ក្រសួងណែនាំវិធី១ មើលដឹងឱសថ អាហារបំប៉នសុទ្ធ ឬក្លែងក្លាយ ចៀសវាងបង់ទាំងលុយ និងបាត់ជីវិត

  • 2018-05-10 01:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចរាចរ​ឱសថក្លែងក្លាយ​ កំពុង​ក្លាយ​ជា​បញ្ហា​ឈឺក្បាល​សម្រាប់​ពិភពលោក រួម​ទាំង​នៅ​ប្រទេស​កម្ពុជា​។ ដើម្បី​ដឹង​ច្បាស់​ពី​ប្រវត្តិ​ឱសថ ​ដែល​អាច​ប្រើ​ប្រាស់​បាន ស្របច្បាប់ និង​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ ឬ​អត់ ក្រសួង​សុខាភិបាល​ បាន​ណែនាំ​ ឲ្យដឹងពីរបៀបថ្មី១ គឺ​រកមើល​លើ​សំបក​កញ្ចប់​ដែល​មាន​លេខ​កូដ ក្រុមហ៊ុន និង​ឈ្មោះ​ប្រទេស​ជាដើម។

លោក ឃ្លាំង សាម៉េត ឱសថការី និង​ជា​ប្រធាន​ការិយាល័យ​និយ័តកម្ម នៃ​ក្រសួង​សុខាភិបាល បាន​ប្រាប់ Sabay ថា បច្ចុប្បន្ន​កម្ពុជា​ មាន​បញ្ហា​ឱសថ​ខុស​ច្បាប់​ច្រើន ពិសេស​ការ​ផ្សព្វផ្សាយ​ ដោយ​ជន​មួយ​ចំនួន​តូច បោកប្រាស់ និង​ចែកចាយ​ ខុសច្បាប់​ ភាគ​ច្រើន​គឺ​មាន​តាម​គេហទំព័រ ឬ​ Facebook

លោក​បញ្ជាក់​ថា ការ​ប្រើ​ឱសថ​ក្លែងក្លាយ​ មិន​ត្រឹមតែ​ខាត​លុយ​ទេ តែ​អាច​នាំ​គ្រោះ​ថ្នាក់​ដល់​ជីវិត ព្រោះ​ឱសថ​ទាំង​នោះ​ លក់​ក្នុង​តម្លៃ​ថ្លៃ គ្មាន​ចុះ​បញ្ជិកា និង​ផលិត​ខុស​បច្ចេកទេស ឬ​ដាក់​លាយ​សារធាតុ​ខុស​ក្បួន​វេជ្ជសាស្ត្រ។ ជាក់​ស្ដែង​ គឺ​ថ្នាំ​បំប៉ន​ផ្លូវ​ភេទ ដែល​ក្រសួង​បាន​ចេញ​មុខ​ហាម​ប្រើ។

លោក​បន្ត​ថា​ចំណាត់​ការ ជា​ដំបូង​ ក្រសួង​ធ្វើ​សេចក្ដី​ជូន​ដំណឹង​សិន បើ​នៅ​តែ​ល្មើស​ទៀត​ នោះ​ក្រសួង​នឹង​សហការ​ជាមួយ​ព្រះរាជអាជ្ញា ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់ គឺ​ចុះ​បង្ក្រាប នឹង​កសាង​សំណុំរឿង​ បញ្ជូន​បន្ត​ទៅ​តុលាការ​តែ​ម្ដង។

បន្ថែម​ពី​នេះ​ ​ក្រសួង​សុខាភិបាល​ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ទិញ​ឱសថ ឬ​ឱសថ​បំប៉ន​សុខភាព​ ពី​ក្រុមហ៊ុន ឬ​ឱសថ​ស្ថាន​ស្របច្បាប់ ហើយ​ពិនិត្យមើល​ ឲ្យ​មាន​លតាប័ត្រ​បិទ​លើ​ប្រអប់។ មិន​ត្រូវ​ទិញ​ឱសថ ឬ​ឱសថ​បំប៉ន​សុខភាព​តាមរយៈ online ទេ​ ព្រោះ​ឱសថ​ទាំងនេះ​ ជា​ឱសថ​ខុសច្បាប់។

មើលវិធីនេះ ដើម្បីសម្គាល់ឱសថ ឬអាហារបំប៉នសុខភាពស្របច្បាប់

បច្ចុប្បន្ន​នៅ​កម្ពុជា មាន​ក្រុម​ហ៊ុន​ឱសថ​ស្រប​ច្បាប់​ និង​បាន​ចុះ​បញ្ជិកា​ក្រសួង​សុខាភិបាល ប្រមាណ​ជាង៣០០ ក្រុមហ៊ុន​ ហើយ​ក្នុង​នោះ​មានតែ ជាង១៥០ក្រុមហ៊ុន ដែល​កំពុង​បើក​ដំណើរការ​អាជីវកម្ម។ កន្លងទៅ ឱសថក្លែងក្លាយជាង៣ តោន​ ត្រូវ​បាន​ក្រសួង​សុខាភិបាល​ចាប់​បាន និង​កម្ទេច​ចោល។

អត្ថបទ៖ ពៅ រក្សា

អត្ថបទថ្មី