នុងស្រុកមិនត្រូវបានគាំទ្រគ្រប់គ្រាន់ ដែលផលិតករត្រូវខាតដើមខាតចុង។ បើភាពយន្តខ្មែរលែងមានការផលិតនៅថ្ងៃក្រោយ ​តើ​មោទកភាព​ជាតិខ្មែរ​នឹង​នៅមានទៀតទេ? លោកក៏បានបន្តក្នុងសារមួយទៀត​ថា​៖ «សាក​ស្រមៃ​មើល​ បើ​អ្នក​ទៅ​ទស្សនា​ភាព​យន្ត​នៅ​ផ្សារ​ទំនើប​ តែ​បែរជា​មិន​មាន​រឿងខ្មែរ​ត​ទៅ​ទៀត​ ហើយ​អ្នក​មើល​ឃើញ​តែ​គេ​បញ្ជាំង​រឿង​បរទេស​។ មុន​ដំបូង​មិន​អីទេ​ តែ​ក្នុង​ពេល​មួយ​អ្នក​នឹង​យល់ថា​បាត់បង់​អ្វី​ម្យ៉ាង​ដែល​ជា​មោទកភាព​ជាតិ​របស់​អ្នក​»។

ភាពយន្ត​បាន​នាំ​តម្លៃ​ និង​ការ​ចងចាំ​គ្រប់​សម័យ​កាល​ ហើយ​អាច​ក្លាយ​ជា​មរតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ ពិសេស​វា​ជា​ផ្ទាំង​ទស្សនីយភាព​បង្ហាញ​សង្គម​ដ៏មាន​តម្លៃ​បង្អួតដល់បរទេស​ថាអ្វីជាខ្មែរ​។ តែបើថ្ងៃមួយស្រាប់តែលែងមាន​ភាពយន្តខ្មែរ អ្នកអាចស្រមៃចេញទេ​ពី​ជាតិនិយមរបស់អ្នក​ ហើយតើអ្នកមាន​អ្វី​ខ្លះ​ប្រាប់​គេ​ថា​ខ្មែរ​ក៏​អាច​ធ្វើ​បាន​? លោក Deependra ទទួលស្គាល់ថា​ភាពយន្តខ្មែរមិនទាន់ល្អដូចបរទេសទេ ព្រោះភាពយន្តបរទេស​​មានខ្ទង់ចំណាយលើសលុប ហើយសម្បូរធនធាន​មនុស្ស តែយុវជនខ្មែរក៏កំពុងព្យាយាមហើយ​ បើសិន​មិនជួយគាំទ្រ​ផ្តល់តម្លៃ​ តើធ្វើម៉េចជួយឱ្យអ្នកផលិតឱ្យមានដើមទុន និងទឹកចិត្តបន្តស្រោចស្រង់វិស័យភាពយន្តខ្មែរ​តទៅ​ទៀត​បាន​ទៅ​?

ប្រទេសមួយមានវប្បធម៌ និងស្នាដៃភាពយន្តឈានឡើង ល្គឹកណា​ប្រទេស​នោះ​បង្កើត​វប្បធម៌​ ឬ​ភាពយន្ត​នោះ​ដោយ​ខ្លួន​ឯង​ តែ​ផលិតករ​ ឬ​អ្នកដឹកនាំ​រឿង​មិន​អាច​ទៅ​បង្ខំ​ទស្សនិកជន​ឱ្យ​មក​ទស្សនា​រឿង​របស់​ខ្លួន​ដែរ​។ ដូចនេះ​ហើយ​នេះ​ជា​ពេល​វេលា​សម្រាប់​អ្នក​គាំទ្រ​ភាពយន្ត​ខ្មែរ​ជួយ​ផលិត​ករ​ខ្មែរ​ពង្រឹង​វិស័យ​ភាពយន្ត​ឱ្យ​ឈាន​ឡើង​ជា​បន្ត​ លោក Deependra Gauchan បន្ថែម៕

ងាកមកលោក សាង ច័ន្ទវិសាល អ្នកដឹកនាំរឿង «វិបល្លាស» ក៏បង្ហាញការអស់សង្ឃឹម ក្តីព្រួយបារម្ភពីអនាគតនៃ​ការផលិតភាពយន្តខ្មែរផងដែរ។ លោកថា ផលិតករភាពយន្តថ្មីៗជាច្រើន​ក៏មានការ​ពិចារណាម្តងទៀតដែរក្នុងការផលិតភាព​យន្ត​ដាក់​លើ​រោងភាពយន្ត​ ព្រោះ​ថា​ការចំណាយលើការផលិត​ភាពយន្ត​មិនងាយ​នឹង​ទទួលបានផលចំណេញមក​វិញ​ហើយ​អ្នកដឹកនាំ​រឿង​ ចាងហ្វាងផលិតកម្ម​ក៏ប្រឈមមុខនឹងភារកិច្ចបង់ពន្ធជូនរដ្ឋតាមការកំណត់មួយដែលនឹងឈាន​មក​ដល់​។

អត្ថបទ៖ Sunny