ស្ទើរមិនជឿ! បុរស​ម្នាក់​គ្រាន់តែ​ប្រើ​ឧបករណ៍ងាយៗ​អាច​ផ្លុំ​ហៅ​ខ្លែងស្រាក​បាន​​

  • 2018-04-30 03:34:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​រស់​នៅ​ខេត្ត​តាកែវ​មាន​សមត្ថភាព​ពិសេស​អាច​ហៅ​សត្វ​ខ្លែង​ស្រាក​ឲ្យ​ហោះ​មក​ជិត​ៗ​ទីតាំង​ខ្លួន​បាន​ ដោយ​គ្រាន់តែ​ប្រើ​ប្លាស្ទិក​កញ្ចប់​បារី​ដើម្បី​ផ្លុំ​​។​

(លោក ជ្រាន ជ្រោយ​ កំពុង​ហែកយក​ប្លាស្ទិកពី​កញ្ចប់បារី​សម្រាប់​ផ្លុំ​ហៅខ្លែង​ស្រាក​)

លោក ជ្រាន ជ្រោយ រស់​នៅ​ឃុំ​ស្រងែ ស្រុក​ទ្រាំង ខេត្ត​តាកែវ ឲ្យ​ដឹង​ថា​លោក​ចេះ​ផ្លុំ​​ហៅ​ខ្លែង​ស្រាក​នេះ ពី​អ្នក​ខេត្ត​បាត់​ដំបង​ម្នាក់​ ពេល​ដែល​លោក​ទៅ​លេង​នៅ​ទី​នោះ។ លោក​ពន្យល់​ពី​របៀប​ផ្លុំ​យ៉ាងនេះ​ថា៖ «​យក​ប្លាស្ទិច​កញ្ចប់​បារី មក​ផ្លុំ​ធ្វើជា​សំឡេង​ដូច​សំឡេង​ខ្លែង​ស្រាក វា​ហោះ​មក​ជិត ជួន​កាល​អាច​ចាប់​បាន​ទៀត​»។

កាលពី​​ថ្ងៃ​សៅរ៍ ម៉ោង​ប្រហែល​៨​យប់ កន្លង​ទៅនេះ អ្នកសារព័ត៌មាន​Sabay និង​អ្នក​ភូមិពីរនាក់​ផ្សេង​ទៀត​បាន​ទៅ ​ទីវាលមួយ​ក្នុង​ឃុំ​ស្រងែ ជាមួយ​នឹង​លោក ជ្រាន ជ្រោយ ដើម្បី​ដឹង​ឲ្យ​កាន់​តែ​ច្បាស់ពី​សមត្ថភាព​ពិត​របស់​លោក។​

លោក ជ្រាន ជ្រោយ បាន​យក​ប្លាស្ទិក​កញ្ចប់បារី មក​ផ្លុំ​ជា​សំឡេង ទាំងអ្នក​ផ្លុំ និង​អ្នក​ទៅ​ចាំ​មើល​បាន​លាក់​ខ្លួន​នៅ​ព្រៃក្បែរ​នោះ ដោយថា​បើ​សត្វ​ខ្លែង​ស្រាក​ឃើញមនុស្ស​ពូកវានឹងមិន​មក​នោះទេ។

បើ​តាម​ការ​សង្កេត​របស់​អ្នក​សារព័ត៌មាន Sabay ប្រហែលជា​ប្រាំនាទី​ក្រោយ​ការផ្លុំ ខ្លែង​ស្រាកមិន​តិចជាង១០​ក្បាល​បាន​​ហោះ​ឆ្វែល​នៅ​ម្តុំទីតាំង​សំឡេង​ ​រហូត​ទាល់តែ​លោក ជ្រាន ជ្រោយ ឈប់​ផ្លុំ​។ ខ្លែង​ស្រាក​ទាំងនេះ​ហោះ​ឆ្វែល និង​ទទះស្លាប​ក្បែរៗ​ដើមឈើ​​​ជិត​សំឡេង​​ដែល​កំពុង​ផ្លុំ។​

