អ្នកដឹងបានដឹង ចាយលុយអស់មិនតិចទេបើចង់លេងអ៊ីនធើណេតកាល ២១ ឆ្នាំមុន
- 2018-05-11 01:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដឹងបានដឹង ចាយលុយអស់មិនតិចទេបើចង់លេងអ៊ីនធើណេតកាល ២១ ឆ្នាំមុន
ចន្លោះមិនឃើញ
និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានបង្ហាញពីការប្រើប្រាស់អ៊ីនធើណែត ក្នុងស្ថានភាពដ៏លំបាកកាលពី ២១ឆ្នាំមុន ក្នុងនោះគឺបានលើកឡើងពីល្បឿនអ៊ីនធើណែតដ៏យឺតបំផុត បើប្រៀបធៀបនឹងបច្ចុប្បន្ន ព្រមទាំងការចំណាយដ៏លើសលុប។
និយ័តករទូរគមនាគមន៍ បានរៀបរាប់យ៉ាងដូច្នេះថា៖ **"យើងនៅចាំបានថានាឆ្នាំនោះក្រុមការងារដែលមានលោក ម៉ូវ ចរិយា (កាលនៅជាប្រធានមជ្ឈមណ្ឌល Camnet នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍) ជាក្រុមការងារដំបូងដែលបានខ្នះខ្នែងក្នុងការនាំឱ្យមានតំណភ្ជាប់អ៊ីនធើណែតពីបរទេសតាមប្រព័ន្ធផ្កាយរណបក្នុងល្បឿន 64Kbps មកកម្ពុជា។ ពេលនោះយើងមានសេវាអ៊ីនធើណែត ២បណ្ដាញ បណ្ដាញទី១របស់ Camnet ហើយបណ្ដាញទី២ ជារបស់ក្រុមហ៊ុន Bigpond Telstra អូស្ត្រាលី)។"**
យោងតាមបទសម្ភាសន៍ដែលផ្ដល់ដោយលោក ម៉ូវ ចរិយា ទៅកាន់កាសែតក្នុងស្រុកមួយ (លេខ៥ ខែ៨ ឆ្នាំ ១៩៩៧) បានបញ្ជាក់ថា គ្រាន់តែម៉ូដឺម (Modem) មានតម្លៃដល់ទៅ ១៧០-១៨០ដុល្លារ (នេះមិនទាន់រាប់បញ្ចូលការដំឡើង តម្លៃកុំព្យូទ័រ ខ្សែទូរសព្ទលើតុ និងឧបករណ៍ពាក់ព័ន្ធផ្សេងៗផង) ហើយតម្លៃប្រើសេវាត្រូវបែងចែកជា២។
បើប្រើត្រឹមតែអ៊ីម៉ែលត្រូវបង់ ៤៥ ដុល្លារសិន ហើយគិតមួយខែ ២៥ដុល្លារទៀត ដោយកំណត់ម៉ោងឱ្យប្រើបានតែ ២ម៉ោងប៉ុណ្ណោះ លើសពីនេះត្រូវបង់ ០,១៣ដុល្លារក្នុង ១នាទី ឬ ៨ដុល្លារក្នុង ១ម៉ោង។ ចំពោះសេវា Full internet access អ្នកប្រើប្រាស់ត្រូវបង់មុន ៥០ដុល្លារ បង់ប្រចាំខែ ៥០ដុល្លារ ដោយមានម៉ោងកំណត់ប្រើបាន ៨ម៉ោង និងលើសពីនេះត្រូវបង់ ៨ដុល្លារក្នុង ១ម៉ោង។
និយ័តករទូរគមនាគមន៍ បានអះអាងថា គ្រាន់តែគិតត្រួសៗ ការចំណាយថវិកាបង់អ៊ីនធើណែតមួយខែនាពេលនោះ គឺអាចយកមកបង់សេវាអ៊ីនធើណែតនាពេលបច្ចុប្បន្ន ដែលមានលឿនខ្សែកាបអុបទិក ឬល្បឿន 4G ប្រើបានពី១ ទៅ២ឆ្នាំឯណោះ។
គួរបញ្ជាក់ថា ការរៀបរាប់របស់និយ័តករទូរគមនាគមន៍ខាងលើនេះ គឺធ្វើឡើងក្នុងខួបលើកទី២១ (១៩៩៧-២០១៨) នៃការបង្កើតប្រព័ន្ធអ៊ីនធើណែតដំបូងគេនៅកម្ពុជា និងនៅឥណ្ឌូចិន។ ជាមួយគ្នានេះ និយ័តករទូរគមនាគមន៍ ក៏បានអរគុណដល់អ្នកពាក់ព័ន្ធទាំងឡាយដែលបានជំរុញឱ្យល្បឿនអ៊ីនធើណែត កើនឡើងជាលំដាប់ ចាប់តាំងពីកម្ពុជាបានប្រើ Dial-up connection មានល្បឿនត្រឹមតែជាង 60Kbps។
លើសពីនេះក៏មានការផ្តល់ជូននូវសេវា Public Free WiFi ដែលប្រើបច្ចេកវិទ្យា MegaWiFi ក្នុងល្បឿន 1Gbps ថ្មីៗនេះផងដែរ៕
អានអត្ថបទបន្ត៖