​ដើរផ្សារទំនើបធំៗ៣នេះ បើគ្មានអីច្រកអីវ៉ាន់ ប្រយ័ត្នគេគិតលុយថែម

  • 2018-05-01 07:40:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្សារ​ទំនើប​ធំៗ​មួយ​ចំនួន​​នៅ​រាជធានី​ភ្នំពេញ​ ​អនុវត្ត​ច្បាប់​គិត​​កម្រៃ​បន្ថែម​លើ​ថង់ប្លា​ស្ទិក​ ដោយ​​អតិថិជន​ត្រូវ​បង់​ថ្លៃ​ថង់​ប្លា​ស្ទិក១​ ​មានតម្លៃ​ ១០ ​សេន​។ ​ការ​កំណត់​ច្បាប់​នេះ​ ធ្វើ​ឡើង​ក្រោយ​ប្រកាស​​របស់​​ក្រសួ ​បរិស្ថាន​ ក្រសួង​សេដ្ឋកិច្ច​ និង​ក្រសួងហិរញ្ញវត្ថុ​​រួមគ្នា​ ដោយ​មាន​គោល​បំណង​បង្កើន​ប្រសិទ្ធ​ភាព​លើការ​កាត់​បន្ថយ ការ​នាំ​ចូល ការ​ផលិត និង​ការ​ប្រើប្រាស់​ថង់​ផ្លា​ស្ទិក ក៏​ដូច​ជា​សំដៅ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​សុខ​ភាព និង​បរិស្ថាន​។​

​ផ្សារ​ទំនើប​​មាន​ដូចជា ផ្សារ​ទំនើប​អ៊ីអន​ ផ្សារ​ទំនើប​ឡាក់​គី​ ផ្សារ​ថៃហួត។​ អតិថិជន​ទាំង​អស់​មក​ទិញ​ទំនិញ​ ឬអីវ៉ាន់​នៅផ្សារ​ទំនើប​ទាំង​​នេះ បើ​មិន​ចង់​ចំណាយ​ប្រាក់​បន្ថែម​ គឺ​អាច​យក​កន្ត្រក ឬថង់​ភ្ជាប់​មក​ជាមួយ​ផងដែរ​។

យ៉ាងណា​មិញ​ច្បាប់​មួយ​នេះ​ មិន​បាន​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​​ត្រូវ​បង់​ថ្លៃ​លើថង់​ដាច់​ខាត​នោះ​ទេ ​លោក​អ្នក​ក៏​អាច​មិន​បង់ ​គ្រាន់តែត្រូវកាន់​អីវ៉ាន់​ដោយ​មិន​បាច់​វេច​ខ្ចប់​។ នេះ​បើ​តាមអ្នក​គិត​លុយ​នៅ​ផ្សារ​ទំនើប​មួយ​ បាន​ប្រាប់​។​​​ ​​​​​​​

​ការ​តម្រូវ​ឲ្យ​ហាង​ទំនិញ គិត​កម្រៃ​បន្ថែម​ពី​អតិថិជន​នេះ មិន​មែន​ជា​ការ​ធ្វើ​អាជីវកម្ម ដើម្បី​រក​ចំណូល​នោះ​ទេ តែ​ជា​ការ​ពញ្ញាក់​ស្មារតី ក៏ដូចជា​ការ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​គិតគូពី​បញ្ហា​បរិស្ថាន តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក។ ​លោក ហេង ណារ៉េត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​កន្លង​មក​។

គួរ​ជម្រាប​ថា ការប្រើប្រាស់​ថង់​ប្លាស្ទិកនៅ​ទីក្រុង​ភ្នំពេញ មាន​ចំនួន​រហូត​ដល់​ទៅ១០​លាន​ថង់​ជា​រៀង​រាល់​ថ្ងៃ។ ហើយ​ថង់​ផ្លាស្ទិក​ដែល​ត្រូវ​គេ​ប្រមូល​បាន​តាមរយៈ​ការ​បោស​សំអាត​ផ្លូវក្នុង​ទីក្រុង​ភ្នំពេញ​ដដែល មាន​ប្រមាណ១​លាន​៧​សែន​ថង់​ឯ​ណោះ​៕

អត្ថបទ៖ ស៊ិន សាវ៉េត