Mourinho បក​ស្រាយ​រឿង​ Chelsea លក់ Salah ចេញ

  • 2018-04-28 05:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah បាន​ចាក​ចេញ​ពី​ Stamford Bridge ក្រោម​សម័យ​​ដឹកនាំ​របស់​លោក Jose Mourinho កាល​ពី​ឆ្នាំ​២០១៦ បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​មិន​បាន​បង្ហាញ​ទម្រង់​លេង​លេច​ធ្លោ​​អ្វី​សោះ​ក្នុង​រយៈ​ពេល​២​រដូវ​កាល។

មនុស្ស​ជា​ច្រើន​បាន​ស្តី​បន្ទោស​យ៉ាង​ធ្ងន់ធ្ងរ​លើ​លោក Mourinho ថា​បាន​លក់​តារា​ឆ្នើម​ទៅ​ឲ្យ Roma កាល​ពី​ឆ្នាំ​២០១៦។ ប៉ុន្តែ គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​បិសាច​ក្រហម​បាន​ទទូច​ថា ​​លោក​មិន​បាន​សម្រេច​ចិត្ត​លក់ Salah ទេ។ Salah ដែល​បច្ចុប្បន្ន​​ស៊ុត​បាន​៤៣​គ្រាប់​គ្រប់​កម្មវិធី ហើយ​អាច​នឹង​​ជួយ​ Liverpool ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។

Salah បាន​ចាកចេញពី Chelsea ទៅ​ក្លឹប Roma នៅ​ឆ្នាំ ២០១៦ មុន​ពេល​ដែល​ក្រុម​ហង្ស​ក្រហម​បាន​​ទិញ​បន្ត​ទៀត​កាល​ពី​រដូវ​ក្តៅ​មុន​ក្នុង​តម្លៃ ៤០ លាន​ផោន (ប្រហែល ៥៥ លាន​ដុល្លារ) ជា​តម្លៃ​ដែល​ថោក​​ជាង​ខ្សែ​ការពារ Virgil van Dirjk ដែល​ Liverpool ទើប​ទិញ​ពី Southampton កាល​ពី​ដើម​ខែ​មករា​នេះ​ដល់​ទៅ​ជិត​ពាក់​កណ្តាល។

បច្ចុប្បន្ន​​អតីត​កីឡាករ Chelsea វ័យ ២៥​ ឆ្នាំ​រូប​នេះ​កំពុង​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​បេក្ខភាព​ដណ្តើម​ពាន​រង្វាន់​ Ballon d'Or ជាមួយ Cristiano Ronaldo និង Lionel Messi ។

​Mourinho ​បាន​ប្រាប់ ESPN Brazil ថា "​មនុស្ស​ជា​ច្រើន​ថា​ខ្ញុំ​ជា​អ្នក​លក់ Salah ប៉ុន្តែ​វា​មិន​អី​ចឹង​ទេ។ ខ្ញុំ​គឺ​ជា​​មនុស្ស​ម្នាក់​ដែល​បាន​ទិញ Salah ហើយ​ខ្ញុំ​គឺជា​មនុស្ស​ម្នាក់​ដែល​ប្រាប់ Chelsea ឱ្យ​ទិញ Salah"។

"ប៉ុន្តែ​គាត់ [Salah] កាល​ណោះ​នៅ​ក្មេង​ កាយសម្បទា​មិន​ទាន់​ពេញលេញ អារម្មណ៍​ផ្លូវ​ចិត្ត​​​ក្នុង​ការ​សម្រប​នឹង​សង្គម​វប្បធម៌​មិន​ទាន់​ធ្វើ​បាន​នៅ​ឡើយ។ យើង​បាន​សម្រេច​ចិត្ត​ដាក់​គាត់​ឱ្យ​គេ​ខ្ចី​ជើង ហើយ​គាត់​ក៏​ចង់​បាន​ដូច្នេះ​ដែរ"។

"Chelsea ជា​អ្នក​សម្រេច​ចិត្ត​លក់​គាត់ យល់? ហើយ​គេ​និយាយ​ថា​ខ្ញុំ​គឺ​ជា​អ្នកលក់​ នោះ​គឺ​ជា​ការ​កុហក។ ខ្ញុំ​បាន​​ដាក់​គាត់​ ឲ្យ​គេ​ខ្ចី​ជើង ខ្ញុំ​គិត​ថា​វា​ចាំបាច់ ខ្ញុំ​គិតថា Chelsea មាន​កីឡាករ​ស្លាប មាន​ដូចជា Willian, Eden Hazard"។

លោក Mourinho បាន​បន្ថែម​ថា "តាម​ពិត​ទៅ​ខ្ញុំ​ជា​អ្នក​ទិញ Salah ខ្ញុំ​មិន​បាន​លក់ Salah ប៉ុន្តែ​វា​មិន​មែន​ជា​បញ្ហា​អ្វី​ទេ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ថា​គាត់​គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​​នៅ​ពេល​ឃើញ​​គ្រប់យ៉ាង​ដែល​មាន ជា​ពិសេស​គាត់​ទាត់​បញ្ចូល​ទី​គេ​គ្រប់​គ្នា​ តែ​គាត់​មិនទាត់​ចូល​យើង​ទាំង​២​ប្រកួត"៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម