លោក​ត្រាំ ព្រមាន​ចំៗ ទាក់​ទង​នឹង​រឿង​ប្រជែង​សិទ្ធិ​ជា​ម្ចាស់​ផ្ទះ World Cup ២០២៦

  • 2018-04-27 12:21:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​​ដូណាល់ ត្រាំ ក្នុង​ថ្ងៃ​នេះ បាន​ព្រមាន​ប្រទេស​មួយ​ចំនួន​កុំ​ឲ្យ​ប្រឆាំង​នឹង​ការ​ប្រជែង​សិទ្ធិ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup ​២០២៦ របស់​សហរដ្ឋអាមេរិក​ រួម​ជាមួយ​ប្រទេស​ពីរ​ទៀត។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក រូប​នេះ បាន​បង្ហោះ​សារ​​ក្នុង​គណនី​ផ្លូវការ Twitter ថា ប្រទេស​ខ្លួន រួម​ជាមួយ​កាណាដា និង​មិកស៊ិក​បាន​ព្រមព្រៀង​ក្នុង​ការ​ប្រជែង​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ World Cup ឆ្នាំ ២០២៦ ខាង​មុខ។

ក្នុង​សារ​ដដែល លោក​ត្រាំ បាន​សរសេរ​ព្រមាន​ចំៗ មិន​ឲ្យ​បណ្ដា​ប្រទេស​ដែល​អាមេរិក​គាំទ្រ​ ធ្វើ​ការ​ឡាំប៉ា​ប្រឆាំង​នៃ​ការ​ប្រជែង​មួយ​នេះ។ លោក​បាន​សរសេរ​ថា "វា​ជា​រឿង​គួរ​ឲ្យ​អៀនខ្មាស​បំផុត" បើ​សិន​ជា​ប្រទេស​ទាំង​នោះ ធ្វើ​ផ្ទុយ​ពី​នេះ។

លោក​ថែម​ទាំង​បាន​សរសេរ​បន្ថែម​ទៀត​ថា៖ "តើ​មាន​ហេតុផល​អី​ដែល​យើង​ត្រូវ​គាំទ្រ​ប្រទេស​ទាំង​នោះ​ទៀត បើ​សិន​ជា​ពួក​គេ​ (រាប់​បញ្ចូល​ទាំង​អង្គការ​សហប្រជាជាតិ) មិន​គាំទ្រ​យើង​ផង​នោះ"។

ប្រទេស​ដែល​ប្រជែង​ អាមេរិក-កាណាដា-មិកស៊ិក​ក្នុង​ការ​យក​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup ២០២៦ នេះ គឺ​ប្រទេស​ម៉ារ៉ុក ដែល​ជា​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាង​ជើង។

លទ្ធផល​នៃ​ការ​ប្រជែង​នេះ នឹង​ត្រូវ​បាន​ប្រកាស​ដោយ FIFA នៅ​ថ្ងៃ​ទី ១៣ មិថុនា​ខាង​មុខ។

សូម​បញ្ជាក់​ផង​ដែរ​ថា អាមេរិក​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup ម្ដង​ហើយ​កាល​ពី​ឆ្នាំ ១៩៩៤។

World Cup ឆ្នាំ​នេះ​នឹង​ត្រូវ​លេង​នៅ​រុស្សី ខណៈ​នៅ​ឆ្នាំ ២០២២ កម្មវិធី នឹង​ប្រព្រឹត្ត​ទៅ​នៅ​កាតា៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី