ម្ចាស់​រថយន្ត Tesla ជាប់​ពិន័យ​ ១៨​ ខែ ដោយ​សារ​ចង់តេស្ត​មុខងារ​បើក​ស្វ័យ​ប្រវត្តិ​ (វីដេអូ)

  • 2018-04-30 04:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ឈ្មោះ Bhaves Patel ​ដែល​ជា​ម្ចាស់​រថយន្ត Tesla រស់​នៅ​ទីក្រុង Nottingham ចក្រភព​អង់គ្លេស ត្រូវ​បាន​ជាប់​បម្រាម​មិន​ឲ្យ​បើកបរ​ដល់​ទៅ ១៨ ខែ ពី​ព្រោះ​លោក​ត្រូវ​បាន​ប៉ូលិស​ចាប់​បាន​ក្រោយ​ឃើញ​លោក​អង្គុយ​នៅ​កៅអី​អ្នក​ជិះ ដោយ​គ្មាន​មនុស្ស​ក្នុង​កៅអី​អ្នក​បើកបរ​ឡើយ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ខែ ឧសភា ឆ្នាំ ២០១៧ ពេល​ដែល​ម្ចាស់​រថយន្ត​បាន​សាក​ល្បង​មុខ​ងារ​បើកបរ​ដោយ​ស្វ័យ​ប្រវត្តិ​របស់ Tesla (Autopilot) ដោយ​ខ្លួន​បាន​រើ​ទៅ​អង្គុយ​នៅ​កៅអី​អ្នក​ដំណើរ​ជំនួស​វិញ ក្នុង​ល្បឿន​ប្រហែល​ ៦៥គ.ម/ម៉ ព្រោះ​ចង់​ដឹង​ថា​មុខ​ងារ​បើកបរ​ដោយ​ស្វ័យ​ប្រវត្តិ​នេះ​ធ្វើ​បាន​ល្អ​កម្រិត​ណា។

ការ​ពិសោធន៍​របស់​អ្នក​បើកបរ​រូប​នេះ​ មិន​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​នរណា​ឡើយ ប៉ុន្តែ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ប៉ូលិស​ថា​ជា "ការ​បើកបរ​ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ" និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ខ្លួន និង​អ្នក​ដទៃ​បាន។ បន្ថែម​ពី​លើ​បម្រាម​ហាម​មិន​ឲ្យ​បើក​រថយន្ត​រថយន្ត​រយៈពេល ១៨ ខែ​នេះ​ហើយ អ្នក​បើកបរ​រូប​នេះ​ក៏​ត្រូវ​បង់​ប្រាក់ ១ ៨០០ផោន (ប្រហែល ២ ៤៨០ ដុល្លារ), ត្រូវ​ចូល​រួម​ការ​ព្យាបាល​រយៈពេល ១០​ថ្ងៃ និង​ត្រូវ​ធ្វើ​ការងារ​សង្គម​ចំនួន ១០០ម៉ោង​ផង​ដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា មុខ​ងារ​បើកបរ​ដោយ​ស្វ័យ​ប្រវត្តិ​របស់ Tesla (Autopilot) អាច​ឲ្យ​រថយន្ត​របស់​អ្នក​ស្ថិត​ក្នុង​គន្លង​បើកបរ និង​រក្សា​ល្បឿន​រថយន្ត​ឲ្យ​នៅ​តាម​រថយន្ត​ខាង​មុខ តែ​មិន​អាច​បើក​វ៉ា​ដោយ​ខ្លួន​ឯង​បាន​ទេ។ ម៉្យាង​ទៀត បើ​អ្នក​បើកបរ​មិន​អើ​ពើ​នឹង​សារ​ព្រមាន​ពេល​ Autopilot បើក​បរ​ដោយ​ខ្លួន​ឯង​រយៈ​ពេល​ត្រឹម ១​នាទី​នោះ រថយន្ត​នឹង​បិទ​មុខ​ងារ​នេះ​ចោល​ ហើយ​ឈប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង៕

នេះ​ជា​វីដេអូ​បង្ហាញ​ពី​កៅអី​បើកបរ​ ដែល​គ្មាន​មនុស្ស​អង្គុយ​ក្នុង​រថយន្ត​ Tesla នោះ៖

ចុចអាន៖

ប្រភព៖ engadget   ប្រែ​សម្រួល៖ ផាត សុវត្ថិ