សេន​ ប៊ុនថេន​ ឃីម​ ឌីម៉ា​ ជា​គូ​ឯក​ក្នុង​កម្មវិធី​ប្រដាល់​ថ្មី​មួយ​នៅ​បាត់ដំបង

  • 2018-04-27 09:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ សេន​ ប៊ុនថេន​ រួម​និង​សិស្ស​ប្អូន​ ឃីម​ ឌីម៉ា​ នឹង​ត្រូវ​ប្រកួត​បើក​ឆាក​ដំបូង​នៃ​កម្មវិធី​ប្រដាល់​ Kmen Top Fighter​ នៅ​ឯ​ខេត្ត​បាត់ដំបង​នា​ថ្ងៃ​សៅរ៍​ ទី៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨។​

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ប្រដាល់​ខាង​លើ​នេះ​ ជា​កម្មវិធី​ថ្មី​មួយ​ ដែល​រួម​សហការ​គ្នា​រវាង​ក្រុម​ហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ Kmen​ ទូរទស្សន៍​ PNN​ និង​សហព័ន្ធ​ផ្ទាល់​តែ​ម្ដង។​ កម្មវិធី​នេះ​ដែរ​ជា​ការ​រួម​ចំណែក​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ នៃ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​រីកចម្រើន​បន្ថែម​ទៀត។​

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ត​ទៀត​ថា​ ការ​ប្រកួត​នេះ​ធ្វើ​ជា​រៀងរាល់​មួយ​ខែ​ម្ដង​ រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ រី​ឯ​ទី​កន្លែង​ប្រកួត​វិញ​នោះ​ គឺ​ត្រូវ​ចល័ត​តាម​បណ្ដា​ខេត្ត​ផ្សេង​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ប្រកួត​ចុង​ក្រោយ​លើក​ទី១២​ នឹង​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ។​ ឯកឧត្ដម​ ក៏​ជម្រាប​ជូន​ដំណឹង​នេះ​ទៅ​ដល់​មហាជន​តាម​បណ្ដា​ខេត្ត​នានា​ កុំ​ភ្លេច​ចូលរួម​គាំទ្រ​ និង​ទស្សនា​កម្សាន្ត​អារម្មណ៍​ផង​ដែរ។​

ការ​ប្រកួត​ខាង​លើ​នេះ​នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃទី៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នៅ​ឯ​ទី​រួម​ខេត្ត​បាត់ដំបង​ ចាប់​ពី​ម៉ោង​៤ល្ងាច​តទៅ​ ក្នុង​នោះ​មាន​៥គូ​ ដែល​ត្រូវ​ឡើង​សង្វៀន​ សេន​ ប៊ុនថេន​ និង​ ឃីម​ ឌីម៉ា​ ត្រូវ​ស្វាមគន៍​កីឡាករ​ថៃ​ និង​៣គូ​ទៀត​មិត្តភាព​ជាតិ​និង​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម