បើសុបិនឃើញ៧យ៉ាងនេះ អាចដឹងថាកូនកើតមក ស ខ្មៅ រឹង ឬជ្រាយ

  • 2018-04-29 03:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​កត់សម្គាល់​របស់​ដូនតា​ខ្មែរ​តាំង​ពី​បុរាណ រហូត​មក​ដល់​បច្ចុប្បន្ន​មុន​ពេល​មាន​ផ្ទៃពោះ ឬ​កំឡុង​ពេល​ពពោះ ស្ត្រី​ជា​ម្ដាយ​តែង​យល់​សប្ដិ​ឃើញ​រឿង​នេះ​ រឿង​នោះ​។ ​តាម​ការ​ឱ្យ​ដឹង​ពី លោកយាយ​ វ៉ែន ម៉ាល័យ ​ដែល​ជា​ឆ្មប​បុរាណ ក្នុង​ភូមិ​ក្រាំង​ម្កាក់ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ​បើ​ស្រ្តី​ជា​ម្ដាយ​យល់​សប្ដិ​ឃើញ​រឿង​ទាំង​នេះ ​មុន​ពេល​មាន​ផ្ទៃ​ពោះ​១​ខែ ឬ​កំឡុង​ពេល​ពពោះ​បាន​១​ខែ នោះ​បញ្ជាក់​ថា​នឹង​មាន​កូន ហើយមាន​ចរិត​លក្ខណៈ​ទៅតាម​ការ​យល់សប្ដិ​នោះ​។ ​

រូបតំណាង

**១. ​យល់​សប្ដិ​ឃើញ​ផ្ទះ​**

តាម​ការ​កត់​សម្គាល់​​របស់​ដូនតា​ខ្មែរ លោក​យាយ វ៉ែន ម៉ាល័យ ​ជា​ឆ្មប​បុរាណ​តាំង​ពី​ជំនាន់​សង្គម​មក​ប្រាប់​ថា ​បើ​ស្ត្រី​ជា​ម្ដាយ យល់សប្ដិ ​ឃើញ​ផ្ទះ​មុន​ពេល​មាន​កូន​ ឬ​ពេល​មាន​កូន​បាន​ ១​ខែ បញ្ជាក់​ថា​កូន​ក្នុង​ផ្ទៃ​ជា​កូន​ប្រុស​ដ៏​រឹង​មាំ​ម្នាក់​។ ​លោក​យាយ​ប្រាប់​ថា បើ​ផ្ទះ​នោះ​សម្បុរ​រាង​ចាស់​បន្តិច ​បញ្ជាក់​ថា កូន​ប្រុស​នោះ​នឹង​មាន​សម្បុរ​ខ្មៅ​ស្រអែម​។​​​​​

២. ​យល់សប្ដិ​ឃើញ​ក្រវិល​ពីរ

​ស្ត្រី​ដែល​ទើប​នឹង​រៀបការ​រួច មិន​ទាន់​​មាន​កូន ស្រាប់​តែ​យល់សប្ដិ​ឃើញ​ក្រវិល​ពីរ ​នោះ​បញ្ជាក់​ថា អាច​មាន​កូន​ភ្លោះ​ទៀត​ផង​។ លោកយាយ វ៉ែន ម៉ាល័យ​ប្រាប់​ទៀត​ថា ប្រសិន​បើ​ក្រវិល​នោះ​ជា​ក្រវិល​ផ្លាកទីន​ កូន​ភ្លោះ​នោះ​គឺ​ជា​កូន​ស្រី​។​​​

​៣. ​យល់សប្ដិ​ឃើញ​ខ្សែក​មួយ​រង្វង់​

លោកយាយ​ជា​ឆ្មប​បុរាណ​ខ្មែរ​រូប​នេះ ​ប្រាប់​ថា បើ​យល់សប្ដិ​ឃើញ​គេ​ឱ្យ​ខ្សែក​មួយ​រង្វង់​ ហើយ​ខ្ចប់​ក្រដាស​ស​ គឺ​ជា​យល់សប្ដិ​ល្អ​បំផុត​។ ​លោកយាយ​និយាយ​ថា ​បើ​ស្ត្រី​កំពុង​មាន​ផ្ទៃពោះ​កន្លះ​ខែ ឬ ​មុន​ពេល​មាន​ផ្ទៃ​ពោះ​កន្លះ​ខែ ​នោះ​បញ្ជាក់​ថា នឹង​មាន​កូន​ប្រុស​​គួរ​ឱ្យ​ស្រឡាញ់​ម្នាក់ សម្បុរ​ស​ មក​ចាប់​កំណើត​ជាមួយ​ស្ត្រី​នោះ​ហើយ​។

៤. ​​យល់សប្ដិ​ឃើញ​រំយោល​ផ្កា

​បើ​យល់សប្ដិ​ឃើញ រំយោល​ផ្កា ពេល​កំពុង​ពពោះ​នោះ​បញ្ជាក់​ថា ស្រ្តី​ជា​ម្ដាយ​នឹង​មាន​កូន​ស្រី​ម្នាក់​គួរ​ឱ្យ​ស្រឡាញ់ ប៉ុន្តែ​កូន​នោះ​អាច​មាន​ចរិត​ចចេស​បន្តិច ​ប៉ុន្តែ​ច្បាស់លាស់ រហ័សរហួន​ណាស់​។​

រូបតំណាង

៥. ​យល់សប្ដិ​ឃើញ​ចិញ្ចៀន​សម្បុរ​រាង​ចាស់

លោក​យាយ វ៉ែន ម៉ាល័យ ​ប្រាប់​ទៀត​ថា ​បើ​យល់សប្ដិ​ឃើញ​ចិញ្ចៀន​មួយ​វង់​ ​ប៉ុន្តែ​ចិញ្ចៀន​នោះ​រាង​ចាស់​បន្តិច នោះ​ស្ត្រី​ជា​ម្ដាយ​កំពុង​ពពោះ​កូន​ស្រី​ម្នាក់​ក្នុង​ផ្ទៃ ហើយ​កូន​នោះ​សម្បុរ​រាង​ខ្មៅ​ស្រអែម​។

៦. ​ ​យល់សប្ដិ​ឃើញ​នាឡិកា

បើ​យល់សប្ដិ​ឃើញ នាឡិកា​ នោះ​បញ្ជាក់​ថា​នឹង​មាន​កូន​ប្រុស​ម្នាក់​ ដែល​មាន​អត្តចរិត​សុភាព​រាប​សា ​មាន​ទំនោរ​ជា​អ្នក​តែង​និពន្ធ ​ច្បាស់លាស់ ហ្មត់ចត់ ដឹង​គុណ​ចំពោះ​ឪពុកម្ដាយ​។ ​នេះ​បើ​តាម​ការ​ប្រាប់​របស់​លោកយាយ វ៉ែន ម៉ាល័យ​។

៧. ​យល់​សប្ដិ​ឃើញ​គេ​ឱ្យ​ក្មេង

ក្នុង​សុបិន​មួយ​បើ​ស្ត្រី​ជា​ម្ដាយ យល់​សប្ដិ​ឃើញ​មាន​គេ​ឱ្យ​ក្មេង ហើយ​អ្នក​ឱ្យ​នោះ​និយាយ​ថា ក្មេង​នេះ​ជា​កូន​ល្អ កូន​របស់​ទេវតា​ នោះ​ជា​យល់សប្ដិ​ល្អ​បំផុត​។ លោកយាយ​ វ៉ែន ម៉ាល័យ ប្រាប់​ថា ​ក្មេង​ដែល​កំពុង​ពពោះ​ក្នុង​ផ្ទៃ​ជា​កូន​ល្អ​ណាស់ ពេល​កើត​មក​នឹង​ធ្វើ​ឱ្យ​គ្រួសារ​ចម្រុង​ចម្រើន​៕​​​​ ​

អត្ថបទ៖ វឌ្ឍនៈ