អស់ពីកាហ្វេ និងថ្នាំបំប៉នផ្លូវភេទ ឥលូវដល់វេនថ្នាំបុរាណ កែរោគជិត១០០មុខ ក្រសួងហាមប្រើឱសថ ១ប្រភេទ

  • 2018-05-10 03:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយការលុបចេញពីបញ្ជិកាអស់១០ឆ្នាំមកហើយនោះ វត្ត​មាន​ថ្នាំ​មួយ​ប្រភេទ​មានឈ្មោះ TRANKAL នៅតែ​មាន​លក់​លើ​ទីផ្សារ និង​ការ​ផ្សព្វផ្សាយ​ខុស​ច្បាប់​ កក្រើក Facebook។

ថ្មីៗ​នេះ​ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​សាធារណជន ហាម​ប្រើប្រាស់​ឱសថ​នេះ​ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​សុខភាព។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ឱសថ​នេះ​ត្រូវ​បាន​លុប​បញ្ជិកា​ ឱសថ​នេះ តាំង​ពី​ថ្ងៃទី ០២ ខែ​កញ្ញា ឆ្នាំ២០១០ មកម្ល៉េះ។ អ្នក​ជំនាញ​សុខភាព នៃ​ក្រសួង​សុខាភិបាល បាន​រក​ឃើញ​ថា​ TRANKAL ជា​ឱសថ​សម័យ មាន​ដាក់​សារធាតុ Indomethacine Dexamethasone និង​សារធាតុ​ផ្សំ​ច្រើន​មុខ​ផ្សេងទៀត​ ខុស​បច្ចេកទេស ដែល​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រពះ។

ឱសថ TRANKAL ក្រសួងហាមប្រើ

តាម​សេចក្ដី​ជូន​ដំណឹង​ដដែល​ បាន​បញ្ជាក់​ថា TRANKALជា​ឱសថ​គ្មាន​សុវត្ថិភាព​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ បច្ចុប្បន្ន​នៅ​មាន​កន្លែង​លក់​មួយ​ចំនួន និង​ជន​ខិលខូច​ខ្លះ បាន​ប្រើ​គណនី **Facebook- My Big- Zone**​ បាន​កំពុង​លក់ និង​ផ្សព្វផ្សាយ​បំផ្លើស​ការពិត​ ថា​ឱសថ​នេះ​ **ជា​ឱសថ​បុរាណ​ធម្មជាតិ​ គ្មាន​គីមី អាច​ព្យាបាល​ឈឺ​សន្លាក់​រ៉ាំរ៉ៃ ឬ​ឈឺ​ដើរ​មិន​រួច​ និង​ជំងឺ​ជាច្រើន​មុខ​ទៀត ខ្លាំង​ជាង​ឱសថ​វេជ្ជសាស្ត្រ** ដែល​ធ្វើឲ្យ​សាធារណជន​មាន​ការ​យល់​ច្រឡំ។

ស្រប​នឹង​ចរាចរ​ឱសថ​ក្លែងក្លាយ ឬ​ខុសច្បាប់ ក្រសួង​សុខាភិបាល​ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ទិញ​ឱសថ ឬ​ឱសថ​បំប៉ន​សុខភាព​ ពី​ក្រុមហ៊ុន ឬ​ឱសថ​ស្ថាន​ស្របច្បាប់ ហើយ​ពិនិត្យមើល​ ឲ្យ​មាន​លតាប័ត្រ​បិទ​លើ​ប្រអប់។

សូម​មើល​សេចក្ដី​ប្រកាស​ក្រសួង​សុខាភិបាល​ខាងក្រោម។

សេចក្ដី​ប្រកាស​របស់ក្រសួង​សុខាភិបាល​ ហាមប្រើឱសថ TRANKAL

អត្ថបទ៖ ពៅ រក្សា