ព្រឹត្តិការណ៍​ប្រកួត​ LOL ដ៏​ធំ​ដំបូង​នៅ​អាស៊ាន​មក​ដល់​សម្រាប់​កម្ពុជា​ហើយ​

  • 2018-04-26 04:10:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​លើ​វិញ្ញាសា​ League Of Legends​ លំដាប់​ពិភព​លោក​ធំ​បំផុត​ និង​លើក​ដំបូង​ប្រចាំ​តំបន់​អាស៊ាន​បាន​មក​ដល់​សម្រាប់​​កីឡាករ​កម្ពុជា​​ដែល​ស្វែង​រក​កៅអី​ទៅ​ប្រកួត​ជុំ​​ផ្តាច់​ព្រ័ត្រ​​ប្រទេស​សិង្ហបុរី​ហើយ។

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រៀប​ចំ​កម្មវិធី​ថា​ ការ​ប្រកួត​ត្រូវ​ធ្វើ​​ឡើង​ពីរ​ដំណាក់​កាល​គឺ​ដំណាក់​កាល​ប្រកួត​ជម្រុះ​​ស្វែង​រក​ក្រុម​តំណាង​ឲ្យ​ប្រទេស​នីមួយ​ៗ​ និង​ដំណាក់​កាល​ទី​២​​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​សិង្ហបុរី​ដែល​​​ប្រជុំ​ដោយ​​ក្រុម​ខ្លាំង​ៗ​តំណាង​ប្រទេស​១០​ប្រចាំ​តំបន់​។ ប្រទេស​ដែល​ចូល​រួម​មាន​ ថៃ​ វៀតណាម​ សិង្ហបុរី​ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ ហ្វីលីពីន កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​ប្រ៊ុយណេ។

កាល​បរិច្ឆេទ​ប្រកួត​ជម្រុះ​ក្នុង​ប្រទេស​

  • ចុះ​ឈ្មោះ​​ចូល​រួម​ប្រកួត៖ ថ្ងៃ​ទី​២៥​ មេសា​ ដល់​ ទី​១១​ ឧសភា​ ឆ្នំា​ ២០១៨ (ចូល​ចុះ​ឈ្មោះ​)

  • ការ​ប្រកួត​ធ្វើ​ឡើង​៖ ថ្ងៃ​ទី​២៦​ ឧសភា​ ដល់ ​ទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ (ចុច​អាន​ព័ត៌មាន​បន្ថែម​) ​ កាល​បរិច្ឆេទ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​សិង្ហបុរី

  • វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពី​ថ្ងៃ​ទី​២៩​ ដល់​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​២០១៨ (​ចុច​អាន​ព័ត៌មាន​បន្ថែម​)

  • ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ ថ្ងៃ​ទី​៤​ ដល់​ ៥ សីហា ឆ្នាំ​២០១៨ (​ចុច​អាន​ព័ត៌មាន​បន្ថែម​)​

អត្ថប្រយោជន៍

  • រង្វាន់​​វគ្គ​ជម្រុះ​តំណាង​ប្រទេស​៖ ក្រុម​លេខ​១ ​បាន​៥០០០​ coin និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ទាំង​អស់​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​សិង្ហបុរី។

  • រង្វាន់​ជើង​ឯក​ប្រចាំ​ព្រឹត្តិការណ៍​៖ ក្រុម​លេខ​១​ ទទួល​បាន​​កុំព្យូទ័រ​ម៉ាក​ Razer Blade HD 256GB​ ចំនួន​ ៦​​គ្រឿង​ ដែល​មាន​ម៉ៅ​ ក្តារ​ចុច និង​​កាស​ពាក់​ត្រចៀក​។ កុំព្យូទ័រ​១​គ្រឿង​តម្លៃ​២០០០​ដុល្លារ​ ដូច្នេះ​៦​គ្រឿង​តម្លៃ​សរុប​​១២០០០​ដុល្លារ​អាមេរិក។

  • ក្រុម​ទាំង​១០​មក​ពី​១០​ប្រទេស​ទទួល​បាន​ការ​ឧបត្ថម្ភ​ទាំង​អស់​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍​លំដាប់​ពិភព​លោក​ជា​ច្រើន​នៅ​ប្រទេស​សិង្ហបុរី​ និង​ចូល​​រួម​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដែល​មាន​តារា​ចម្រៀង​ល្បី​ៗ​លំដាប់​ពិភព​លោក​ចូល​រួម​សម្តែង។

ព្រឹត្តិការណ៍​ LOL E-Sports ដ៏​ធំ​លើក​ដំបូង​នៅ​អាស៊ាន​នេះ​​​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌​ សហគមន៍​ និង​យុវជន​របស់​ប្រទេស​សិង្ហបុរី​ និង​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុម​ហ៊ុន​ឯកជន​ជា​ច្រើន។ ជា​មួយ​គ្នា​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ក៏​បាន​សហការ​​ដើម្បី​រៀប​ចំ​ការ​ប្រកួត​ជម្រុះ​នៅ​កម្ពុជា​ដើម្បី​ស្វែង​រក​ក្រុម​តំណាង​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត៕

អត្ថបទ៖ ជាន ចាន់រ៉ា