ថ្លៃទឹកដោះ មិនមែនចេះតែកាត់ផាំងៗទេ បើខុសក្បួនអាចរកស៊ីមិនឡើង

  • 2018-04-27 03:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រជាជន​ខ្មែរ នៅ​ពេល​ចូល​ស្ដី​ដណ្ដឹង​កូន​ក្រមុំ​គេ​ ខាង​ស្រី​តែង​បង្គាប់​ថ្លៃ​បណ្ណាការ ​ឬ​ថ្លៃ​ទឹក​ដោះ​ ដើម្បី​យក​លុយ​នោះ​ទៅ​ប្រើប្រាស់​ក្នុង​ពិធី​មង្គលការ​កូន​ប្រុស​ កូន​ស្រី​។ ​ប៉ុន្តែ​បើ​តាម​ក្បួន​ហុងស៊ុយ​ចិន ការ​​កំណត់​ថ្លៃ​បណ្ណាការ​មិន​មែន​ចេះ​តែ​កំណត់​នោះ​ទេ ​ត្រូវ​មាន​ក្បួន​ហុងស៊ុយ​ច្បាស់លាស់​ ទើប​ក្រោយ​រៀបការ​រួច​ប្ដី​ប្រពន្ធ​រស់​នៅ​បាន​សុខ រកស៊ី​មាន​បាន​។

រូបតំណាង

តាម​ការ​ឱ្យ​ដឹង​ពី​គ្រូ​ហុងស៊ុយ ឡុង ថា ដែល​ដឹង​ក្បួន​ខ្នាត​ច្បាស់ បាន​ប្រាប់​ថា តាម​ប្រពៃណី​របស់​ចិន ឬ​ក្បួន​ហុងស៊ុយ​របស់​ចិន​ ថ្លៃ​បណ្ណាការ​​កូន​ក្រមុំ​ ដើម្បី​​បង្គាប់​ទៅ​ខាង​ប្រុស​មិន​ត្រូវ​កំណត់​ចំនួន​​លុយ​គត់ ឬ​ចំនួន​គូ​នោះ​ទេ ព្រោះ​គេ​គិត​ថា​ជា​លេខ​មិន​ល្អ​ រៀបការ​ហើយ​អាច​រកស៊ី​មិន​ឡើង​។ ​បើ​តាម​ការ​អះអាង​របស់​គ្រូហុងស៊ុយរូបនេះ ​តាម​ក្បួន​ហុងស៊ុយ​ចំនួន​លុយ​ដែល​ជា​ថ្លៃ​បណ្ណាការ​ត្រូវ​មាន​កន្ទុយ​​ដូចជា លេខ​ ៧ លេខ​៩ លេខ​៥​ជាដើម​។ ​ឧទាហរណ៍​ថា ប្រសិន​បើ​បង្គាប់​ថ្លៃ​បណ្ណាការ​ ៥​ពាន់​ដុល្លារ​មិន​ត្រូវ​បង្គាប់​៥​ពាន់​គត់​ទេ គឺ​ ៥​ពាន់​និង ៧០០​ដុល្លារ​ទើប​ជា​ចំនួន​ល្អ​។

រូបតំណាង

គ្រូ​ហុង​ស៊ុយ​ ខាង​លើ​ប្រាប់ទៀត​ថា មូលហេតុ​បាន​ជា​ត្រូវ​កំណត់​​ថ្លៃ​បណ្ណាការ​បែប​នេះ ព្រោះ​តាម​ក្បួន​តម្រា​ចិន​ លេខ​គត់ ឬ​គូ​នេះ​ ជា​លេខ​កំណត់​ជោគ​វាសនា​មិន​ល្អ​ចំពោះ​ប្ដី​ប្រពន្ធ ក្រោយ​រៀបការ​រួច​បើ​មាន​អ្វី​ គឺ​មាន​តែ​ប៉ុណ្ណឹង​មិន​រីក​ចម្រើន​ទៅ​មុខ​ទៀត​។ ​ដូច្នេះ​ហើយ​ថ្លៃ​បណ្ណាការ​ត្រូវ​មាន​កន្ទុយ​ ដើម្បី​ជា​តំណាង​ជោគ​វាសនា​ល្អ ជា​លេខ​បើក​ផ្លូវ​ ចង់​រកស៊ី​ធ្វើ​ការ​អ្វី​ក៏​ជោគជ័យ ហើយ​ប្ដី​ប្រពន្ធ​រស់​នៅ​មាន​សុភមង្គល​។

​បន្ថែម​លើ​ពី​នេះ​ទៀត ​លុយ​ថ្លៃ​បណ្ណាការ​នេះ​បើ​អ្នក​មាន​លទ្ធភាព​ គេ​មិន​យក​ប្រើប្រាស់​ក្នុង​ពិធី​មង្គលការ​ទេ គឺ​គេ​ទុក​ឱ្យ​កូនៗ​ជា​ចំណង​ដៃ ម្យ៉ាង​វិញ​ទៀត​លុយ​​ថ្លៃ​បណ្ណាការ​នេះ​គេ​ចាត់​ទុក​ថា ជា​លុយ​​នាំ​សំណាង​ដល់​ប្ដី​ប្រពន្ធ​ថ្មី​។ ​លោក​បន្ថែម​ទៀត​ថា បើ​យក​លុយ​នេះ​ទៅ​ប្រើ​ក្នុង​ពិធី​មង្គលការក៏​ប្រើ​ទៅ​ចុះ តែ​កុំ​ឱ្យ​អស់​ពេក​ គួរ​ទុក​លុយ​ថ្លៃ​បណ្ណាការ​នេះ​ឱ្យ​កូន​ខ្លះ​នាំសំណាង និងដើម្បី​ជា​ចំណង​ដៃ​ឱ្យ​កូន​ទាំង​ពីរ​៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី