Ming-Chi Kuo ប្រកាស​រក​ទ្រនំការងារ​ថ្មី​ ហើយ​ក៏​​ឈប់​​ទស្សន៍ទាយផលិតផល Apple ទៀត​ដែរ

  • 2018-05-02 02:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នឹក​ដល់​ឈ្មោះ​លោក Ming-Chi Kuo ប្រាកដ​ជា​មាន​មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​ស្គាល់ តាម​រយៈ​ចចាមអារ៉ាម​នៃ​ការ​ទស្សន៍ទាយ​ទៅ​លើ​ផលិតផល Apple។ អតីត​បុគ្គលិក​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន KGI Securities នៅ​ប្រទេស​កូរ៉េ បុរស​លាក់​មុខ​រូប​នេះ​បាន​ប្រកាស​ដើរ​ចេញ​ទៅស្វែងរកទ្រនំថ្មីជាសាធារណៈ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​នៃ​ប្រទេស​ចិន​បាន​ចុះ​ផ្សាយ។

ការ​លា​ឈប់​របស់​លោក ក៏​នឹង​ប៉ះពាល់​ដល់​អ្នក​គាំទ្រ​ជា​ច្រើន ដែល​រមែង​ចង់​ដឹង​ចង់​ឮ​ពី​ចចាមអារ៉ាម​នៃ​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក ព្រោះ​លោក Kuo ក៏​នឹង​ឈប់​ប្រលូក​ក្នុង​ការ​វិភាគ​ផលិតផល​របស់​ក្រុមហ៊ុន​នេះ​ទៀត​ដែរ

ឆ្នាំ​ទៅ​លោក Kuo ធ្លាប់​បាន​បញ្ជាក់​ជា​សាធារណៈ​កាល​ពី​ខែ​កុម្ភៈ មុន ៧ ខែ​នៃ​ការ​បង្ហាញ​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ ២០១៧ របស់ Apple ថា iPhone X ដែល​លោក​ធ្លាប់​ហៅ​ជា iPhone 8 នឹង​វិវត្ត​ផ្នែក​កាមេរ៉ា​មុខ ពោល​គឺ​បច្ចេកវិទ្យា TrueDepth Camera នឹង​ជំនួស​ដោយ​មុខងារ​ស្កេន​ផ្ទៃ​មុខ លុប​បំបាត់​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ។ លុះ​ចូល​ដល់​ខែ​កញ្ញា លទ្ធផល​ទស្សន៍ទាយ​បាន​ប្រែក្លាយ​ជា​ការ​ពិត​ទាំង​ស្រុង ដោយ​ខុស​ត្រឹម​ឈ្មោះ​នៃ​ម៉ូឌែល iPhone។​

សម្រាប់​ឆ្នាំ​​នេះបុរស​អាថ៌កំបាំង​រូប​នេះ ក៏​ធ្លាប់​បាន​ទម្លាយ​ថា​ក្រុមហ៊ុន​លោក Tim Cook នឹង​ដាក់​បង្ហាញ​នូវ iPhone Xs មាន​ប្រើ​អេក្រង់ ៥,៨ អ៊ីញ OLED ជាមួយ iPhone Xs Plus ប្រើ​ដល់​ទំហំ ៦,៤ អ៊ីញ និង iPhone 9 ប្រើ​អេក្រង់ LCD ធម្មតា​ទំហំ ៦,១ អ៊ីញ។ ម៉ូឌែល​នេះ​នឹង​មាន​ត្រឹម​កាមេរ៉ា​មួយ​គ្រាប់​នៅ​ខាង​ក្រោយ ប៉ុន្តែ​ត្រូវ​ដក​ចោល​បច្ចេកវិទ្យា 3D Touch។​

សរុប​មក​វិញ​បើ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន​ក្លាយ​ជា​ការ​ពិត ក៏​ជា​ការ​បាត់បង់​ដ៏​ធំធេង​មួយ សម្រាប់​ប្រិយមិត្ត Apple ដែល​និយម​តាមដាន​សឹង​រាល់​ចចាមអារ៉ាម​ជាង ១០ ឆ្នាំ​មក​នេះ ដោយ​ភាគរយ​ច្រើន​តែងតែ​ឆុត​ដូច​មាត់​របស់​លោក Kuo អ៊ីចឹង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម