ជប៉ុន​ខឹង​ខ្លាំង រហូត​ស្នើ​ឲ្យ​កូរ៉េ​ខាង​ត្បូង​ដក​បង្អែម​នេះ​ចេញ​ពី​បញ្ជី​មុខ​ម្ហូប​សម្រាប់​ជំនួប​ធំ​ថ្ងៃស្អែក

  • 2018-04-26 14:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន​បាន​ទាម​ទារ​ឲ្យ​កូរ៉េ​ខាង​ត្បូង ដក​បង្អែម​មួយ​មុខ​ចេញ​ពី​បញ្ជី​មុខ​ម្ហូប​សម្រាប់​ទទួល​ពេល​ពិសា​អាហារ​ពេល​ល្ងាច​ ក្នុង​ជំនួប​ជាន់​ខ្ពស់​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង​នា​ថ្ងៃ​សុក្រ​ស្អែក​នេះ។

បង្អែម​​នោះ បាន​បង្ហាញ​ពី​ផែនទី​ប្រទេស​កូរ៉េ​ទាំង​ពីរ​រួបរួម​គ្នា។ ទោះ​ជា​យ៉ាង​ណា ក្នុង​ផែនទី​នោះ​ផង​ដែរ បាន​រាប់​បញ្ចូល​កោះ​ជម្លោះ​រវាង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន នៅ​សមុទ្រ​ជប៉ុន (កូរ៉េ​ខាង​ត្បូង​ហៅ​សមុទ្រ​ខាង​កើត)។

នំ Takeshima (ឈ្មោះ​ជា​ភាសា​ជប៉ុន) ឬ Dokdo (ឈ្មោះ​ជា​ភាសា​កូរ៉េ) ដែល​មាន​បង្ហាញ​រូប​ផែនទី​កូរ៉េ​ទាំង​នេះ ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អង្គារ ដើម​សប្ដាហ៍​នេះ។ មួយ​ថ្ងៃ​ក្រោយ​មក អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ជប៉ុន បាន​ចេញ​មុខ​បង្ហាញ​ពី​ភាព​សោកស្ដាយ​ដែល​កូរ៉េ​ខាង​ត្បូង​បាន​រៀប​ចំ​បង្អែម​បែប​នេះ និង​បាន​អំពាវនាវ​ឲ្យ​ដក​មុខ​ម្ហូប​បង្អែម​នេះ​ចេញ។

កូរ៉េ​ខាង​ត្បូង មិន​ទាន់​មាន​ចម្លើយ​ឆ្លើយ​តប​យ៉ាង​ណា​ទេ ទាក់ទង​នឹង​បញ្ហា​នេះ។

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Moon Jae-in និង​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong-un

កិច្ច​ប្រជុំ​រវាង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Moon Jae-in និង​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong-un នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​។

ប្រធានបទ​សំខាន់​ក្នុង​កិច្ច​ប្រជុំ​នេះ ផ្ដោត​សំខាន់​លើ​ពី​អនាគត​នៃ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​របប​ព្យុងយ៉ាង៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី