ស្ងាត់ៗ គ្រូ​ PSG ប្រកាស​ចែក​ផ្លូវ​ជាមួយ​ក្លឹប និង​ទម្លាយ​ពី​អនាគត Neymar

  • 2018-04-27 13:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ PSG លោក Unai Emery ក្នុង​ថ្ងៃ​នេះ បាន​ប្រកាស​ថា លោក​នឹង​ចាក​ចេញ​ពី​ក្លឹប​នៅ​ពេល​រដូវ​កាល​នេះ​ចប់។

អ្នក​ចាត់​ការ​អេស្ប៉ាញ​បាន​និយាយ​អរគុណ​ប្រធាន​ក្លឹប PSG លោក Nasser Al-Khelaifi និង​ក្រុម​ការងារ​ដែល​បាន​ជួយ​សម្របសម្រួល​ការងារ​របស់​លោក​នា​ពេល​ ២​ឆ្នាំ​នេះ។

លោក​ Emery បាន​បើក​កកាយ​ថា រដូវ​កាល​ដំបូង​របស់​លោក នៅ PSG ជួប​រឿង​លំបាក​ច្រើន។ កាល​នោះ ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ទើប​ចេញ​ពី​ក្លឹប ដូច្នេះ​លោក​ត្រូវ​រៀបចំ​ប្រព័ន្ធ​ប្រយុទ្ធ​ឲ្យ​រៀបរយ​វិញ។ លោក​បាន​និយាយ​ថា ការ​ចាញ់ Barcelona ៦-១ នៅ​កីឡដ្ឋាន​ Camp Nou គឺ​ជា​ពេល​លំបាក​បំផុត​របស់​លោក​ ក្នុង​ការ​ដឹកនាំ​ក្លឹប​បារាំង។

ថ្លែង​ពី​អនាគត​របស់​ខ្សែ​ប្រយុទ្ធ Neymar លោក Emery បាន​គូស​បញ្ជាក់៖ "ក្លឹប​មាន​គម្រោង​ធំ​ណាស់​នៅ​ថ្ងៃ​ខាង​មុខ ដូច្នេះ Neymar ចង់​ធ្វើ​ការ​អភិវឌ្ឍ​ខ្លួន និង​បន្ត​លេង​នៅ​ក្លឹប"។

លោក Emery ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់​ការ PSG កាល​ពី​ឆ្នាំ ២០១៦ ក្រោយ​ជួយ​ Sevilla ឲ្យ​លើក Europa League ៣​រដូវ​កាល​ជាប់​គ្នា។ ទោះ​ជា​យ៉ាង​ណា PSG ក្រោម​ការ​ដឹកនាំ​របស់​លោក ឡើង​មិន​ផុត​ Champions Leagueវគ្គ ១៦​ក្រុម ឡើយ​នៅ​ពីរ​រដូវ​កាល​ចុង​ក្រោយ បើ​ទោះ​ជា​បាន​ជះ​លុយ​រាប់​លាន​ដើម្បី​នាំ​ចូល​កីឡាករ​ល្បីៗ​ យ៉ាង​ណា​ក៏​ដោយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី