ឧបសគ្គ​ធំ​៣​ រារាំង​ការ​លើក​ពាន​ UCL រដូវ​កាល​នេះ​របស់​ Liverpool

  • 2018-04-26 07:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​យក​ឈ្នះ​ Roma រហូត​៥​ទល់​នឹង​២​ ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​មួយ​កាល​ពី​យប់​ថ្ងៃ​អង្គារ។

Liverpool ឈ្នះ UCL ឆ្នាំ២០០៥

ក្រុម​រហស្សនាម​​ហង្ស​ក្រហម​មាន​ទម្រង់​លេង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ពាន​ទ្វីប​អឺរ៉ុប​ជាក់​ស្ដែង​ស៊ុត​បញ្ចូល​ទី​សរុប​៤៤​គ្រាប់​តាំង​ពី​វគ្គ​ជម្រុះ​មក​ហើយ​ក្រុម​ណា​​ដែល​ប៉ះ​ពួកគេ​របូត​មិន​តិច​ជាង​៥​គ្រាប់​ទេ​គិត​ទាំង​ពីរ​ជើង។ ទោះ​យ៉ាង​នេះ​ក្ដី​ ​Liverpool​ ពិបាក​នឹង​ឈ្នះ​ពាន​រដូវ​កាល​នេះ​ណាស់​​បើ​មើល​លើ​មូលហេតុ​សំខាន់​៣​នៅ​ខាង​ក្រោម៖​

១. ការ​ខ្វះ​បទ​ពិសោធន៍​៖

UEFA Champions League មិនមែន​ជា​ពាន​ងាយ​ស្រួល​ប្រជែង​ឡើយ​បើ​ទោះ​ជា​មាន​កីឡាករ​លំដាប់​ពិភព​លោក​ក៏​ដោយ​ឧទាហរណ៍​ជាក់​ស្ដែង​ Barcelona, Paris Saint-Germain និង​ Manchester City សុទ្ធ​តែ​ត្រូវ​ធ្លាក់​ចេញ​។ Liverpool លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ពាន​នេះ​កាល​ពី​១០​ឆ្នាំ​មុន​ ហើយ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​២០០៧ ដូច្នេះ​វា​អាច​ពិបាក​សម្រាប់​ពួកគេ​ដែល​ប្រជែង​ជាមួយ​ក្រុម​មាន​កីឡាករ​បទពិសោធន៍​ជោកជាំ​ដូចជា​ Real ឬ​ Bayern។

កីឡាករក្រុម Liverpool បច្ចុប្បន្ន

២. មិន​ទាន់​ឈ្នះ​ Roma ដាច់​នៅ​ឡើយ៖

ទោះ​នាំ​មុខ​ជើង​ទី​មួយ​ ៥​ទល់​នឹង​២​ តែ​ Roma ធ្លាប់​មាន​ប្រវត្តិ​វាយបក​ Barcelona ៣​ទល់​នឹង​០​នៅ​ជើង​ទី​ពីរ​ដូច្នេះ​ Liverpool នៅ​តែ​មាន​ភាគរយ​ធ្លាក់​ចេញ​ពី​កម្មវិធី​ Champions League មិន​អាច​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​ បើ​សិន​ជា​ភ្លាត់​នៅ​ទឹកដី​អ៊ីតាលី​សប្ដាហ៍​ក្រោយ។

៣. ការ​ប្រឈម​មុខ​ជាមួយ​យក្ស​អឺរ៉ុប៖

ក្រុម​២​ផ្សេង​ទៀត​ដែល​រង​ចាំ​ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​មិន​ថា​ Real Madrid ឬ​ក៏​ Bayern Munich សុទ្ធ​តែ​ជា​ឧបសគ្គ​គំរាមកំហែង​ដល់​ពួកគេ។​ Real ជា​ជើង​ឯក​១២​សម័យ​កាល ​ធ្លាប់​ឈ្នះ​ពាន​៣​ដង​នៅ​៤​ឆ្នាំ​ចុង​ក្រោយ​ ខណៈ​ Bayern Munich ជា​ជើង​ឯក​៥​សម័យ​កាល​ធ្លាប់​ឈ្នះ​ពាន​៥​ដង​ស្មើ​ Liverpool តែ​ក្លឹប​អាល្លឺម៉ង់​មួយ​នេះ​លេង​ពាន​ Champions League ឥត​ដាច់​​ និយាយ​ស្រួល​ស្ដាប់​គឺ​មាន​បទពិសោធន៍​ច្រើន​ជាង​កីឡាករ​ភាគច្រើន​ក្នុង​ក្រុម​ Liverpool៕

អ្នកគាំទ្រ Liverpool

ប្រភព៖ UEFA   អត្ថបទ៖ វិរ័ត្ន