ច្បាស់! លែងយល់ច្រលំ ក្រោយដឹងរឿងពិតនៃកុមារអូទីស្សឹម និងដំណោះស្រាយ (មានវីដេអូ)

  • 2018-04-30 08:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អូទីស្សឹម​ ជា​ភាសា​អង់គ្លេស (Autism) ជា​ជំងឺ​ចាស់១​ មាន​វត្តមាន​ដំបូង​នៅ​ក្នុង​ពិភពលោក​តាំង​ពី​ឆ្នាំ ១៩៤៣។ អូទីស្សឹម​ ឬ​ហៅថា​បញ្ហា​មិន​គ្រប់​លក្ខណៈ​ ក៏បាន​ចាប់​ផ្ដើម​កើតមាន​ជាបន្តបន្ទាប់​លើ​កុមារ​កម្ពុជា​ផង​ដែរ។ បច្ចុប្បន្ន​ អាណាព្យាបាល​មាន​ការ​បារម្ភ និង​ខ្លះ​ទៀត​ហាក់​យល់​ច្រឡំ ព្រោះ​តែ​ខ្លាច​កូន​មាន​ជំងឺ​នេះ​ បើ​ទោះ​បី​កុមារ​កើត​មក​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ក៏ដោយ។ តាម​អ្នក​ជំនាញ​សុខភាព បាន​ប្រាប់​ថា៖ គ្រួសារ​នៃ​សមាជិក​ដែល​​មាន​ជំងឺ​អូទីស្សឹម គឺ​មាន​ការ​លំបាក​ និង​បន្ទុក​ធ្ងន់​មួយ។

មូលហេតុ​ពិត

លោក ហឿ សេថុល អ្នក​ចិត្ត​សាស្ត្រ ជំនាញ​ខាង​ពិគ្រោះ​យោបល់​ផ្លូវចិត្ត នៃអង្គការអន្តរជាតិ១​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ពី​សកលវិទ្យាល័យ  De La Salle ​ប្រទេស​ហ្វីលីពីន​ បាន​​ពន្យល់​ថា៖ «អូទីស្សឹម ​មិន​មែន​ជា​ជំងឺ​ខួរ​ក្បាល​វិកល​ចរិត​ទេ គឺ​គ្រាន់​តែ​ជា​ការ​បាត់​បង់​ចំណុច​ខ្លះ​នៃ​ខួរ​ក្បាល។

លោក ហឿ សេថុល អ្នក​ចិត្ត​សាស្ត្រ ជំនាញ​ខាង​ពិគ្រោះ​យោបល់​ផ្លូវចិត្ត

ដូច្នេះ​ហើយ ការ​អភិវឌ្ឍ​ខួរ​ក្បាល​យឺត​ជាង​កុមារ​ធម្មតា ​តាំងពី​កំណើត មិនមែន​កើត​ដោយ​សារ​ការ​មើល​ទូរស័ព្ទ។

រូបភាព៖ រូបតំណាង

​អូទីស្សឹម​ មាន​សញ្ញា​ឱ្យ​ដឹង​ នៅ​ក្នុង​ដំណាក់​កាល​លូតលាស់​ដំបូង​របស់​កុមារ គឺ​នៅ​មុន​អាយុ ៣​ឆ្នាំ»។

វេជ្ជបណ្ឌិត ប៊ូមី កុមារ ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវ​ចិត្ត​កុមារ និង​យុវវ័យ​របស់​អង្គការ​ការីតាស ធ្លាប់​បាន​លើក​ទ្បើង​ថា ៖ «កុមារ​អូទីស្សឹម មាន​បញ្ហា​នៅ​ក្នុង​ខួរ​ក្បាល​ផ្នែក​ប្រព័ន្ធ​មួយ ទាក់ទង​នឹង​ការ​កត់​សម្គាល់​អារម្មណ៍ ឬ​ក៏​មើល​មុខ​អ្នក​ដែល​នៅ​ជុំវិញ​គេ។ កុមារ​អូទីស្សឹម គឺ​អត់​ចូល​ចិត្ត​មើល​មុខ​អ្នក​ផ្សេង​នៅ​ជុំវិញ​គេ​ទេ ហើយ​ពួក​គេ​រៀន​សូត្រ​បាន និង​ស្វែង​យល់​​តាម​រយៈ​រូបភាព​ ជាង​ប្រើ​ពាក្យ​សម្ដី»។

រូបភាព៖ រូបតំណាង

កន្លងទៅ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា៖ អត្រា​កុមារ​អូទីស្សឹម មាន​ប្រមាណ ៥០​នាក់ ដែល​ពីមុន​មាន​រហូត​ដល់​ប្រមាណ ៣០០នាក់ ហើយ​មាន​ម្នាក់​ដែល​កើត​ជំងឺ​នេះ។ ​ប៉ុន្តែ​​ប្រទេស​កម្ពុជា វិញ មិន​ទាន់​មាន​តួលេខ​ច្បាស់​នៅ​ទ្បើយ​ទេ​ គឺ​មាន​តែ​កុមារ​ដែល​មក​ទទួល​សេវា​ប្រឹក្សា​ និង​ព្យាបាល​ផ្លូវចិត្ត​ច្រើន។

ការយល់​ច្រឡំ និង​ដំណោះស្រាយ​

ដោយ​ហេតុ​នេះ​ បើ​តាម​លោក ហឿ សេថុល អ្នក​ចិត្ត​សាស្ត្រ​ខាង​លើ​ បាន​ឲ្យ​ដឹង​បន្ត​ថា៖ ដោយសារ​បារម្ភ​ពេក​ ឪពុកម្ដាយ​ខ្លះ ពិសេស​ស្ត្រី​កំពុង​មាន​ផ្ទៃពោះ​ ទៅធ្វើរឿង១ចំនួន ដែល​អាច​ខាតបង់​ថវិកា និង​មិន ត្រឹមត្រូវ​ តាម បែប​វេជ្ជសាស្ត្រ។ ដូចជា៖ ​ទៅ​ថត​អេកូសាស្ត្រ​ ដើម្បី​រក​​ជំងឺ​អូទីស្សឹម។ មែនទែន​ទៅ ប្រសិន​បើ​អាណាព្យាបាល​ចង់ ដឹង​ច្បាស់​ថា​កូន​ខ្លួន​មាន​ជំងឺ​នេះ ឬ​អត់​ បើ​មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​ទៅ​ជួប​ពេទ្យ​ជំនាញ​នៅ​តាម​ សេវា សាធារណ និង​សេវា​ឯកជន​ ដើម្បី​ប្រឹក្សា​ និង​ទទួល​ការ​ព្យាបាល​ទាន់​ពេល។ លោក​បញ្ជាក់​ថា៖ ចៀសវាង​ធ្វើការ​សន្និដ្ឋាន​ផ្ដេសផ្ដាស នាំ​ឲ្យ មាន​បញ្ហា​ដល់​កុមារ​ ព្រោះ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ ​មាន​ពី​ស្រាល និង​បន្ទាប់​មក​​វិវត្ត​ទៅ​ធ្ងន់ធ្ងរ។

អត្ថបទ៖ ពៅ រក្សា