នារីខ្មែរម្នាក់នេះ មិន​ត្រឹម​តែ​ស្អាត​ទេ ថែម​ទាំង​មាន​ជំនាញ​គូរគំនូរ​ដូច​រូបពិតៗ មិន​ចាញ់​បរទេស

  • 2018-05-11 04:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គុយ​ជា​ច្រើន​ម៉ោង​ក្នុង​បន្ទប់​មួយ​របស់​ខ្លួន​ កញ្ញា រិទ្ធ មាលីមុនិនាថ ហៅ Jessie គូស​វាស​លើ​ផ្ទាំង​ក្រដាស​ស​ជាមួយ​ខ្មៅដៃ​ ត្រេង​ត្រង់​​រូប​ថត​ដែល​ផ្ដល់​ឱ្យ​ដោយ​អតិថិជន​ម្នាក់​។ រូបភាព​ដែល Jessie គូស​ទាំង​នោះ​មើល​ទៅ​ដូចជា​រូបថត តែ​ជាក់​ស្ដែង​ជា​តិចនិក​ និង​ទេពកោសល្យ​កម្រ​មាន​របស់​កូនខ្មែរ​ពិសេស​ជា​ស្ត្រី។

កញ្ញា Jessie ក្នុងបន្ទប់គំនូរផ្ទាល់ខ្លួន

រូបភាព​បែប​ Realistic នេះ​មិន​ងាយ​នឹង​មាន​វិចិត្រករ​ណា​អាច​ធ្វើ​បាន​ដោយ​ងាយ​នោះ​ទេ ព្រោះ​នេះ​ជា​ទេពកោសល្យ ហើយ​វា​មាន​តម្លៃ​លើស​ពី​ការ​ស្មាន​ ម្យ៉ាង​ប្រិយមិត្ត​កម្រ​នឹង​ឃើញ​មាន​ស្ត្រី​ណា​ម្នាក់​ក្លាយ​ខ្លួន​ជា​វិចិត្រករ​ណាស់។ កញ្ញា Jessie បាន​ប្រាប់​ថា ខ្លួន​កំពុង​រៀន​បន្ថែម​វិជ្ជា​វិចិត្រកម្ម​នេះ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ហើយ​បញ្ជាក់​ថា​ក្នុង​ចំណោម​សិស្ស​ប្រហែល​ជា ១០ ទៅ ១៥​នាក់​មាន​តែ​នាង​ម្នាក់​ជា​ស្ត្រី​ម្នាក់​រៀន​ខាង​ផ្នែក​វិចិត្រកម្ម​នេះ។

រូបគំនូរ Jessie

កញ្ញា Jessie ពន្យល់​ថា​ រូបភាព​សិល្បៈ​បែប​នេះ​មាន​តម្លៃ​តែ​មិន​សូវ​មាន​អ្នក​រៀន​ច្រើន​នោះ​ទេ ពិសេស​ការ​រៀន​សូត្រ​ខាង​បែប​វិចិត្រកម្ម​នេះ​ មាន​បង្ហាញ​ពី​ក្បួន​ក្បាច់​សិល្ប​រចនា​របស់​ខ្មែរ​ជា​ច្រើន​ ហើយ​កញ្ញា​ថា​ខ្លួន​ធ្លាប់​មាន​ការ​ខក់​ចិត្ត​ដែល​មុខ​វិជ្ជា​នេះ​មិន​សូវ​មាន​អ្នក​ចង់​សិក្សា​ទៅវិញ។ ស្រី​ស្អាត​រូប​នេះ​បន្ត​ថា ​​រូប​ភាព​ Realistic មាន​ការ​ពេញ​និយម​និង​មាន​អតិថិជន​មួយ​ចំនួន​ព្យាយាម​ទាក់ទង​សុំ​ទិញ​ទោះ​ជា​ពេល​នេះ​រូប​នាង​មិន​ទាន់​រៀន​ចប់​មែន ​តែ​អាច​រក​ប្រាក់​ចំណូល​បន្ថែម​ស្រប​ពេល​កំពុង​សិក្សា​នេះ​។

កញ្ញា Jessie ក្នុងបន្ទប់គំនូរផ្ទាល់ខ្លួន

វ័យ ២៦ ឆ្នាំ Jessie ធ្លាប់​រៀន​ចប់​បរិញ្ញា​ប័ត្រ​ខាង​ផ្នែក​ធនាគារ​ និង​រដ្ឋបាល​រួច​មក​ហើយ និង​មាន​ឱកាស​ប្រឡង​ជាប់​ក្លាយ​ខ្លួន​ជា​អ្នក​បម្រើ​សេវា​កម្ម​លើ​យន្តហោះ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ថែម​ទៀត​ផង​ តែ​កញ្ញា​នៅ​តែ​បោះបង់​ការងារ​ទាំង​នោះ​មក​ចាប់​យក​ជំនាញ​វិចិត្រកម្ម​។ វិចិត្រករ​រូប​នេះ ​បញ្ជាក់​ថា នាង​ចង់​ធ្វើ​ការងារ​សិល្បៈ​បែប​នេះ​ជា​ជាង​ទៅ​ធ្វើការ​ឱ្យ​អ្នក​ដទៃ ​ដែល​កាល​ពី​មុន​រូប​នាង​ក៏​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​ធ្វើ​ការងារ​ឱ្យ​ក្រុមហ៊ុន​ធំ​មែន តែ​មិន​ស្រណុក​ចិត្ត​ដូច​ធ្វើ​ការងារ​របស់​ខ្លួន​ឯង​នេះ​ទេ​។

កញ្ញា Jessie

បច្ចុប្បន្ន​កញ្ញា​មាន​ការ​មមាញឹក​ច្រើន​លើ​ការ​បំពេញ​ការងារ​គូស​គំនូស​ជា​ច្រើន​សម្រាប់​ក្រុម​ហ៊ុន​ក៏​ដូច​ជា​រូប​គំនូស​អនុស្សាវរីយ​ជាដើម​សម្រាប់​អតិថិជន​ជាច្រើន​ដែល​ស្គាល់​នឹង​ឱ្យ​តម្លៃ​រូបភាព​សិល្បៈ​របស់​កញ្ញា។ បើ​និយាយ​ពី​ចំណូល​ដែល​បាន​ពី​ការងារ​សិល្បៈ​ដ៏​កម្រ​នេះ​គឺ​សមរម្យ​សម្រាប់​ពេល​វេលា​ដែល​ចំណាយ​នោះ​ណាស់។ រីឯ ចំនួន​ប៉ុន្មាន​នោះ កញ្ញា Jessie មិន​អាច​ប្រាប់​បាន​ទេ តែ​ថា​វា​ល្អ​គ្រប់​គ្រាន់​សម្រាប់​នាង​ជួយ​ម្ដាយ​ឪពុក​ និង​ជួយ​ដល់​ប្អូន​បន្ត​ការ​សិក្សា​បាន និង​អាច​ឱ្យ​នាង​មាន​ក្ដី​សុខ​ផ្លូវ​ចិត្ត​ច្រើន​លើស​ពី​ការងារ​មាន​ប្រាក់​ខែ​៕

អត្ថបទ៖ Sunny

អត្ថបទពេញនិយម
អត្ថបទថ្មី