ត្បិតកាយសម្បទាមិនល្អ បុរសម្នាក់តស៊ូបើករបរចិញ្ចឹមជីវិតខ្លួនឯង មិនខ្ចីដើរសុំទានគេ
- 2018-05-11 04:28:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្បិតកាយសម្បទាមិនល្អ បុរសម្នាក់តស៊ូបើករបរចិញ្ចឹមជីវិតខ្លួនឯង មិនខ្ចីដើរសុំទានគេ
ចន្លោះមិនឃើញ
កំពុងអង្គុយដៃកាន់កូនកាំបិតសម្អាតគ្រឿងម៉ូតូ និងជួសជុលលោក ណាម តាក់ ប្រកបរបរនេះជាង ១០ឆ្នាំមកហើយ។
ឆ្លើយតបជាមួយ Sabay ទាំងដៃកំពុងតែជួសជុលម៉ូតូឲ្យភ្ញៀវ លោកបានរៀបរាប់ពីជីវិតរបស់លោកមុនពេលក្លាយជាជាងម៉ូតូដូចសព្វថ្ងៃនេះថា ក្រោយពីត្រូវភ្លើងឆេះកាលលោកមិនទាន់ដឹងក្ដី និងធ្វើឲ្យរាងកាយរបស់លោកមានស្នាក់ស្នាម ដៃមានបញ្ហាត្រូវកាត់ម្រាមចេញមួយចំនួន មិនអាចកាន់របស់របរអ្វីបានស្រួលដូចគេឯង ដោយត្រូវសរសៃទាញលោកមិនទាន់អស់សង្ឃឹមក្នុងជីវិតឡើយ។
បើទោះបីជីវិតលោករស់នៅក្នុងវត្ត និងតាមអង្គការដោយសារគ្រួសាររបស់ពុំមានលទ្ធភាពចិញ្ចឹមលោកក៏ដោយ នៅក្នុងអំឡុងឆ្នាំ ២០០១ លោកបានរស់នៅជាមួយអង្គការមួយនៅម្ដុំមន្ទីរពេទ្យ កៀនឃ្លាំង ក្រោមគំនិតមិនចង់រស់នៅបែបនេះលោកក៏សម្រេចចិត្តចេញ និងរកអ្វីធ្វើដោយខ្លួនឯងដើម្បីចិញ្ចឹមជីវិត។
ក្រោយពេលចាក់ចេញពីអង្គការនេះលោកបានសម្រេចចិត្តរៀនជំនាញជាងម៉ូតូ ព្រោះគិតថាចេះត្រឹមប៉ះកង និងបូមខ្យល់ម៉ូតូរកប្រាក់ចិញ្ចឹមក្រពះប៉ុណ្ណោះ។
បន្ទាប់ពីរៀនជំនាញនេះបានត្រឹម ៥៦ ថ្ងៃប៉ុណ្ណោះលោកក៏សូមមេជាងចេញ និងចង់ការគេលុយគេចំនួន ៣០០ ដុល្លារ ទិញធុងខ្យល់ដើម្បីប៉ះម៉ូតូនៅម្ដុំរង្វង់មូលជ្រោយចង្វា ត្រើយខាងកើតនិងបន្តរៀនធ្វើម៉ូតូបន្ថែមនៅថ្ងៃសៅរ៍ អាទិត្យ។
ក្រោយធ្វើបាន ២ឆ្នាំលោកក៏បានប្ដូរមកតាមម្ចាស់ដីដែលស្ថិតនៅក្បែរនេះដែរ និងបានជួលជាងមកបង្រៀនបន្ថែមនៅកន្លែង។
ប៉ះកងម៉ូតូរាល់ថ្ងៃ និងរៀនបន្ថែមបណ្ដើរលោក ណាម តាក់ ចេះធ្វើម៉ូតូបានច្រើននិងអាចរើគ្រឿងម៉ាស៊ីនម៉ូតូបាន។ បើទោះបីជារកចំណូលបានបន្តិចបន្តួចពី ២ ទៅ ៣ម៉ីនក្នុងមួយថ្ងៃលោកប្រាប់ថាមិនបានចំណាយលើអ្វីច្រើនទេព្រោះម្ចាស់ដីមិនបានយកថ្លៃឈ្នួល ថែមទាំងផ្ដល់បាយមួយពេលក្នុងមួយថ្ងៃសម្រាប់គ្រួសារលោកផងដែរ។
បើទោះជាត្រូវជួបការលំបាកច្រើនពេលធ្វើម៉ូតូពិបាកកាន់សោមានកម្លាំងមិនសូវគ្រប់ និងត្រូវភ្ញាក់ពីព្រលឹមម៉ោង ៦ និងត្រូវធ្វើរហូតដល់ម៉ោង ១០ ឬ ១១ យប់ក៏ដោយក៏លោកប្រាប់ថាជារបរសុចរិត និងមិនដើរសូមទានគេឡើយទោះខ្លួនពិកាបែបនេះ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
ចុចងានបន្ត៖