ផលិតកម្ម​ក្នុង​ស្រុក​មួយ ចាប់​ដៃគូ​ជា​មួយ​ថៃ គ្រោង​ផលិត​ភាពយន្ត​៣០រឿង

  • 2018-04-29 00:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ Rich Kids Media បាន​ចុះ​ព្រមព្រៀង​ជា​​មួយ​ក្រុមហ៊ុន Ganjab​ មក​ប្រទេស​ថៃ​លើ​ការបោះ​ទុន​​ផលិត​ភាពយន្ត​មួយ​គ្នា​មួយ ដើម្បី​នាំ​ភាពយន្ត​កម្ពុជា​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស ដោយ​គម្រោង​នៃ​ការ​ផលិត​នោះ ផលិតកម្ម​ទាំង​២ គ្រោង​ផលិត​រហូត​ដល់​ទៅ ៣០រឿង​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​លើក​ឡើង ក្នុង​ពិធី​ចុះ​កិច្ច​ព្រមព្រៀង​​របស់​​ផលិតកម្ម​​ទាំង​២ កាល​ពី​រសៀល​ថ្ងៃ​នេះ។

លោក នៅ រតនា ចាងហ្វាង​ផលិតកម្ម Rich Kids Media និង​ជា​នាយ​ក្រុមហ៊ុន​ Rich Kids Media Co.,Ltd បា​ឲ្យ​ដឹង​ថា ដោយ​​មើល​ឃើញវិស័យ​ភាពយន្ត​នៅ​ប្រទេស​កម្ពុជា​កំពុងតែ​មាន​សន្ទុះ​ឡើង​ខ្លាំង បាន​ធ្វើ​ឲ្យ​លោក​​មាន​បំណង​ចង់​វិនិយោគ​លើ​វិស័យ​នេះ ​នៅ​ក្នុង​នោះ លោក​បាន​ទៅ​សិក្សា​ទីផ្សារ​ភាពយន្ត​នៅ​ប្រទេស​ថៃ​ជា​ច្រើន​លើក ហើយ​ក៏​បាន​ជួប​ជា​មួយ​ក្រុមហ៊ុន Ganjab ដែល​ជា​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ល្បី​ឈ្មោះ​មួយ​នៅ​ប្រទេស​ថៃ រួច​ក៏​​សម្រេច​ចាប់​ដៃគូ​រក​ស៊ី​ជា​មួយ​គ្នា​តែ​ម្ដង​ទៅ។

លោក នៅ រតនា ចាងហ្វាង​ផលិតកម្ម Rich Kids Media

លោក​ថា តាម​ឆន្ទៈ​នៃ​ក្រុមហ៊ុន​ទាំង២ គឺ​មាន​បំណង​ចង់​នាំ​ភាពយន្ត​ខ្មែរ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​ប្រទេស​ថៃ និងប្រទេស​ក្នុង​តំបន់​អាស៊ាន​​តែ​​ម្ដង ប៉ុន្តែ​ជំហាន​ដំបូង​ផលិតកម្ម​គ្រោង​​ធ្វើ​សាកល្បង​ទីផ្សារ​នៅ​កម្ពុជា ​និង​ថៃ​ជា​មុខ​សិន។

លោក នៅ រតនា បាន​លើក​ឡើង​ទៀត​​ថា ភាពយន្ត​ដែល​ផលិត​ឡើង គឺ​ជា​ការ​តែង​​និពន្ធ​ថ្មី ដោយ​អ្នក​និពន្ធ​ខ្មែរ​ និង​ថៃ​ មាន​លក្ខណៈ​ត្រូវ​នឹង​បរិបថ​នៃ​ប្រទេស​ទាំង​ពីរ មិនមែន​យក​រឿង​ថៃ​​មក​ថត​ឡើង​វិញ​ឡើយ ត្បិត​អី​ទីផ្សារ​នៃ​​ភាពយន្ត​នោះ គឺ​សម្រាប់​ចាក់​បញ្ចាំង​នៅ​តាម​រោងភាពយន្ត​ មិន​មែននៅ​តាម​ស្ថានីយ​ទូរទស្សន៍​ឡើយ។

