Leonardo ​លើក​ទឹក​ចិត្ត វឌ្ឍនាកា ​កុំ​អស់​សង្ឃឹម ទោះ​២​​ឆ្នាំ​នេះ ​មិន​ជោគជ័យ​ក៏​ដោយ

  • 2018-05-09 03:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​បង្ហោះ​សារ​លើក​ទឹក​ចិត្ត​ដល់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​កុំ​ឱ្យ​អស់​សង្ឃឹម ​បើ​ទោះ​ជា​២​ឆ្នាំ​នេះ ​វិថី​បាល់ទាត់​ក្រៅ​ប្រទេស​របស់​គេ​មិន​ជោគជ័យ​ក៏​ដោយ។

វឌ្ឍនាកា ​ត្រូវ​បាន​ក្លឹប Pahang FA ​ផ្ដាច់​កុងត្រា​ហើយ ​បន្ទាប់​ពី​ទៅ​លេង​នៅ​ម៉ាឡេស៊ី​បាន​ប៉ុន្មាន​ខែ​មក​នេះ។ ក្រោយ​ពី​ដំណឹង​ផ្លូវ​ការ​បង្ហោះ​កាល​ពី​យប់មិញ​នេះ ​មាន​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​ជា​ច្រើន​បាន​លើក​ទឹក​ចិត្ត​ដល់ វឌ្ឍនាកា ​មិន​ឱ្យ​អស់​សង្ឃឹម​នោះ​ទេ ​ត្រូវ​ប្រឹងប្រែង​បន្ដ​ទៀត ​ដើម្បី​សម្រេច​ក្ដី​បំណង។

ក្នុង​នោះ​ដែរ ​លោក Leonardo ​បាន​លើក​ទឹក​ចិត្ត​ដែរ​ថា​៖ “សូម​កុំ​បោះ​បង់​អ្វី​ដែល​អ្នក​ពិត​ជា​ចង់​បាន​ពិត​ប្រាកដ។ ​វា​ពិបាក​ក្នុង​ការ​រង់ចាំ ប៉ុន្តែ​វា​នឹង​កាន់​តែ​ពិបាក​ថែម​ទៀត ​ក្នុង​ការ​សោកស្ដាយ។ រឹងប៉ឹង​ឡើង ​ហើយ​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត ចាន់ វឌ្ឍនាកា”។ ​១​ឃ្លា​នេះ​ដែរ គឺ​លោក​ចង់​ឱ្យ​កីឡាករ​មក​ពី​ខេត្ត​កំពត ​កុំ​បោះបង់​អ្វី​ដែល​ខ្លួន​ស្រលាញ់ ​ត្រូវ​បន្ដ​ការ​ខិតខំ​បន្ថែម​ទៀត ដើម្បី​សម្រេច​វា។ ​បរាជ័យ​មិន​មាន​អ្វី​អាក្រក់​នោះ​ទេ វា​ជា​បទ​ពិសោធ​ធ្វើ​ឱ្យ​កាន់​តែ​រឹងម៉ាំ​សម្រាប់​មនុស្ស​ម្នាក់​ៗ។

វឌ្ឍនាកា ​បាន​សម្រេច​ចិត្ត​ផ្សងព្រេង​លើ​វិថី​បាល់ទាត់​នៅ​ស្រុក​២​រដូវ​កាល​មក​ហើយ ប៉ុន្តែ​មិន​ទាន់​ជោគជ័យ​នៅ​ឡើយ​ទេ។ ​រដូវ​កាល​ដំបូង រូបគេ​ទៅ​លេង​នៅ​លីគ​ជប៉ុន ​ជាមួយ​ក្រុម Fujieda MYFC ​ដោយ​រយៈ​ពេញ​១​រដូវ​កាល ​បាន​លេង​តិច​នាទី​បំផុត។ សម្រាប់​រដូវកាល​ទី​២​វិញ ​ទៅ​លេង​ឱ្យ​ក្រុម Pahang FA ​របស់​ម៉ាឡេស៊ី ​បាន​លេង​សឹង​គ្រប់​ប្រកួត ប៉ុន្តែ​មិន​ត្រូវ​ចិត្ត​គ្រូ​បង្វឹក ​ទើប​សម្រេច​ចែក​ផ្លូវ​គ្នា​តែ​ម្ដង៕

អត្ថបទ៖ មុន្នីរម្យ