លោក ជ្រាន ជ្រោយ បញ្ជាក់​យ៉ាង​ដូចនេះ​ថា៖ « យើង​ត្រូវ​ចេះ​ធ្វើសំឡេង​ឲ្យ​ដូច​សត្វខ្លែង​ស្រាក​...​វា​មិន​លំបាក​ទេ​គឺគ្រាន់​តែយក​ប្លាស្ទិក​កញ្ចប់​បារី​មកផ្លុំទៅ​វាចេញ​ជាសំឡេង​ដូច​ខ្លែង​ស្រាក​យំហៅ​គ្នីគ្នា​​តែម្តង​​...បើយើង​ផ្លុំ​កាន់​តែយូរ​វានាំ​គ្នា​ហើរមក​កាន់​តែច្រើន​ឡើង​ៗ​»។

ការ​ផ្លុំ​ហៅ​ខ្លែង​ស្រាកនេះ​មិន​អាច​ធ្វើ​ក្នុង​ភូមិ​ដែល​មានមនុស្ស​រស់​នៅ​បានទេ ដោយ​លោក​ថា​ប្រ​​ជា​ពល​រដ្ឋ​មួយ​ចំនួន​មាន​ជំនឿថា​ខ្លែងស្រាក​ជាសត្វ​មិន​ល្អ ហើយ​សំឡេង​វាទៀត​សោត​ក៏​ធ្វើ​ឲ្យ​អ្នក​ភូមិ​ខ្លះ​ខ្លាច​ផង​ដែរ។

លោក សម នឿន ដែល​បាន ទៅ​មើល​ការ​ផ្លុំ​ហៅ​សត្វ​ខ្លែង​ស្រាក​ដែរ​នោះ មានប្រ​​សាសន៍ថា​ពេល​លោក​ឃើញ​ខ្លែង​ស្រាកនេះធ្វើ​ឲ្យ​លោក​ព្រឺ​ក្បាល​តែ​ម្តង។

លោក​បន្ថែមថា៖ « ខ្ញុំ​ដូច​ជា​ព្រឺក្បាល​ណាស់​ពេល​បានឃើញ​ពួក​វាដ៏​​ច្រើនបែប​នេះ​ សំឡេង​របស់​វា​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច​បន្តិច​ដែរ»។

សត្វ​ខ្លែង​ស្រាក​ចេញ​រកចំណី​ពេល​យប់ ហើយ​អ្នកភូមិ​ខ្លះជឿថា​សត្វប្រ​ភេទនេះ​ជាសត្វនាំ​ប្រផ្នូល​មិន​ល្អ​ដល់​មនុស្ស ដោយ​ថា​បើ​សត្វនេះ​យំ និង​ហើរ​កាត់​ភូមិ​ឬ​ផ្ទះអ្នកណាម្នាក់ បានន័យ​ថាក្នុងភូមិ ឬ​ម្ចាស់​ផ្ទះ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ស្លាប់។

សម្រាប់ជំនឿ​លើ​សត្វប្រភេទនេះ​មិន​ត្រឹម​តែ​មាននៅកម្ពុជា​ប៉ុណ្ណោះ​ទេ នៅ​ប្រ​ទេស​ដទៃ​ក៏​មាន​ជំនឿ​ប្រ​ហាក់​ប្រហែលគ្នានេះដែរ ដោយ​បាន​ចាត់ទុក​ថា​សត្វនេះ​តំណាង​ឲ្យ​សេចក្តី​ស្លាប់។ ទោះយ៉ាងណា​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ក្រិច​បុរាណ បាន​ចាត់ទុក​សត្វខ្លែងស្រាកនេះ​តំណាង​ឲ្យជ័យជម្នះទៅ​វិញ ដោយ​ទា​ហានក្រិក​ពេល​ចេញច្បាំង បើ​បាន​ឃើញ​សត្វ​ខ្លែង​​ស្រាក​ហោះ​ពី​លើ នោះគឹមានន័យ​​ថា​ជ័យជម្នះក្នុង​សង្គ្រាម​​នឹង​ចូល​មក​ដល់។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Mentalfloss។

បើ​តាម​ប្រភព​ដដែល​នៅ​ប្រ​ទេស​ជប៉ុន​មានចិញ្ចឹម​សត្វ​ប្រភេទ​នេះ​ និងថែមទាំង​ដាក់​ឈ្មោះហាង​តាម​ឈ្មោះសត្វ​នេះ​ផង​ដែរ៕

អត្ថបទ​ដោយ៖ ជិន វេន

អត្ថបទថ្មី