ភាពយន្តដំបូងសម្រាប់វ័យក្រោម២០ ចេញTrailer ផ្លូវការយប់នេះ!
- 2018-04-30 07:49:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តដំបូងសម្រាប់វ័យក្រោម២០ ចេញTrailer ផ្លូវការយប់នេះ!
ចន្លោះមិនឃើញ
ភាពយន្តខ្មែរសម្រាប់មនុស្សជំទង់ ដែលសម្រិតសម្រាំងដោយក្រុមស្ទូឌីយោ៤ ប្រែក្លាយពីភាគនិទានពេជ្រ បណ្ឌិត«បាតដៃខ្មៅ»ទីបំផុតចេញ Trailer ផ្លូវការនៅយប់ថ្ងៃចន្ទនេះ។
ផលិតករ មាស រស្មី ដែលមានស្នាដៃក្នុងរឿង «ស្រទន់មន្តស្នេហ៍» ឲ្យSabayដឹងមុននេះបន្តិចថា នេះជាប្រភេទភាពយន្តផ្សារភ្ជាប់ជិតស្និទ្ធនឹងមនោសញ្ចេតនាក្នុងជីវិតវ័យជំទង់ដែលគ្រប់់គ្នាតែងបានឆ្លងកាត់។ «ពួកគេស្រលាញ់តន្រ្តី ស្រលាញ់មិត្តភក្តិ! ពួកគេមានចិត្តស្មោះចំពោះមិត្តភាព ហើយមិនលោភ មិនខ្វល់ចំពោះកេរ្តិ៍ឈ្មោះ ឬទ្រព្យធន! កំហុសមួយចំនួនដែលពួកគេបានបង្កឡើង ជារឿងគ្មានចេតនា ហើយភាពយន្តនេះ ជួយឲ្យវ័យជំទង់ដឹងថា គ្រប់យ៉ាងរមែងមានដំណោះស្រាយ!ខ្ញុំក៏ដូចជាក្រុមការងារ មានសន្ទុះចិត្តខ្ពស់ក្នុងការផលិតរឿងនេះសម្រាប់វ័យជំទង់ក្នុងប្រទេសយើង»។
កម្រងភាគនិទានរបស់ ពេជ្រ បណ្ឌិត ជាប្រភេទប្រលោមលោកដែលឆ្លុះបញ្ចាំងពីរបៀនអរូបិយនៅក្នុងប្រវត្តិជំនឿខ្មែរ។ «បាតដៃខ្មៅ» គឺជារឿងល្បីមួយក្នុងចំណោមរឿងទំាង១២ក្នុងខ្សែរឿង ពេជ្របណ្ឌិត ហើយក៏ជាស្នាដៃរបស់អ្នកស្រី ម៉ីសន សុធារី។
នៅពេល Sabay សួរថា តើនេះជាប្រភេទរឿងរន្ធត់ខ្មោចព្រាយ? អ្នកនិពន្ធបានប្រាប់មកវិញថា កាលនៅជាប្រលោមលោក «បាតដៃខ្មៅ» ពិតជាប្រភេទរឿងដ៏សែនរន្ធត់ ដែលអ្នកណាអានហើយសឹងមិនអាចឈប់កណ្តាលទីបាន ព្រោះស្លុងចង់ដឹងពីមូលហេតុនែបញ្ហាដែលចងសម្លាប់មុខ តែនៅពេលចេញមកជាភាពយន្ត យើងមានចេតនា បង្កើតរូបបារម្មណ៍ថ្មី ដែលភាពរន្ធត់គ្មានសោះ ហើយបង្កប់នូវមនោសញ្ចេតនារឹងមាំក្នុងចំណងមិត្តភាពរបស់យុវវ័យ៥រូប។
«ខ្ញុំមិនដែលស្តាយក្រោយទេក្នុងការប្រែក្លាយរឿងដ៏ល្អមួយនេះ មកជាប្រយោជន៍សម្រាប់មនុស្សវ័យជំទង់! រយៈពេលចុងក្រោយនេះពួកគេសឹងថា គ្មានរឿងល្អសម្រាប់អប់រំចិត្តនៅឡើយ! ជួនកាលយើងឃើញរឿងជាច្រើនដែលឃោសនាថា គេធ្វើដើម្បីយុវវ័យ តែគ្មានអ្នកណាដឹងមនុស្សក្រោមម្ភៃឆ្នាំមិនដែលមានកុនមួយសម្រាប់ខ្លួនគាត់នោះឡើយ! សម្រាប់ខ្ញុំរឿងល្អមួយគឺរឿងដែលបានស្រាវជ្រាវត្រឹមត្រូវ កំណត់ក្រុមគោលដៅច្បាស់ ហើយពេលពួកគេទស្សនានឹងដឹងថា បានឆ្លុះបញ្ចាំងពីការពិតដែលមានតែពួកគាត់ខ្លួនឯងទើបយល់!»។
ភាពយន្តរឿង «បាតដៃខ្មៅ» ប្រមូលផ្តុំទៅដោយដួងតារាវ័យជំទង់ល្បីជាច្រើនដែលមានស្នាដៃក្នុងវិស័យសិល្បៈចម្រៀង និងសម្តែងក្នុងភាពយន្ត Web Series ដូចជា សាយ ជេន ចែឡេង ម៉ានុត រតនៈ។
ត្រៀមៗ! អ្នកក្រោមម្ភៃ ខែមិថុនានេះ ទៅរំភើបជាមួយគ្នា!
សូមតាមដានព័ត៌មានលម្អិតនៅលើ ហ្វេសប៊ុកផេក «បាតដៃខ្មៅ»
ទស្សនា Teaser ទី១ រឿង «បាតដៃខ្មៅ»