ស្ងាត់ៗ! ចិន លួចដំឡើងប្រព័ន្ធមីស៊ីល ក្នុងតំបន់ជម្លោះសមុទ្រ​ចិន​ខាងត្បូង​

  • 2018-05-04 02:46:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន ​CNBC​ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ទី​០២ ឧសភា ឆ្នាំ​២០១៨ ថា មហាយក្ស​ចិន បាន​ធ្វើ​ការ​ដំឡើង​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​នាវា​ និង​ប្រព័ន្ធ​មីស៊ីល​ការពារ​អាកាស ត្រង់​ទីតាំង​ជម្លោះ​ក្នុង​តំបន់​សមុទ្រ​ចិ​ន​ខាង​ត្បូង ដែល​ត្រូវបាន​ទាម​ទារ​ដោយ​វៀតណាម​ និង​ហ្វីលីពីន​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​។

រូបភាពផ្តល់​ឲ្យ​ដោយ​ផ្កាយ​រណប​ដែលបង្ហាញ​ពី ទំនើបកម្មយោធាលើថ្មប៉ប្រះទឹក Fiery Cross កាល​ពីថ្ងៃ​០១ មករា​ឆ្នាំ ២០១៨

ប្រព័ន្ធ​មីស៊ីល​ថ្មី​នេះ ត្រូវ​បាន​រាយ​ការណ៍​ថា ​ត្រូវ​បាន​ដំឡើង​នៅ​លើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ចំនួន ​៣ ​ក្នុង​នោះ​រួមមាន Fiery Cross, ​Subi និង​ Mischief ។ ការដំឡើងប្រព័ន្ធខែល​ការពារ​មីស៊ីល​ទាំង​អស់​ បាន​ធ្វើឡើងក្នុង​ប្រជុំ​កោះ​ប៉ារ៉ាសែល​ ដែលស្ថិតក្នុង​ដែន​ទឹកភាគ​ខាង​ត្បូង​ប្រទេស​ចិន ចន្លោះ​ប្រទេស​វៀតណាម និង​ហ្វីលីពីន។

ឆ្លើយ​តប​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក​ស្រី Hua Chunying បាន​ថ្លែង កាល​ពី​ថ្ងៃទី ០៣ ឧសភា​ម្សិល​មិញ​​ថា៖ "ការ​សាង​សង់​ក្នុងន័យសន្តិភាព​ក្នុងប្រជុំកោះ​ប៉ារ៉ាសែល រួម​មាន​ជាអាទិ៍​ការ​ដំឡើង​ឧបករណ៍​ការ​ពារ​ជាតិ​​ គឺ​ក្នុងគោល​បំណង​ដើម្បី​ការ​ពារ​ដែន​អធិបតេយ្យភាព និង​សន្តិសុខ​របស់​ចិន​តែប៉ុណ្ណោះ។" លោក​ស្រី​បាន​បន្ថែម​ថា "សម្រាប់​ប្រទេស​ដែល​មិន​មាន​បំណង​ក្នុង​ការ​ល្មើស​នឹង​ដែន​អធិបតេយ្យភាព​របស់​ចិន​ទេ គឺ​គ្មាន​ហេតុ​ផល​អ្វី​នឹងត្រូវ​ព្រួយ​បារម្ភ​នោះ​ឡើយ។"

លោក​ស្រី Hua Chunying ថ្លែងនាពេល​កន្លងមក

ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទំនើប​កម្ម​យោធារបស់ចិនថ្មី​នេះ ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ​ដែល​មិន​មាន​ចំណែក​អ្វី​បន្តិច​សោះ​ក្នុង​ជម្លោះ​នេះ ក៏​បាន​លើក​ឡើង​ពី​កង្វល់​ជុំ​វិញ​បញ្ហា​នេះ​ផង​ដែរ ព្រម​ទាំង​បាន​ធ្វើការព្រមាន​ថា​ ចិន​អាច​នឹងប្រឈម​មុខ​ចំពោះផលវិបាក​ ដែល​អាច​កើត​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ និង​យូរ​ទៀត​ផង។​ នេះបើ​តាម​ការ​បញ្ជាក់​របស់​អគ្គលេខាធិការ​សារព័ត៌មាន​ប្រចាំ​សេតវិមានអាមេរិក​ លោកស្រី​ Sarah Sanders កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះ៕

លោកស្រី​ Sarah Sanders ថ្លែងនាពេល​កន្លងមក

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង