គ្រូ​បង្រៀន​អង់គ្លេស Owolabi​​ ថា បាល់ទាត់​ខ្មែរ​នឹង​ខ្លាំង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​

  • 2018-05-09 07:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​ វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា​នឹង​រីក​ចម្រើន​ និង​ខ្លាំង​ដូច​ប្រទេស​ក្នុង​តំបន់​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​ Owolabi Fisayo Blessing​ ដែល​កំពុង​​លេង​ឲ្យ​ក្លឹប​មិន​អាជីព​ Khmer United និង​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស។​​

កីឡាករ និង​ជា​គ្រូ​បង្រៀន Fisayo

Fisayo បាន​រៀប​រាប់​ថា បច្ចុប្បន្ន​នេះ​​អ្នក​ពាក់​ព័ន្ធ​នឹង​បាល់ទាត់​កម្ពុជា​​កំពុង​ដុត​ដៃ​ជើង​ដើម្បី​អភិវឌ្ឍ​បាល់ទាត់​ឲ្យ​រីក​ចម្រើន។ សកម្មភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ថា ទី​លាន​បាល់ទាត់​ទាំង​កម្រិត​ស្តង់ដារ​ ទី​លាន​មិន​ស្តង់ដារ​ និង​ទី​លាន​ហ្វូត​សាល​កំពុង​រីក​ចម្រើន។ ជា​ពិសេស​យុវជន​កាន់​តែ​ចាប់​អារម្មណ៍​បាល់ទាត់​ និង​​មាន​យុវជន​ជា​ច្រើន​បាន​កំពុង​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កីឡាករ។

ក្រុម Khmer United

គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នេះ​បាន​និយាយ​ថា ៖«ខ្ញុំ​គិត​ថា លីគ​កម្ពុជា​ល្អ។ ខ្ញុំ​សង្ឃឹម​ ថ្ងៃ​ណា​មួយ​ខ្ញុំ​បាន​លេង​ឲ្យ​ក្រុម​ណា​មួយ​នៅ​លីគ​ដើម្បី​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ល្អ។ លីគ​កម្ពុជា​កំពុង​អភិវឌ្ឍ​យ៉ាង​​ល្អ​ យើង​ឃើញ​ហើយ​កីឡាករ​កម្ពុជា​ចេញ​ទៅ​លេង​ក្រៅ​ប្រទេស​ ហើយ​កីឡាករ​បរទេស​មក​លេង​នៅ​កម្ពុជា។ នេះ​ជា​សញ្ញា​ដ៏​ល្អ​​ហើយ​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​ បាល់ទាត់​កម្ពុជា​នឹង​កាន់​តែ​រីក​ចម្រើន​ខ្លាំង»។

កីឡាករ​រូប​នេះ​និយាយ​ថា ៖«ក្រៅ​ពី​បង្រៀន​ ខ្ញុំ​លេង​បាល់ទាត់​។ ឥឡូវ​ខ្ញុំ​លេង​ឲ្យ​ក្រុម​ Khmer United ក្នុង​ពាន​ Khmer Real Estate League និង​លេង​ឲ្យ​ក្រុម​ ISI Team ក្នុង​ពាន​ KMH Champions League។ ខ្ញុំ​មិន​គិត​រឿង​លុយ​ទេ តែ​បាល់ទាត់​ជា​សេចក្តី​ស្រលាញ់។ ខ្ញុំ​ស្រលាញ់​បាល់ទាត់​ ទោះ​ក្រុម​តូច​ ឬ​ធំ​ក៏​ខ្ញុំ​លេង​ដែរ។ បើ​ខ្ញុំ​មិន​លេង​ពី​តូច​ ខ្ញុំ​នឹង​មិន​ដល់​កម្រិត​ធំ​ទេ»។

ទស្សនា​ការ​លើក​ឡើង​របស់ Owolabi

Owolabi ​បាន​មក​កម្ពុជា​​កាល​ពី​ពីរ​ឆ្នាំ​មុន​ដើម្បី​លេង​បាល់ទាត់​ ប៉ុន្តែ​មិន​ទាន់​សម្រេច​ដូច​អ្វី​ដែល​រូប​គេ​ចង់​បាន​ឡើយ។ យ៉ាង​ណា​រូប​គេ​កំពុង​ស្វែង​រក​បទ​ពិសោធ​បន្ថែម​ទៀត​ដើម្បី​ឈាន​ទៅ​រក​ក្លឹប​​​ណា​មួយ​នៃ​លីគ​កំពូល​កម្ពុជា។ បច្ចុប្បន្ន​រូប​គេ​ជា​​​​បង្រៀន​អង់គ្លេស​នៅ​សាលា​ IIS៕

អត្ថបទ៖ ជាន ចាន់រ៉ា