ឃើញ​ស​ខ្មៅ​ហើយ ករណី​តារា​សម្ដែង ហ្វីហ្វី បដិសេធ​ទៅ​គេង​ជាមួយ​ភ្ញៀវ រហូត​រង​អំពើ​ហិង្សា​ពី​ជន​ជាតិ​ចិន

  • 2018-04-26 12:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជម្លោះ​ហិង្សា​ជាមួយ​ថៅកែ KTV ជនជាតិ​ចិន​នៅ​បឹង​ត្របែក ជាមួយ​តារា​សម្ដែង ហ្វីហ្វី បាន​បន្ត​មក​ដល់​ថ្ងៃ​ទី​៣ ហើយ​ទើប​មាន​ដំណោះ​ស្រាយ ក្រោយ​ជាប់​គាំង​រក​ដំណោះ​ស្រាយ​មិន​ចេញ​អស់​រយៈ​ពេល ៣​ថ្ងៃ។

ដំណោះ​ស្រាយ​នៅ​ក្នុង​ជម្លោះ​នេះ គឺ​ថៅកែ KTV យីហោ QI HAO GONG GOAN ជា​ជន​ជាតិ​ចិន ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​តារា​សម្ដែង ហ្វីហ្វី កាល​ពី​រាត្រី​ថ្ងៃ​ទី ២៣ មេសា កន្លង​ទៅ បាន​យល់​ព្រម​សង​សំណង​ទៅ​តារា​រងគ្រោះ​នូវ​ទឹក​ប្រាក់ ៨០០០​ដុល្លារ​អាមេរិក ព្រម​ជាមួយ​លិខិត​សុំ​ទោស​មួយ​ច្បាប់​ផង ដើម្បី​បញ្ចប់​រឿង។

សំណង​ទឹក​ប្រាក់​ជិត ១ម៉ឺន​ដុល្លារ​នេះ គឺ​លើស​មុន​ឆ្ងាយ​អំពី​សំណង​របស់​ថៅកែ​ចិន ដែល​សុខ​ចិត្ត​ផ្ដល់​ភ្លាមៗ​ទៅ​នារី​រង​គ្រោះ​ដែល​ជា​សិល្បករ​នូវ​ទឹក​ប្រាក់ ៥០០ដុល្លារ ជា​ថ្នូរ​កុំ​អោយ​មាន​ការ​ប្ដឹងផ្ដល់។ ប៉ុន្តែ​ដោយ​សារ ភាគី​រងគ្រោះ​មិន​សុខ​ចិត្ត ទើប​ករណី​ដំណោះ​ស្រាយ​លើ​វិវាទ​ហិង្សា​ខាង​លើ បាន​បន្ត​មក​ដល់​ព្រឹក​ថ្ងៃ​ទី ២៦ មេសា​នេះ ក្រោយ​មាន​អ្នក​រងគ្រោះ​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​ដោះ​ស្រាយ។

កាល​ពី​រាត្រី​ថ្ងៃ​ទី ២៣ មេសា ២០១៨ មាន​ករណី​ជម្លោះ​ហិង្សា​មួយ​បាន​កើត​ឡើង​នៅ​ចំណុច​មុខ KTV យីហោ QI HAO GONG GOAN ដែល​មាន​ថៅកែ​ជា​ជាតិ​ចិន។ សាច់​រឿង ដំបូង​ឡើយ តារា​សម្ដែង និង​ចម្រៀង ហ្វីហ្វី ដែល​ត្រូវ​បាន​អះអាង​ថា មិន​មែន​ជា​ស្ត្រី​បម្រើ​ការ​នៅ​ខារ៉ាអូខេ​ខាង​លើ ត្រូវ​មិត្ត​ភក្ដិ​នាង ហៅ​ឲ្យ​ទៅ​ជួយ​អង្គុយ​កំដរ​ភ្ញៀវ​នៅ​ចំណុច KTV របស់​ជនជាតិ​ចិន​នោះ។

រូបថត៖ ហ្វេសប៊ុក Chhaya Neat

ក្រោយ​មក ភ្ញៀវ​ដែល​គេ​ដឹង​ថា​ជា​មិត្តភ័ក្ដិ​ថៅកែ KTV ខាង​លើ ចង់​បាន​តារា​ស្រី ទៅ​គេង​ជាមួយ ប៉ុន្តែ​នាង​មិន​ព្រម។ បញ្ហា​នេះ ក៏​ដឹង​ដល់​ថៅកែ​ជនជាតិ​ចិន និង​បាន​ចូល​មក​អន្តរាគមន៍ ដោយ​បង្ខំ​ឲ្យ ហ្វីហ្វី ទៅ​ជាមួយ​ភ្ញៀវ​ដែល​ជា​មិត្តភ័ក្ដិ​ខ្លួន ប៉ុន្តែ​នាង​នៅ​តែ​បដិសេធ ធ្វើ​ឲ្យ​ជនជាតិ​រូប​នេះ ខឹង​នឹង​បាន​ប្រព្រឹត្ត​ហិង្សា ដោយ​ការ​ទាត់​ធាក់​លើ​រូបរាង​កាយ។

ក្រោយ​ហេតុការណ៍ តារា​ស្រី​រងគ្រោះ ក៏​បាន​ទាក់​ទង​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​រក​យុត្តិធម៌ ក្រោយ​បាន​បដិសេធ​មិន​ទទួល​យក​ប្រាក់ ៥០០ដុល្លារ​របស់​ថៅកែ​ចិន ដែល​មាន​ចេតនា​ប្ដូរ​ឲ្យ​បញ្ចប់​រឿង៕

អត្ថបទ៖ ទារិកា