សរសើរ​ ឡុង​ សុភី​ ចេះ​តែ​ប្រកួត​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទៅ​កើត​ ទោះ​មាន​បញ្ហា​ទាំង​នេះ...

  • 2018-05-02 04:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ល្អ​ជង្គង់​ ឡុង​ សុភី​ ទោះ​មាន​បញ្ហា​សុខភាព​ និង​ត្រូវ​អាជ្ញាកណ្ដាល​រាប់​តាំង​ពី​មិន​ទាន់​បាន​ប្រកួត​ក្ដី​ នៅ​តែ​ខំ​តស៊ូ​ប្រកួត​រហូត​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​លីអូ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ។​

ឡុង​ សុភី

ឡុង​ សុភី​ ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ការ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​មាន​បញ្ហា​សុខភាព​ផ្ដាសាយ​ធំ​ វា​ធ្វើ​ទុក្ខ​អស់​កម្លាំង​ តឹង​ច្រមុះ​ពិបាក​ដក​ដង្ហើម​ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រកួត​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កន្លង​ទៅ​នេះ​ហាក់​ពិបាក​ខ្លាំង​មើល​ទៅ​តឹងតែង​ទម្រាំ​បាន​ឈ្នះ​ពិន្ទុ។​ កាល​ពី​ថ្ងៃ​សៅរ៍​មុន​ការ​ប្រកួត​ចេះ​បាន​ចាក់​ថ្នាំ​ និង​ព្យួរ​សេរ៉ូម​ ទើប​អាច​ប្រកួត​បាន​ដូច​នេះ។​

ឡុង​ សុភី​

ជើង​ខ្លាំង​មក​ពី​ក្លឹប​សាលវ័ន្ត​ខាង​លើ​បន្ថែម​ថា​ រឿង​ហួសចិត្ត​មួយ​ទៀត​នោះ​ គឺ​មិន​ទាន់​ប្រកួត​ផង​ ត្រូវ​អាជ្ញា​កណ្ដាល​រាប់​៨​បាត់​ទៅ​ហើយ​ ព្រោះ​អ្នក​ឲ្យ​ទឹក​ថ្មី​មិន​ធ្លាប់​ដោះ​ខ្សែក​ចេញ​ ជា​ហេតុ​ត្រូវ​ចំណាយ​ពេល​យូរ​រហូត​ត្រូវ​គេ​រាប់​បែប​នេះ។​ រឿង​មួយ​នេះ​ធ្វើ​ឲ្យ​ខ្លួន​ស្ទើរ​អស់​ទឹក​ចិត្ត​ប្រកួត​ទៅ​ហើយ​ និង​មាន​តែ​បន់​គុណ​ឪពុក​ គុណ​ម្ដាយ​សុំ​ឲ្យ​ឈ្នះ​ប៉ុណ្ណោះ។​

សិស្ស​ច្បង​ ឡុង​ សំណាង​ រូប​នេះ​ លើក​ឡើង​ទៀត​ថា​ បើ​មាន​កម្លាំង​ពេញ​ដូច​រាល់ដង​នោះ​ អ្នក​ប្រដាល់​ថៃ​ រ៉ាស៊ីសឹង្ហា​ បែប​សន្លប់​ដូច​កាល​វគ្គ​សន្សំ​ពិន្ទុ​អញ្ចឹង​ ព្រោះ​អី​ពេល​ប្រកួត​នោះ​មាន​ពេល​ខ្លះ​អស់​កម្លាំង​ចង់​សន្លប់​ម្ដងៗ​ទៅ​ហើយ។​

ឡុង​ សុភី​ ពេល​ប្រកួត​សប្ដាហ៍​មុន​

ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ស្របៀ​លីអូ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៩​ ខែ​មេសា​ ឆ្នាំ​២០១៨​ នៅ​សង្វៀន​បាយ័ន​បឹងស្នោ​ រក​ឃើញ​ជើង​ខ្លាំង​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ​ ឡុង​ សុភី​ ត្រូវ​ប៉ះ​ ម៉ឺន​ សុភា​ បន្ទាប់​ពី​ពួកគេ​ឈ្នះ​ដៃគូ​ដោយ​ពិន្ទុ​ដូច​គ្នា៕​ ឡុង​ សុភី​ ឈ្នះ​ រ៉ាស៊ីសឹង្ហា​ ចំណែក​ ម៉ឺន​ សុភា​ ឈ្នះ​ វ៉ាត់​ ឆារ៉ាឡេក៕​

អត្ថបទ៖ នួន ស៊ីណា​