PNN ទទួល​ស្គាល់​ថា​ពិត​ជា​​ក្រុង​ពាលី​រឿង​ធំ​របស់​ខ្លួន​រួ​ចរាល់

  • 2018-04-27 08:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​កម្មវិធី​នៃ​បុស្តិ៍​ទូរទស្សន៍ PNN បានទទួល​ស្គាល់​ថា​រឿង «ថ្ងៃ​មុន​ស្អប់​ថ្ងៃ​នេះ​ស្រលាញ់» ពិត​ជា​បាន​ក្រុង​ពាលី​រួច​រាល់​កាល​ពី​ថ្ងៃពុធ ហើយ​ថា តារា​ទាំង​អស់​ចាប់​ផ្តើម​​ចេញ​ថត​ក្នុង​ស្មារតី​រំភើប និង​ទទួល​ខុស​ត្រូវ​ខ្ពស់។

កញ្ញា ទូច បុប្ផា ឲ្យ Sabay ដឹង​នៅ​ព្រឹក​មិញថា នេះ​ជា​លើក​ដំបូង​ដែល PNN មិន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​អម​ជាមួយ​ក្រុង​ពាលី​នៃ​រឿង​ភាគ​ធំ​ប្រចាំ​ឆ្នាំ ដោយសារ​យើង​មាន​យុទ្ធសាស្ត្រ​ផ្សេង​ក្នុង​ការ​ធ្វើ​ទីផ្សារ «ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រលាញ់»។

នៅ​ពេល​សួរ​ថា ហេតុអ្វី​បាន​ជា​តារា​ធំៗ​ក្នុង​រឿង​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ពាក់ពន្ធ័​នឹង​ការ​ថត​ជាមួយ​អ្នក​សារព័ត៌មាន អ្នក​គ្រប់​គ្រង​រូប​នេះ​លើក​ឡើង​ថា ខាង PNN មិន​បាន​ហាម​ឃាត់​អ្វីឡើយ ចំពោះ​សិទ្ធិ​ក្នុង​ការ​និយាយ​អំពី​ការងារ​របស់​តារា​ម្នាក់ៗ គ្រាន់​តែ​ថា គ្រប់​យ៉ាង​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រុង​ប្រយត្ន័​ថត​ឲ្យ​បាន​ល្អ​បំផុត ព្រោះ​នេះ​ជា​ប្រលោម​លោក​ល្បី។

កញ្ញា ទូច បុប្ផា ក្នុងថ្ងៃក្រុងពាលីរឿង «ថ្ងៃ​មុន​ស្អប់​ថ្ងៃ​នេះ​ស្រលាញ់»

«និយាយ​ទៅ ពេល​យើង​ចេញ cover ចាស់​របស់​ប្រលោមលោក ថ្ងៃមុន​ស្អប់​ ថ្ងៃ​នេះ​ស្រលាញ់​លើ PNN FansPage ធ្វើ​ឲ្យ​មាន​មតិ​លើក​ឡើង​ច្រើន​ហួស​ការ​ស្មាន! យើង​ជឿ​ថា​រឿង​នេះ​មាន​អ្នក​រង់​ចាំ​មើល​ទ្វេ​ដង បើ​ធៀប​នឹង​ស្រទន់​មន្ត​ស្នេហ៍​របស់​អ្នក​និពន្ធដដែល។ ការ​សម្រិត​សម្រាំង​ត្រូវ​តែ​ធ្វើ​ឡើង​ឆ្លើយ​តប​នឹង​សំណូមពរ​អ្នក​ទស្សនា​ ពិសេស​មិន​ចង់ឲ្យ​មាន​ការ​ខក​ចិត្ត​ថា​ប្រលោម​លោក​ល្អ តែ​ថត​ចេញ​មើល​មិន​បាន!» ។

ចំណែក​ទាក់​ទង​ទៅ​នឹង​រឿង​ «មន្ត​ស្នេហ៍​លេខា» ដែល​ជា​ប្រលោម​លោក​ល្អ​មួយ​ ស្រាប់តែ​ចេញ​ជា​រឿង​ភាគ​មិន​បាន​ល្អ​ដូច​ការ​រំពឹង​ទុក កញ្ញា​ឆ្លើយ​តប​វិញថា៖ «មុន​ពេល​យើង​និយាយ​ថា​រឿង​ណា​មួយ​មិន​បាន​ល្អ​ យើង​មើល​លើ​កម្រិត​វិនិយោគ និង​ស្ថានភាព​ផលិត! មន្ត​ស្នេហ៍​លេខា ជា​រឿង​លំដាប់ B ដែល​យើង​ផលិត​ក្នុង​ទុន​តិច​សឹង​ពាក់​កណ្តាល​នៃ ​ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់»។

អ្នក​និពន្ធ ម៉ីសន សុធារី នៅ​ព្រឹក​នេះ​ដែរ​បាន​ឆ្លើយ​ជាមួយ​ Sabay ខ្លី​ថា កាល​ដែល​ក្រុង​ពាលី «ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រលាញ់» មិន​បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ ក៏​ដោយសារ​មិន​ចង់​ឲ្យ​មាន​អ្វី​ធំ​ដុំ​ពេក​ទាក់ទង​នឹង​ពិធី​នេះ។ «យើង​សម្រេច​ចិត្ត​ទាំង​អស់​គ្នា​ថា​ រឿង​ភាគ​ល្អ​មួយ មិន​អាស្រ័យ​លើ​ការ​ផ្សព្វផ្សាយ​អំពី​ការ​ចាប់​ផ្តើម​ទេ តែ​ពឹង​លើ​លទ្ធផល​ដែល​ចេញ​មក​នៅ​ពេល​ក្រោយ! » ។

ប្រភព​មិន​បញ្ចេញ​ឈ្មោះ បាន​អះ​អាង​ថា លោកJean Chhor អ្នក​ជំនាញ​កុន​សញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ គឺ​ជា​អ្នក​ដឹក​នាំ​ធំ (Senior Director) ក្នុង​រឿង​នេះ ហើយ​លោក​មាន​អនុ​អ្នក​ដឹក​នាំ​រឿង (Junior Directors) បួន​ប្រាំ​នាក់​ទៀត​នៅ​អម​ជួយ​ពេញ​ដៃ​ពេញ​ជើង។

"ថ្ងៃមុន​ស្អប់​ ថ្ងៃ​នេះ​ស្រលាញ់​" ​ជា​រឿង​ប្រលោម​លោក​​របស់អ្នកនិពន្ធ ម៉ីសន សុធារី ដែល​មាន​អ្នក​ចូល​អាន​យ៉ាង​ច្រើន​លើស​លុប​​។ ស្ថានីយ​ទូរទស្សន៍​ PNN បានទិញសិទ្ធិលើ​​ប្រលោម​លោក​​មួយ​នេះ​ កាល​ពី​ ខែ ធ្នូ ឆ្នាំ ២០១៧ កន្លង​ ដើម្បី​យក​​​មក​ផលិត​ជា​ខ្សែ​ភាព​យន្ត​ភាគ​រស់​រវើក​ ចំនួន៤០ភាគ៕

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម