សុះ ស៊ូ​ហាណា ​តារា​រះ​​គ្រប់​រដូវ​​មាន​ប្រវត្តិ​យ៉ាង​ណា?

  • 2018-05-04 03:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ជម្រើស​ជាតិ​កម្ពុជា​ និង​ណាហ្គាវើល សុះ ស៊ូហាណា​ ជា​កីឡាករ​ម្នាក់​ដែល​ជាប់​ជម្រើស​ជាតិ​កម្ពុជា​ស្ទើរ​គ្មាន​ពេល​បាត់​មុខ​ឡើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក។ ជា​រឿយ​ៗ​រូប​គេ​ជា​សមាជិក​ដ៏​សំខាន់​ម្នាក់​ជួយ​ជម្រើស​ជាតិ​ និង​ឧស្សាហ៍​រក​គ្រាប់​បាល់​បាន​ផង​ដែរ​ ប៉ុន្តែ​បើ​និយាយ​ពី​កេរ្តិ៍​ឈ្មោះ​វិញ​​មិន​សូវ​ល្បី​សុះ​សាយ​ខ្លាំង​ឡើយ។ ថ្មី​ៗ​​នេះ​​រូប​គេ​ជា​កម្លាំង​សំខាន់​ជួយ​ក្រុម​ U21​ កម្ពុជា​​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​ក្នុង​ពាន​រង្វាន់​ស្តេច​ប្រ៊ុយណេ​ឆ្នាំ​២០១៨។

ហាណា (លេខ ១២)

**-ក្រុម​ព្រែក​ប្រាក​កីឡា**

សុះ​ ស៊ូហាណា​ ជា​ក្មេង​ដែល​ចូល​ចិត្ត​លេង​បាល់ទាត់​តាំង​ពី​​តូច​មក​ម្ល៉េះ​នៅ​តំបន់​​កំណើត​របស់​ខ្លួន​​​ក្នុង​សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ​ដែល​ជា​​កន្លែង​សំបូរ​ខ្មែរ-ឥស្លាម​ និង​មាន​សកម្មភាព​បាល់ទាត់​យ៉ាង​ខ្លាំង។

កីឡាករ​រូប​នេះ​បាន​ប្រាប់​ថា​ រូប​គេ​លេង​​ឲ្យ​ក្រុម​​យុវជន​ព្រែក​ប្រា​កីឡា​ និង​អាយុ​១៦​ឆ្នាំ​​​លេង​ឲ្យ​ក្រុម​ធំ​​ព្រែកប្រា​កីឡា​​ពី​ឆ្នាំ​​២០០៩ ដល់​២០១០។ ​ពេល​នោះ​​ព្រែកប្រា​កីឡា​ជា​​ក្រុម​ខ្លាំង​មួយ​ធ្លាប់​លេង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ និង​មាន​អ្នក​គាំទ្រ​​​យ៉ាង​ច្រើន​ទៅ​គាំទ្រ​ពេល​​ប្រកួត​ក្នុង​លីគ​ម្តង​ៗ​។

- ភ្នំពេញ​ក្រោន​ និង​ណាហ្គាវើល​

ឆ្នាំ​២០១១​ រូប​គេ​បាន​​ផ្លាស់​ទៅ​លេង​ក្រុម​​អ្នក​មាន​លុយ​ ភ្នំពេញ​ក្រោន​​ដែល​ជា​កន្លែង​ធ្វើ​ឲ្យ​រូប​គេ​កាន់​តែ​លេច​ធ្លោ។ នៅ​ក្លឹប​នេះ​​​​ ហាណា ​បាន​ប្រកប​អាជីព​៥​រដូវ​កាល​ ប៉ុន្តែ​មិន​ចាំ​ពី​ចំនួន​គ្រាប់​បាល់​ដែល​រូប​គេ​រក​បាន​ឡើយ។ ឆ្នាំ​២០១៦​រូប​គេ​បាន​ផ្លាស់​ទៅ​លេង​​ឲ្យ​ក្លឹប​ណាហ្គាវើល​​ដែល​រហូត​ដល់​ពេល​នេះ​រូប​គេ​រក​គ្រាប់​បាល់​បាន​ប្រហែល​ជា​១០​គ្រាប់​ហើយ។

- ក្រុម​ជម្រើស​ជាតិ​កម្ពុជា

សុះ ស៊ូហាណា​ជា​កីឡាករ​​ម្នាក់​ដែល​ជាប់​ឈ្មោះ​លេង​ឲ្យ​ក្រុម​​​ជម្រើស​ជាតិ​​កម្ពុជា​ស្ទើរ​គ្មាន​បាត់​មុខ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១​រហូត​ដល់​បច្ចុប្បន្ន (គិត​ត្រឹម​ឆ្នាំ​២០១៨)។ រូប​គេ​ជាប់​​ឈ្មោះ​ក្នុង​ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា​​អាយុ​ក្រោម​​​​២១​​ឆ្នាំ​រហូត​ដល់​២៣​ឆ្នាំ​​ពី​ឆ្នាំ​​២០១១​ដល់​២០១៥។ ក្នុង​ក្រុម​យុវជន​​នេះ​ សុះ ស៊ូហាណា​​រក​គ្រាប់​បាល់​បាន​ឲ្យ​ជម្រើស​ជាតិ​​ប្រហែល​ជា​​៥​​គ្រាប់។

សុះ ស៊ូហាណា (លេខ១២)

ទន្ទឹម​​នឹង​ជាប់​ឈ្មោះ​ក្រុម​​យុវជន​ជម្រើស​ជាតិ​​ កីឡាករ​ខ្មែរ-ឥស្លាម​រូប​នេះ​ក៏​ជាប់​ឈ្មោះ​​ក្នុង​ក្រុម​ធំ​ជម្រើស​ជាតិ​កម្ពុជា​ដែរ​​តាំង​ពី​ឆ្នាំ​២០១១​រហូត​ដល់​បច្ចុប្បន្ន។ ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ធំ​ជម្រើស​ជាតិ​​​ជាង​៤០​ប្រកួត​កន្លង​មក​ រូប​គេ​រក​បាន​​២​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ។

រូប​គេ​ជា​​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​រក​គ្រាប់​បាល់​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​បាល់ទាត់​ពិភព​លោក​ 2018 FIFA World Cup ដែល​ពេល​នោះ​រូប​គេ​ទម្លាយ​សំណាញ់​ទី​​ក្រុម​ជម្រើស​ជាតិ​​សិង្ហបុរី​ និង​១​គ្រាប់​ទៀត​រូប​គេ​​​ទម្លាយ​សំណាញ់​ទី​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​​ក្នុង​ពាន​ 2016 AFF Championship។

ពាន​ស្តេច​ប្រ៊ុយណេ​ឆ្នាំ​​២០១៨​នេះ​ សុះ ស៊ូហាណា​រក​បាន​២​គ្រាប់​នៅ​ពេល​​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល។ ​គ្រាប់​បាល់​ទី​១​រូប​គេ​​រក​បាន​នៅ​ពេល​​ក្រុម​យុវជន​កម្ពុជា​អាយុ​ក្រោម​២១​ឆ្នាំ​ចាញ់​ក្រុម​ U21 ឡាវ​ដោយ​លទ្ធផល​ ២-១​ និង​គ្រាប់​បាល់​ទី​២​រក​បាន​នៅ​ពេល​ U21​ កម្ពុជា​​យក​ឈ្នះ​ U21សិង្ហបុរី​ ១-០​ ដើម្បី​ឡើង​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ រូប​គេ​ក៏​ជា​សមាជិក​សំខាន់​ដែល​ជួយ​ក្រុម​ U21 កម្ពុជា​យក​ឈ្នះ​ក្រុម​ U21 មីយ៉ាន់ម៉ា​ដោយ​លទ្ធផល​ ២-១​ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​ស្តេច​ប៊្រុយណេ​។ ​​នេះ​ជា​កំណត់​ត្រា​​លើក​ដំបូង​របស់​ជម្រើស​ជាតិ​កម្ពុជា​ឡើង​​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។

- ជីវភាព​គ្រួសារ​

កីឡាករ​កូន​ខ្មែរ-​ឥស្លាម​រួប​នេះ​កើត​នៅ​​ខែ​មេសា​ ឆ្នាំ​១៩៩២ នៅ​ភ្នំពេញ​​ដែល​មាន​ឪពុក​ឈ្មោះ សុះ អ៊ីសា និង​ម្ដាយ​ឈ្មោះ ឯល​អាស៊ីយ៉ាស់។ ឪពុក​​​វ័យ​កាន់​តែ​ចាស់​នៅ​ផ្ទះ​ ​ស្រប​ពេល​ម្ដាយ​រក​ស៊ី​លក់​ដូរ​នៅ​ផ្ទះ​បន្តិច​បន្តួច​។

សុះ ស៊ូហាណា ប្រាប់​ថា​ អាជីព​បាល់ទាត់​បាន​ធ្វើ​ឲ្យ​រូប​គេ​កាន់​តែ​មាន​ជីវភាព​ល្អ​ប្រសើរ។ រៀង​រាល់​ខែ​រូប​គេ​​​​យក​ប្រាក់​ខែ​​ពាក់​កណ្តាល​​​ជូន​​គ្រួសារ​​​ដើម្បី​ផ្គត់​ផ្គង់​​ជីវភាព​ប្រចាំ​ថ្ងៃ។ ​ក្រោយ​ពេល​បាន​ជួយ​គ្រួសារ​​​​ច្រើន​ ​រូប​គេ​​​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​ឪពុក​ម្ដាយ ​ឲ្យ​ប្រឹង​ប្រែង​លេង​ និង​ហ្វឹកហាត់​ឲ្យ​បាន​​កាន់​តែ​ល្អ។

កីឡាករ​រូប​នេះ​មិន​​ធ្លាប់​​ត្អូញត្អែរ​​ក្នុង​​អាជីព​​បាល់ទាត់​របស់​ខ្លួន​ឡើយ ទោះ​​មិន​មាន​សល់​អ្វី​ជា​ដំ​កំភួន​ ដោយ​សារ​មាន​ភារកិច្ច​ជួយ​​ជ្រោមជ្រែង​គ្រួសារ​ក្ដី។ ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​រួប​នេះ​ទម្លាយ​ថា ​មុន​ពេល​រូប​គេ​បាន​ជាប់​ជម្រើស​ជាតិ​កម្រិត​ជីវភាព​​គ្រួសារ​​​មាន​ការ​ខ្វះ​ខាត​ច្រើន​ ប៉ុន្តែ​ក្រោយ​​មាន​ឱកាស​បាន​បង្ហាញ​​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ក្នុង​ឆ្នាំ​២០១១ និង​​លេង​ឲ្យ​ក្លឹប​ភ្នំពេញ​ក្រោន​ផង​នោះ​គឺ​​ជា​ពេល​ដែល​ជីវភាព​​គ្រួសារ​​របស់​គេ​មាន​ភាព​ប្រសើរ​ឡើង​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

​ចំពោះ​​សំនួរ​ដែល​សួរ​ថា ទទួល​បាន​បទ​ពិសោធ​អ្វី​ខ្លះ​ពី​លោក Lee Tae Hoon ក្នុង​កំឡុង​ហាត់​ជា​មួយ​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​ ស៊ូហាណា និយាយ​​ថា ទាំង​បច្ចេកទេស​​បញ្ជូន​បាល់ និង​សមត្ថភាព​លើ​ទីលាន​មាន​ភាព​កើន​ឡើង​យ៉ាង​​រហ័ស។ ​សម្រាប់​​ជម្រើស​ជាតិ​កម្ពុជា​ ​​បើ​ទោះ​មិន​​​សូវ​មាន​ឈ្មោះ​បោះ​សំឡេង​ល្បី​ដូច​​មិត្ត​រួម​​ជាតិ ចាន់ វឌ្ឍនាកា ឬ កែវ សុខ​ផេង ក៏​​នៅ​តែ​សប្បាយ​ចិត្ត​ និង​ប្រឹង​ប្រែង​លេង​ឲ្យ​ជម្រើស​ជាតិ​ឲ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម។

​ងាក​ទៅ​បញ្ហា​អនាគត​ ស៊ូហាណា មិនទាន់​កំណត់​បាន​ឡើយ​ ដោយ​សារ​មិន​​មាន​ប្រាក់​គ្រប់​គ្រាន់​។ គោល​ដៅ​​​អាយុ​ប្រហែល​ជា​៣០​​ឆ្នាំ​ នឹង​ឈប់​លេង​បាល់ ដើម្បី​​បង្កើត​មុខ​របរ​រក​ស៊ី។ ​យ៉ាង​ណា​ រូប​គេ​បាន​សន្យា​ថា ​នៅ​​បង្កើន​ការ​ខំ​ប្រឹង​ប្រែង​​ហ្វឹកហាត់​​ដើម្បី​ក្លឹប​ និង​​ក្រុម​ជម្រើស​ជាតិ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម