បន្ទាប់​ពី ព្រាប សុវត្ថិ-សុគន្ធ​កញ្ញា ឥឡូវ​ដឹង​តម្លៃ​ខ្លួន ខេមរៈ សិរីមន្ត ក៏​ខ្ពស់​មិន​ធម្មតា​!

  • 2018-04-26 03:40:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​តម្លៃ​ខ្លួន​របស់ ព្រាប សុវត្ថិ និង ឱក សុគន្ធ​កញ្ញា ត្រូវ​បាន​បង្ហើប​កាល​ពី​ខែ​ប៉ុន្មាន​ខែ​មុន​នោះ នៅ​ថ្ងៃ​នេះ មាន​ប្រភព​មួយ​ទៀត​បង្ហើប​ពី​តម្លៃ​ខ្លួន​របស់​តារា​ចំណូល​ថ្មី ខេមរៈ សិរីមន្ត វិញ​ម្ដង ដែល​តាម​តួលេខ គឺ​ខ្ពស់​មិន​ធម្មតា​ដែរ។

ប្រភព​ពី​អ្នក​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​តាម​ខេត្ត​នានា សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ខ្លួន​របស់​អតីត​តារា​ចម្រៀង សាន់ដេ គឺ​មាន​ចន្លោះ ៣ពាន់​ដុល្លារ ទៅ ៣៥០០ដុល្លារ​អាមេរិក។ តាម​តម្លៃ​នេះ គឺ​ប្រហាក់​ប្រហែល​នឹង​តារា​ស្រី​ជួរ​របស់​ហង្សមាស សុគន្ធ​កញ្ញា ដែរ។

យ៉ាង​ណា​ក៏​ប្រភព​បញ្ជាក់​ថា តម្លៃ​នេះ មិន​នៅ​ស្ថិត​ស្ថេរ​ឡើយ គឺ​អាច​ឡើង ចុះ តាម​ប្រភេទ និង​ទីតាំង​ការងារ រួម​ទាំង​ការ​ចរចា​ផ្ទាល់​រវាង​ភាគី​ទាំង​ពីរ​ទៀត។ "តម្លៃ​ហ្នឹង គឺ​យើង​ជា​អ្នក​រៀប​ចំ​ផ្ទាល់​ខ្លួន​ឯង អត់​មាន​ឆ្លង​កាត់ Agency បើ​ឆ្លង​កាត់ Agency កួកជេ​ទៀត តម្លៃ​ខ្លួន​គេ អាច​ខ្ពស់​ជាង​ហ្នឹង​ទៀត"។

តម្លៃ​ខ្លួន​របស់​តារា​ចម្រៀង​ជួរ​មុខ​របស់​កម្ពុជា ដែល Sabay ទទួល​បាន ខាង​លើ គឺ​តួលេខ​ឆ្នាំ ២០១៦។ ដោយ​ឡែក តួលេខ​ចុង​ក្រោយ ប្រភព​បញ្ជាក់​ថា មិន​ទាន់​មាន​ទេ។ ដូច្នេះ​ជាក់​ស្ដែង តម្លៃ​ពលកម្ម​របស់​ពួក​គេ អាច​ប្រែ​ប្រួល​ខ្លះ​ទៀត ពិសេស​ករណី​ម្ចាស់​បទ "សង្សារ​ក្រ​ជូន​ពរ​អូន" ព្រោះ​ថា តម្លៃ​ខ្លួន​ខាង​លើ គឺ​ជា​តម្លៃ​ដែល​លោក​នៅ​ជា​តារា​ចម្រៀង​របស់​សាន់ដេ​នៅ​ឡើយ។

បច្ចុប្បន្ន តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាម​រូប​នេះ បាន​ផ្លាស់​ទ្រនំ​ចូល​មក​ហង្សមាស​ទៅ​ហើយ។ ដូច្នេះ​ហើយ គឺ​មាន​ភាគ​រយ​ខ្ពស់​ដែល​ថា ខេមរៈ សិរីមន្ត អាច​នឹង​ឡើង​តម្លៃ​ខ្លួន​ពលកម្ម​ច្រើន​ជាង​តួ​លេខ​ឆ្នាំ ២០១៦​នេះ៕

អត្ថបទ៖ ទារិកា