តាម​កិច្ច​ព្រមព្រៀង​ខាង​លើ ក្នុង​១ឆ្នាំ​​ផលិត​កម្ម​គ្រោងផលិត​៥ទៅ៦រឿង ក្នុង​នោះ​​អាច​មាន​១រឿង​ទៅ២រឿង គ្រោង​នាំ​​ចេញ​ទៅ​ទីផ្សារ​​អាស៊ាន​ផង​ដែរ។ សម្រាប់​ទីផ្សារ​​​ក្នុង​ស្រុក និងប្រទេស​ថៃ ​ក្រុមហ៊ុន​គ្រោង​ចំណាយ​​ក្នុង​មួយ​រឿង​៨ម៉ឺន​ដុល្លារ ទៅ​១០ ម៉ឺន​ដុល្លារ ហើយ​ប្រសិន​បើ​ភាពយន្ត​មួយ​ណា មាន​ទីផ្សារ​សម្រាប់​​​នាំ​ចេញ​ទៅ​ទីផ្សារ​អាស៊ាន ក្នុង​មួយ​រឿង​អាច​ចំណាយ​ខ្ទង់​​ជាង​៣០ម៉ឺន​ដុល្លារ។

ភាពយន្ត​ដំបូង​​​​បាន​និពន្ធ​រួច​រាល់​អស់​ហើយ ជា​ភាពយន្ត​បែប​ភ័យ​ខ្លាច​និង​កំប្លែង ក្នុង​នោះ​​ក៏​មាន​តារា​ល្បីៗ​របស់​ប្រទេស​ថៃ​ចូល​រួម​សម្ដែង​ផង​ដែរ។ ចំពោះ​ចំណង​ជើង​រឿង ​និងឈ្មោះ​តារា​​ដែល​ចូល​រួម​សម្ដែង​ខាង​ផលិតកម្ម​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ ប៉ុន្តែ​បាន​ប្រាប់​ថា ភាពយន្ត​នោះ​គ្រោង​ថត ជាង​១ខែ​ទៀត បច្ចុប្បន្ន​កំពុងស្វែង​រក​ទីតាំង​ចុះ​​ថត និងរត់ការ​ឯកសារ ដើម្បី​សុំ​សិទ្ធិ​ថត។

តំណាង​ក្រុមហ៊ុន Ganjab បាន​លើក​ឡើង​ថា ដោយ​ផ្អែក​លើ​គោលបំណង​តែ​មួយ​រួមគ្នា និង​បន្ត​ចាប់​ដៃ​គ្នា​ផលិត​ខ្សែ​ភាពយន្ត​ឲ្យ​​បាន​ច្រើន ភាគី​ថៃ​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​កម្លាំង​កាយ​កម្លាំងចិត្ត ដើម្បី​ដឹក​នាំ​វិស័យ​ភាព​យន្ត​ខ្មែរ ឲ្យ​ឈាន​ដល់​ដំណាក់​កាល​ដែលប្រទេស​ជិត​ខាង​ទទួល​ស្គាល់​ថា ខ្មែរ​ពិត​ជា​អាច​ធ្វើ​បាន មាន​គំនិត​ក្នុង​ការ​បង្កើត​នូវ​ខ្សែភាពយន្ត​ដែល​មាន​គុណភាព​ខ្ពស់ អាច​ឈាន​ជើង​ចូល​ទៅ​កាន់​ទីផ្សារ​ភាពយន្ត​បរទេស​បាន ដោយ​ភាព​ជឿជាក់។

ជា​ស្នាដៃ​លើ​វិស័យ​ភាពយន្ត​ផលិតកម្ម​ Rich Kids Media កន្លង​មក​ទើប​តែ​ផលិត​បាន​ភាពយន្ត​តែ​២រឿង​ប៉ុណ្ណោះទី១ "រឿង​៧ថ្ងៃ" ទី២"រឿង ក្រមុំ៣១ កំលោះ​៥២"។ ទោះបី​ជា​បទពិសោធន៍​ហាក់​ដូច​ជា​នៅ តិចតួច​ក្ដី លោក នៅ រតនា ចាងហ្វាង​ផលិតកម្ម មាន​ជំនឿ​ជាក់​ថា កិច្ច​ព្រមព្រៀង​នៃ​ជំនួញ​ដែល​មាន​ទុន​​ជា​ច្រើន​​នោះ ច្បាស់​ជា​ជោគជ័យ​ជាក់​ជា​មិន​ខាន ត្បិតអី​​ផលិតកម្ម​មក​ពី​ប្រទេស​ថៃ មាន​បទពិសោធន៍​ខ្លាំង​ណាស់​លើ​ទីផ្សារ​ភាពយន្ត​នេះ៕​​​

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម